ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ស្របតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីជំនួបជាមួយអ្នកសារព័ត៌មាន ដូច្នេះទើបក្រសួងព័ត៌មានរៀបចំធ្វើសិក្ខាសាលាដល់អ្នកកាសែត អនឡាញ ដើម្បីបានបង្កើនវិជ្ជាជីវៈ ក៏ដូចជាបង្កើននូវសមត្ថភាព និងកិត្យានុភាពរបស់ អ្នកកាសែតអនឡាញ ដើម្បីឱ្យស្របតាមការរីកចម្រើន នៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ នាសណ្ឋាគារភ្នំពេញ ក្រសួងព័ត៌មានបានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី « អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងគន្លឹះក្នុងការធ្វើសេចក្តីរាយការណ៍ព័ត៌មាន តាមបណ្ដាញទំនាក់ទំនងសង្គម » ។ វគ្គបណ្តុះបណ្ដាលនេះ មានគោលបំណង ដើម្បីពង្រឹងគុណភាព និងតម្រង់ទិសអ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានអនឡាញ ក្នុងការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួនឱ្យបានល្អប្រសើរ ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា អ្នកសារព័ត៌មានដែលផ្សាយព័ត៌មានពិតត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវ ក្រោះយ៉ាងសំខាន់ ហើយឯកឧត្តមបានថ្លែងថា ជាសិទ្ធិអ្នកណាក៏អាចធ្វើជាអ្នកកាសែត ឬបួសជាសង្ឃបានដែរ តែពេលបានហើយត្រូវតែអនុវត្តន៍ឱ្យបាននូវវិជ្ជាជីវៈ និងក្រមសីលធម៌ របស់ខ្លួន ដូចនេះអ្នកកាសែតគ្រប់រូបត្រូវយល់ឱ្យបានច្បាស់ ថាអ្វីទៅគឺជាតួនាទី អ្វីជាសិទ្ធិឯកជន អ្វីគឺជាក្រ មសីលធម៌វិជ្ជាជីវៈ។ ក្រមសីលធម៌វិជ្ជាជីវៈគឺជាអាវក្រោះ ហើយអ្វីទៅគឺជាអាវក្រោះ ហើយពាក់យ៉ាងម៉េច អ្នកកាសែតគឺជាវិជ្ជាជីវៈសេរី មិនមែនទាល់តែប្រឡងជាប់ចេញពីសាលាកាសែត មិនចាំបាច់មានសញ្ញាបត្រអ្វីទេ ធ្វើកាសែតអ្នកណាក៏បានដែរ។ ដូច្នេះហើយទើបយើងឃើញហើយនៅក្នុងរដ្ឋធម្មនុញ្ញនៅកម្ពុជា គឺបានដាក់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិធ្វើសារព័ត៌មាន។ អីចឹងបានន័យថា នរ ណាក៏ធ្វើកាសែតបាន ដែរ ប៉ុន្តែអ្នកណាក៏ធ្វើកាសែតបាន ហើយដើម្បីសរសេរកាសែតមួយដែលមានទំនួលខុស ត្រូវគឺខុសគ្នា ដូចនរណាក៏បួសលោកសង្ឃបានដែរប៉ុន្តែនៅពេលដែលធ្វើជាសង្ឃហើយត្រូវមានក្រមវិន័យរបស់សង្ឃ ក្រមវិន័យអ្នកសារព័ត៌មាន។

ឯកឧត្តមក៏បានលើកឡើងថា អ្នកណាក៏សរសេរកាសែតបានដែរ ប៉ុន្តែនៅពេលដែលយើងចាប់សរសេរហើយ ការទទួលខុសត្រូវរបស់យើងគឺមានជាប់ជាមួយភ្លាម។ អីចឹងការទទួលខុសត្រូវរបស់យើងចំពោះសង្គម ចំពោះសហគមន៍ ជាពិសេស ទៅទៀតនោះនៅក្នុងវិស័យសម័យឌីជីថលនេះវាខុសអំពីសម័យមុន។ នៅសម័យមុន ទាល់តែយើង មានកាសែត មានស្ថានីយវិទ្យុ មានទូរទស្សន៍ ទើបយើងអាចផ្សាយបាន។ ឥឡូវនេះអ្នកណា ក៏អាចផ្សាយបានដែរ មានទូរសព្ទស្មាត ហ្វូនមួយ គឺអាចផ្សាយបានដែរ៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី







