Wednesday, March 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន ប្ដេជ្ញាពង្រឹកការពារទីក្រុងបាក់មូត ថ្វីបើការវាយប្រយុទ្ធគ្នាកាន់តែខ្លាំងក្លា

រដ្ឋធានីកៀវ៖ ស្របពេលកម្លាំងទាហានរបស់រដ្ឋាភិបាលក្រុងមូស្គូ និង ទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុនវ៉េគណឺរ (Wagner Group) កំពុងតែងបង្កើននូវការវាយប្រហារ ដើម្បីដណ្ដើមគ្រប់គ្រង នៅតំបន់ដូនបាស់ (Donbas) ទាំងមូលនោះ រដ្ឋាភិបាលក្រុងកៀវ បានបង្ហាញនូវការតាំងចិត្តរបស់ខ្លួន ត្រូវតែប្រយុទ្ធតស៊ូ គ្រប់គ្រងសមរភូមិសាច់ហុតឈាមគ្នា នៅតំបន់ទីក្រុងភាគខាងកើត ប្រទេសរបស់ខ្លួន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ ថា ក្រុមមេទាហានរបស់អ៊ុយក្រែន បានប្ដេជ្ញាចិត្ដ កាន់កាប់ទីក្រុងបាក់មូត (Bakhmut) ថ្វីបើកម្លាំងទាហានរបស់រុស្ស៊ី បានឡោមព័ទ្ធទីក្រុងភាគខាងកើត ដែលបានរងនូវការបំផ្លិចបំផ្លាញ ខណៈពួកគេបានតស៊ូប្រយុទ្ធយ៉ាងក្រាញននៀល អស់រយៈពេលជាច្រើនខែកន្លងមកនេះ ដោយបានបាត់បង់អាយុជីវិតមនុស្ស រាប់ពាន់នាក់។

ការិយាល័យរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា គាត់បានពិភាក្សា អំពីប្រតិបត្ដិការ នៅទីក្រុងបាក់មូត ជាមួយនឹងនាយអគ្គសេនាធិការ និង មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃចន្ទ។ មេទ័ពទាំង២រូបនេះ បាននិយាយ អំពីការពង្រឹងទីតាំងឈរជើង នៅលើសមរភូមិ ទីក្រុងបាក់មូត ហើយកំពុងតែបន្ដប្រតិបត្ដិការពារ។

ទាហានរុស្ស៊ី កំពុងតែបាញ់ផ្លោងយ៉ាងខ្លាំង ដាក់ទីក្រុងបាក់មូត ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk) និង ភូមិនានា នៅជិតតំបន់នោះ ដោយសារតែក្រុងមូស្កូ កំពុងតែបង្កើននូវការវាយលុកយ៉ាងខ្លាំង ព្យាយាមគ្រប់គ្រងទីក្រុងមួយនេះ។ ចំណែកទីក្រុងចាស៊ីវយ៉ា (Chasiv Yar) និង ទីក្រុងកូស្ដានទីនីវកា (Kostiantynivka) នៅជិតតំបន់នោះ ក៏កំពុងតែស្ថិតក្រោមការបាញ់ផ្លោងយ៉ាងខ្លាំង ដែលបានបណ្ដាលឲ្យខូចខាតផ្ទះសម្បែង និង បង្កនូវគ្រោះអគ្គិភ័យឆាបឆេះឡើង។ ប៉ុន្ដែភ្លាមៗនោះ គេនៅមិនទាន់មានរបាយការណ៍ អំពីចំនួនមនុស្សស្លាប់ និង របួសនៅឡើយ។

ដោយឡែក ប៉ូលិស និង ក្រុមអ្នកស្ម័គ្រចិត្ត បានជម្លៀសប្រជាជន ចេញពីទីក្រុង Chasiv Yar និង ទីក្រុងនានា ដែលជាសមរភូមិក្ដៅ រងការបាញ់ផ្លោង ពីកាំភ្លើងធំ។ ឥឡូវនេះ កម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលក្រុងមូស្គូ និង កម្លាំងទាហានស៊ីឈ្នួលរបស់រុស្សី មកពីក្រុមហ៊ុន Wagner Group កំពុងតែព្យាយាមឡោមព័ទ្ធទីក្រុងបាក់មូត (Bakhmut) ដើម្បីទទួលបាននូវជ័យជម្នះដ៏ធំធេង ជាលើកដំបូងរបស់ខ្លួន នៅក្នុងសង្គ្រាមនាភាគខាងកើត អស់រយៈពេលជាងកន្លះឆ្នាំមកនេះ។ ការចាប់យកទីក្រុងនេះ នឹងក្លាយជាចំណុចក្ដៅ នៃការវាយប្រយុទ្ធគ្នា នៅក្នុងរដូវរងា រហូតនាំឲ្យមានប្រយុទ្ធគ្នា យ៉ាងបង្ហូរឈាម។

ជាមួយគ្នានេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ ថា ថ្វីបើទីក្រុងភាគខាងកើត របស់ប្រទេសអ៊ុយក្រែន អាចនឹងធ្លាក់ទៅក្រោមកណ្ដាប់ដៃរបស់រុស្ស៊ី យ៉ាងណាក៏ដោយ ក៏វាមិនមានន័យ ថា ស្ថានការណ៍សង្គ្រាមនេះ មានសន្ទុះប្រែបួលខ្លាំងនោះដែរ។

លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានថ្លែង ទៅកាន់ក្រុមអ្នកកាសែត នៅឯតំបន់មជ្ឈិមបូព៌ា ថា គាត់នឹងមិនអាចទស្សន៍ទាយ ថា នៅពេលណា ឬ ប្រសិនបើកងទ័ពអ៊ុយក្រែន អាចនឹងចាកចេញ ពីទីក្រុងបាក់មូតនោះទេ ប៉ុន្តែការដួលរលំរបស់ទីក្រុងមួយនេះ នឹងមិនមែន មានន័យ ថា រុស្ស៊ី បានផ្លាស់ប្តូរនិន្នាការប្រយុទ្ធនោះដែរ។

លោក អូឡែកសាន់ដឺរ ស៊ីស្គី (Oleksandr Syrskyi) មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន ដែលបានធ្វើដំណើរទៅកាន់ទីក្រុងបាក់មូត កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ ថា ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group កំពុងតែបោះកម្លាំងបន្ថែម ចូលនៅក្នុងការប្រយុទ្ធនេះ ប៉ុន្ដែកងទ័ពអ៊ុយក្រែន កំពុងតែប្រយុទ្ធនៅឡើយ។

លោក វ៉ូឡូឌីមៀរ ណាហ្សារ៉ែនកូ (Volodymyr Nazarenko) មេបញ្ជាការកងទ័ពអ៊ុយក្រែន ស្ថិតក្នុងទីក្រុងបាក់មូត បានបញ្ជាក់ ថា រហូតមកដល់ពេលនេះ នៅមិនទាន់មានបញ្ជា ឲ្យដកកងទ័ពចេញនៅឡើយ។ ឥឡូវយើងកំពុងតែការពារទីតាំងឈរជើងយ៉ាងរឹងមាំ ថ្វីបើការប្រយុទ្ធគ្នា កំពុងតែស្ថិតក្នុងស្ថានការណ៍ដ៏ធ្ងន់ធ្ងរយ៉ាងក៏ដោយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×