ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក និងដាក់ចេញឱ្យយកចិត្តទុកដាក់បន្ថែមលើការសរសេរអក្សរសាស្ត្រខ្មែរ និងបកប្រែភាសាបរទេស ឱ្យត្រូវនឹងភាសាសិល្បៈ នយោបាយ និងសេដ្ឋកិច្ច

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាល និងពិសាអាហារ ជាមួយអ្នកសិល្បៈក្មេងចាស់បុរាណ-សម័យគ្រប់ទម្រង់ ជិត៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹក និងដាក់ចេញឱ្យយកចិត្តទុកដាក់ ជាពិសេសទៅលើការសរសេរអក្សរសាស្ត្រខ្មែរ (អក្ខរាវិរុទ្ធ) បន្ទាប់ពីមានការប្រើប្រាស់ខុសឆ្គងជាច្រើននាពេលកន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំគួរតែបញ្ជាក់បន្តិចថា ការខិតខំរបស់យើង ត្រូវយកចិត្តទុកដាក់ ជាពិសេសទៅលើបញ្ហាអក្សរសាស្ត្រខ្មែរម្តង ដែលមកដល់ពេលនេះការប្រើប្រាស់ភាសាខ្មែរយើង មនុស្សមួយចំនួន ខ្ញុំឃើញការសរសេរពាក្យថា (ដែរ) ដូចជាខ្ញុំទៅដែរ ប៉ុន្តែ បែរជាសរសេរជា (ដ ដាក់ស្រ: ែ និង ល) ទៅវិញ នេះគឺជាចំណុចតូចមួយក្នុងចំណោមចំណុចនៃអក្សរសាស្ត្រខ្មែរដែលកំពុងតែវិវឌ្ឍន៍។

បច្ចុប្បន្ន ការប្រើប្រាស់បណ្តាញសង្គមកាន់តែច្រើន ហើយការសរសេរក៏មានការខុស ប៉ុន្តែ ការទម្លាប់សរសេរឱ្យបានត្រឹមត្រូវ វាក៏ជាការល្អដែរ ហើយសម័យនេះនៅក្នុងទូរស័ព្ទនីមួយៗ តែងមានវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត, ដូច្នេះយើងទាំងអស់គ្នា ត្រូវបន្តការខិតខំដើម្បីធ្វើយ៉ាងណា ពង្រឹងសមត្ថភាពអក្សរសាស្ត្រខ្មែរ សម្រាប់ប្រជាពលរដ្ឋរបស់យើង។

ជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំដល់រាជបណ្ឌិត្យសភាកម្ពុជា ពិសេសក្រុមប្រឹក្សាជាតិភាសាខ្មែរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការគ្នារៀបចំបកប្រែភាសាបរទេសថ្មីៗ នៅក្នុងវិស័យសិល្បៈ នយោបាយ និងសេដ្ឋកិច្ច ដែលកំពុងមានការប្រើប្រាស់កាន់តែច្រើនឡើងៗនៅលើបណ្ដាញសង្គម ដើម្បីពង្រឹងភាពត្រឹមត្រូវឡើងវិញ និងបង្កើនចំណេះដឹងផ្នែកអក្សរសាស្ត្រខ្មែរផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម