ភ្នំពេញ ៖ ការប្រឡងប្រជែងជ្រើសរើសកម្រិតអ្នកមានកាយសម្បទាមាំមួន ចំណេះដឹងទូទៅល្អ ជំនាញផ្សេងៗក្រោយការហ្វឹកហាត់ និងភាសាអង់គ្លេស ជាប្រធានបទសម្រាប់សម័យប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មី នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ដែលក្រសួងការពារជាតិ បានបើកដំណើរការប្រឡងនាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣។

ការប្រឡងនេះ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោពលខេមរភូមិន្ទ, ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រឡងជ្រើសរើស។
បេក្ខជននាយទាហានមានចំនួន ៦,៣៩៩នាក់ ក្នុងនោះមានបេក្ខជនជានារីចំនួន ២,៩៩៨នាក់ បានចូលរួមប្រឡងប្រជែងនៅតាមមណ្ឌលចំនួន៤ ក្នុងរាជធានីភ្នំពេញ។ ការប្រឡងប្រជែងមាន ៤វគ្គ រួមមាន ÷
១- វគ្គនាយទាហានសកម្មជំនាន់ទី២៥,
២- វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១៣,
៣- វគ្គនាយទាហានបន្តវេនជំនាន់ទី១៤, និង
៤- វគ្គនាយទាហានជំនាញបច្ចេកទេសយោធា,

បើតាមឧត្តមសេនីយ៍ឯក ប៊ុត ភាព នាយកសាលានាយទាហានសកម្ម (ត្មាតពង) បានឱ្យដឹងថា ការប្រឡងប្រជែងនេះ គឺជ្រើសរើសតាមកម្រិតសមត្ថភាពរបស់បេក្ខជន ដើម្បីស្វែងរកអ្នកមាន កាយសម្បទាមាំមួន មានចំណេះដឹងទូទៅ និងភាសាអង់គ្លេស សម្រាប់ឱ្យពួកគេចូលបំពេញកម្មសិក្សានាយទាហាន នៃកងយោធពលខេមរភូមិន្ទ បន្ទាប់មក នឹងចូលបម្រើការនៅតាមអង្គភាពនៃស្ថាប័នក្រសួងការពារជាតិ។
មណ្ឌលប្រឡង រួមមាន ÷
១- មណ្ឌលប្រឡងវិទ្យាល័យ ជា ស៉ីម សន្ធរមុខ (អគារបឋមសិក្សាសន្ធរមុខ = ប្រឡងវគ្គនាយទាហានសកម្មជំនាន់ទី២៥),
២- មណ្ឌលប្រឡងវិទ្យាល័យ និងឋមសិក្សាបាក់ទូក (ប្រឡងវគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១៣),
៣- មណ្ឌលប្រឡងវិទ្យាល័យឥន្ទ្រទេវី និងមណ្ឌលវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ (វគ្គនាយទាហានបន្តវេនជំនាន់ទី១៤) និង

៤- មណ្ឌលប្រឡងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ (សម្រាប់វគ្គនាយទាហានបច្ចេកទេសយោធា)។
លោកឧត្តមសេនីយ៍ឯក ប៊ុត ភាព បានឱ្យដឹងទៀតថា សម្រាប់កម្មវិធីប្រឡងវិញ្ញាសាកាយសម្បទា និងកីឡា នឹងធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣, សម្រាប់វគ្គនាយទាហានសកម្មជំនាន់ទី២៥ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែមីនា, សម្រាប់ការប្រឡងនាយទាហានទ័ពជើងគោកជំនាន់ទី១៣ នឹងធ្វើឡើងនៅថ្ងៃទី៨ ខែមីនា, ចំណែកការប្រឡងវគ្គនាយទាហានបន្តវេនជំនាន់ទី១៤ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធា ទីតាំងប្រឡង ធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពពិសេស (សូមសាកសួរកាលបរិច្ឆេទបន្ថែម)៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

















