ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ជំរុញដល់កំណើនសេដ្ឋកិច្ច និងផលិតកម្មនៅក្នុងស្រុក កម្ពុជាកំពុងផ្ដល់នូវការរៀបចំការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់និស្សិតក្រីក្រចំនួន ១,៥ លាននាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុប១,៧២៨នាក់ នារី ៦៨៤នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យពេលកន្លងមក។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ គឺនៅសល់រយៈពេលតែ៦០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។សម្តេចតេចជោបានប្រសាសន៍ថា ក្នុងស្ថានភាពកូវីដ-១៩ ការសិក្សាអប់រំ បណ្តុះបណ្តាល ត្រូវបានធ្វើឡើងតាមរបត់ថ្មី ជាពិសេសតាមអនឡាញ។ទោះជាបែបនេះក្តី ដំណើរការបណ្តុះបណ្តាលនៅតែបន្ត រហូតដល់កម្ពុជាអាចមានលទ្ធភាពបើកប្រទេសឡើង និងដំណើរការប្រក្រតីភាព។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍កោតសរសើរដល់វិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបានប្រឹងប្រែងក្នុងការកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សវិជ្ជាជីវៈ និងនិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិត បរិញ្ញាបត្រជាន់ខ្ពស់ ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ។

ពាក់ព័ន្ធនឹងស្ថានភាពកូវីដ១៩ សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជាបានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋគ្រប់រូប ដែលពេលនោះយើងហៅថា ចាក់ស្រោចវ៉ាក់សាំង ហើយពេលនេះសម្តេចសូមហៅថា «មុជវ៉ាក់សាំង»តែម្តង ដែលធ្វើឱ្យកម្ពុជាមានលទ្ធផលបើកប្រទេសឡើងវិញ ដំណើរការសង្គម និងសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍មិនអត់ឱនឱ្យនរណាឡើយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជាត្រូវតែរក្សាសុខសន្តិភាពនេះឱ្យបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
សម្តេចតេជោបានមានប្រសាសន៍ទៅកាន់បរទេសខ្លះ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងសូមកុំបង្កើតកំហុស និងសោកនាដកម្មជាថ្មីមកលើប្រទេសកម្ពុជា។សូមកុំតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែបែរជាគាំទ្រសង្គ្រាមទៅវិញ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់ភាពអត់ឃ្លានក្នុងពេលអតីតកាល តែមកដល់ពេលនេះកម្ពុជាបានក្លាយជាប្រទេសដែលមានផលិតកម្មកសិកម្មខ្ពស់ ដូចជា៖ ស្រូវ ពោត ដំបូង និងផលិតផលដ៏ទៃ ដែលកម្ពុជាកំពុងមានតម្រូវការនាំចេញទៅកាន់ទីផ្សារបរទេស ក្រៅពីផ្គត់ផ្គង់តម្រូវនៅក្នុងស្រុក។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមគិតគូរប្រុងប្រយ័ត្នខ្ពស់បញ្ហាសុខភាព ខណៈដែលពិភពលោកកំពុងមានការប្រែប្រួលអាកាសធាតុ ដែលនាំដោយមានជំងឺច្រើន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជា បានឆ្លងកាត់វាល៣ ដែលជាទុក្ខលំបាក ក្នុងនោះមាន វាលទី១ គឺវាលសង្គ្រាម វាលទី២ គឺវាលអត់ឃ្លាន ដូចជាជំនាន់ ប៉ុល ពត ពលរដ្ឋស្លាប់ព្រោះអត់ឃ្លាន ប៉ុន្ដែកម្ពុជាបានឆ្លងផុតរួចហើយ។ ប៉ុន្ដែវាលទី៣ គឺជំងឺឆ្លង ដែលកម្ពុជាកំពុងហែលឆ្លង ពីព្រោះបញ្ហាជំងឺនេះ បានកើតឡើងជាបន្តបន្ទាប់ រាប់ចាប់តាំងពីជំងឺផ្ដាសាយបក្សី ជំងឺសារជ្រូក និងជំងឺកូវីដ-១៩ ជាដើម ដែលវាបានបំប្លែងខ្លួនជាបន្តបន្ទាប់នោះ។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ឡើងវិញទៀតថា ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច និងផលិតកម្មនៅក្នុងស្រុក កម្ពុជាកំពុងផ្ដល់នូវការរៀបចំការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់និស្សិតក្រីក្រចំនួន ១,៥ លាននាក់។​

សម្តេចតេជោ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពជា កើតចេញពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងបំពេញគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងនោះមាននយោបាយគាំពារសង្គម និងប្រជាពលរដ្ឋ ដែលគោលបយោបាយទាំងនោះត្រូវបានអនុវត្តន៍ និងទទួលផលរួចមកហើយ។សម្តេចតេជោ បានបញ្ជាក់ថា ពេលនេះ សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនល្អទេ ទាំងនៅអាមេរិក និងនៅអឺរ៉ុប ជាពិសេសគឺនៅអឺរ៉ុបនេះតែម្ដង។ថ្វីត្បិតពេលនេះ មិនបង្កនូវបញ្ហាធ្ងន់ធ្ងរ ប៉ុន្ដែស្ថានភាពនេះបានធ្វើឱ្យ ប៉ះពាល់ដល់អតិផរណានៅគ្រប់ប្រទេសទាំងអស់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពេលកូវីដ-១៩ផ្ទុះឡើង មានកម្មកររាប់លានដាក់អត់ការងារធ្វើ នៅទូទាំងពិភពលោក។ សម្តេចតេជោក៏បានប្រកាសគាំពារដល់កម្មករ ដែលត្រូវរោងចក្រព្យួរ និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ រហូតដល់ពួកគេ មានលទ្ធភាពកសាងលទ្ធកម្មជីវភាពល្អប្រសើរឡើងវិញ។

នៅថ្ងៃនេះ សម្ដេចតេជោបានណែនាំដល់អភិបាលរាជធានីភ្នំពេញ ក្នុងការរៀបចំរថយន្តក្រុងដឹកអ្នកដំណើរ ជាពិសេសដឹកបងប្អូនប្រជាពលរដ្ឋទៅលេងតាមបណ្ដាខេត្តសំខាន់ៗក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដូចជាទៅលេងខេត្តសៀមរាបអង្គរជាដើម ដែលត្រូវរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅទីនោះ។ សម្តេចតេជោក៏បានអំពាវនាវដល់បងប្អនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ទោះធ្លាប់ជេរប្រមាថ រិះគន់ គណបក្សប្រជាជនកម្ពុជា, រាជរដ្ឋាភិបាល និងសម្តេចក៏ដោយ សូមអញ្ជើញមកលេងស្រុកកំណើតរបស់ខ្លួនដោយមិនមានការចាប់ចង ឬធ្វើទុក្ខបុកម្នេញ ដូចការបំផុសព័ត៌មានបំពុលរបស់ក្រុមអគតិមួយចំនួននោះទេ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម