ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យប្រទេសមានមរតកវប្បធម៌ស្រដៀងគ្នា បញ្ឈប់វិវាទ រកពេលជជែកគ្នារិះរកគន្លឹះ និងសាងសង់ព្រះបដិមា ឱ្យត្រូវតាមរចនាបទ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យបញ្ឈប់ការទាមទារធ្វើជាម្ចាស់កម្មសិទ្ធិលើមរតកវប្បធម៌នានា រវាងប្រទេសមានវប្បធម៌ស្រដៀងគ្នា ប៉ុន្តែត្រូវរៀបចំពេលវេលាជជែកគ្នា រវាងប្រទេសមានមរតកវប្បធម៌ស្រដៀងគ្នា ដើម្បីបញ្ចប់វិវាទ និងការទាមទារម្ចាស់កម្មសិទ្ធិលើសម្បត្តិមរតកវប្បធម៌ទាំងនោះ ខណ: សម្ដេចតេជោណែនាំឱ្យយកចិត្តទុកដាក់ លើការសាងសង់ព្រះបដិមា ឬរូបសំណាកផ្សេងៗ ត្រូវសង់ឲ្យត្រូវទៅតាមរចនាបទ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានេះ ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញជួបសំណេះសំណាល និងពិសាអាហារ ជាមួយអ្នកសិល្បៈក្មេងចាស់បុរាណ-សម័យគ្រប់ទម្រង់ ជិត ៤ពាន់ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។

ទាក់ទងនឹងមរតកវប្បធម៌ស្រដៀងគ្នា សម្តេចតេជោ បានលើកឡើងពីករណីពាក់ព័ន្ធបញ្ហា «គុនខ្មែរ និងមួយថៃ» ដែលកម្ពុជា និងថៃ បានជជែកវែកញែកគ្នា ដើម្បីធ្វើជាកម្មសិទ្ធិរៀងៗខ្លួន ដោយហេតុថា ប្រដាល់នេះ កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា សុទ្ធតែមានដូចគ្នា ដូច្នេះអាចគួរមានការពិភាក្សាគ្នា ដើម្បីរកចំណុចរួមមួយ។

អ៊ីចឹង សម្តេចតេជោ ហ៊ុន សែន មានគំនិតផ្តួចផ្តើមមួយ គឺចង់ឱ្យប្រទេសមានមរតកវប្បធម៌ស្រដៀងគ្នា ស្នើដាក់សម្បត្តិវប្បធម៌ស្រដៀងគ្នានោះ ជាសម្បត្តិបេតិកភណ្ឌពិភពលោករួមគ្នា ដោយរំពឹងថា គំនិតផ្តួចផ្តើមនេះ មេដឹកនាំថៃ និងឡាវ ដែលមានសម្បត្តិវប្បធម៌ស្រដៀងនឹងកម្ពុជា អាចពិចារណា។

ទាក់ទងទៅនឹងការសាងសង់ព្រះបដិមា ឬក៏រូបសំណាកផ្សេងៗវិញ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ពេលអភិសេកហើយ អត់មាននរណាទៅប៉ះពាល់បានទេ អញ្ចឹងរូបនេះរក្សាបាន ១០០ ទៅ ២០០ឆ្នាំ លើកលែងតែអាពតទេ ដែលវាវាយចោលនោះ ក្រៅពីនោះអត់មានរណាហ៊ានទៅវាយទេ។ ដូច្នេះ ស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយកចិត្តទុកដាក់ទៅលើបញ្ហានេះ។

បើតាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានសម្រេចរួចហើយ ក្នុងចំណោមសិស្ស ១លាន៥សែននាក់ ដែលត្រូវទទួលនូវការបណ្តុះបណ្តាល គឺទុក២ទៅ៤ភាគរយ សម្រាប់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបណ្តុះបណ្តាលនូវមរតកដូនតា, ព្រោះ អ្វីដែលសម្ដេចភ័យបំផុតនោះ គឺការបាត់បង់នូវមរតកវប្បធម៌របស់ខ្មែរ ព្រោះតែការចម្រើនលូតលាស់នៃបច្ចេកវិទ្យាទំនើប ដូច្នេះត្រូវមានអ្នកចេះដឹង អ្នកមានជំនាញផ្នែកមរតកវប្បធម៌ ដូចជាការសាងសង់ព្រះបដិមា ក៏ដូចជារូបសំណាក់ផ្សេងៗ ឱ្យត្រូវទៅតាមក្បួនខ្នាតរចនាបទ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម