Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រធំកំពុងដំណើរការជិត ២ពាន់រោងចក្រ

ភ្នំពេញ៖ បច្ចុប្បន្ននេះ រោងចក្រឧស្សាហកម្មធុនធំ កំពុងដំណើរការនៅកម្ពុជា មានចំនួនជិត ២ពាន់រោងចក្រ បានកើនឡើងជាង ៥ភាគរយ ខណៈមានទុនវិនិយោគសរុបជាង ១៦ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២១ភាគរយ។

បើតាមឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា រោងចក្រធុនធំ ដែលកំពុងដំណើរការមានចំនួន ១៩៨២រោងចក្រ មានការកើនឡើងជាង ៥ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១ និងកើនឡើងជាង ៣០ ក្នុងនោះ បានផ្តល់ឱកាសការងារមានចំនួនជាង ១លានកន្លែង (ស្ត្រីមានជាង ៧៥ភាគរយ) មានការកើនឡើងជាង ៤% បើធៀបទៅនឹងឆ្នាំ២០២១ និងមានទុនវិនិយោគសរុបជាង ១៦,៦៩ពាន់លានដុល្លារអាមេរិក មានការកើនឡើងជិត ២១ ភាគរយ បើធៀបនឹងឆ្នាំមុន។

ឯកឧត្តម បានបញ្ជាក់ថា ប្រភពវិនិយោគទាំងក្នុង និងក្រៅស្រុក សរុបមានចំនួន ២៩ប្រភព។ វិស័យឧស្សាហកម្ម នៅតែរក្សាបានស្ថិរភាពល្អប្រសើរ បន្ទាប់ពីប្រឈមនឹងឥទ្ធិពលជំងឺកូវីដ-១៩ ដែលធ្លាប់បន្ទុចបង្អាក់ដំណើរការរោងចក្រ និងថយការបញ្ជាទិញមួយចំនួននាពេលកន្លងមក។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ចំណែកតម្លៃបរិមាណផលិតផលសរុប គឺមានចំនួនជាង ១៥,៨៣ពាន់លានដុល្លារអាមេរិក មានការកើនឡើង ៨៣ភាគរយ បើធៀបនឹងឆ្នាំមុន ក្នុងនោះ តម្លៃបរិមាណផលិតផលសម្រាប់បម្រើទីផ្សារក្នុងស្រុកមានចំនួនជាង ៤៣៥៣លានដុល្លារអាមេរិក និងតម្លៃបរិមាណផលិតផលសម្រាប់ធ្វើការនាំចេញមានចំនួនជាង ១១,៤៨ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា នៅឆ្នាំ ២០២២កន្លងទៅ មានរោងចក្រថ្មីកើតឡើងចំនួន ១៨៦ រោងចក្រ ខណៈដែលមានរោងចក្រ បិទទ្វារចំនួន ៨៣ រោងចក្រ។ ហើយបន្ទាប់ពីជំងឺកូវីដ-១៩ រោងចក្រកើតថ្មី មានកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ បើធៀបនឹងស្ថានភាពពេលដែលរោងចក្របិទទ្វារ៕

×