Sunday, January 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់ នឹងវាយបកលើកងទ័ពចិន ប្រសិនចូលលុកលុយមកលើដែនកោះរបស់ខ្លួន

ទីក្រុងតៃប៉ិ៖ ក្រោយពេលក្រុមមន្រ្ដីជាន់ខ្ពស់ មន្ទីរបញ្ចកោណ បានប្រកាស ថា កងទ័ពរំដោះប្រជាជនចិន អាចនឹងមានសមត្ថភាព វាយលុកទៅលើកោះតៃវ៉ាន់ នៅក្នុងឆ្នាំ២០២៧ នោះមក ក្រុងតៃប៉ិ បានបង្កើននូវការទិញគ្រឿងសឹកទំនើបៗ មកពីសហរដ្ឋអាមេរិក ត្រៀមប្រុងជើងការ ធ្វើសង្គ្រាមជាមួយនឹងក្រុងប៉េកាំង ហើយឥឡូវនេះ ប្រមុខការពារជាតិ នៃដែនកោះមួយនេះ បានព្រមានយ៉ាងខ្លាំង ទៅលើប្រទេសចិន។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ ថា លោក ឈូ គូឆេង (Chiu Kuo-cheng) រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ បានព្រមាន កាលពីថ្ងៃចន្ទ ថា កោះតៃវ៉ាន់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្ន នៅឆ្នាំ២០២៣នេះ ជុំវិញលទ្ធភាពធ្វើសកម្មភាពភ្លាមៗរបស់យោធាចិន ចូលមកក្នុងតំបន់ កាន់តែកៀកនឹងទឹកដីរបស់ខ្លួន ខណៈមានភាពតានតឹង នៅតែបន្តកើនឡើង នៅច្រកសមុទ្រតៃវ៉ាន់។

ចិន បានបង្កើនសកម្មភាពរបស់យោធាខ្លួន នៅជុំវិញតៃវ៉ាន់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានទាំងការបញ្ជូនយន្តហោះយោធា នាវាចម្បាំង និង នាវាផ្ទុកយន្ដហោះ ចូលមកកាន់តំបន់ការពារដែនអាកាស ហៅកាត់ ADIZ របស់កោះតៃវ៉ាន់។ ប៉ុន្ដែ តៃវ៉ាន់ នៅតែមិនទាន់រាយការណ៍ អំពីឧបទ្ទវហេតុណាមួយ ជុំវិញសកម្មភាពរបស់កងទ័ពចិន ចូលមកក្នុងតំបន់សមុទ្រ លាតសន្ធឹងចម្ងាយ៤៤,៤គីឡូម៉ែត្រ ពីបណ្តោយឆ្នេររបស់ខ្លួននៅឡើយ។

លោក រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ បានថ្លែងទៅកាន់តំណាងរាស្រ្ដ នៅក្នុងសភា ថា នៅក្នុងឆ្នាំនេះ យោធាចិន ទំនងជាអាចនឹងរកលេស ធ្វើសកម្មភាព ចូលមកតំបន់កាន់តែកៀកទៅនឹងដែនសមុទ្រ ក៏ដូចជា ដែនអាកាសរបស់តៃវ៉ាន់ ខណៈដែនកោះនេះ កំពុងតែបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធាឲ្យកាន់តែស៊ីជម្រៅ ជាមួយសហរដ្ឋអាមេរិក។

លោករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ ថា កងទ័ពចិន អាចនឹងធ្វើសកម្មភាពភ្លាមៗ ចូលទៅក្នុងតំបន់សមុទ្ររបស់តៃវ៉ាន់ ហើយខិតមករឹតតែកៀកនឹងដែនទឹករបស់តៃវ៉ាន់ ដែលមានចម្ងាយប្រហែលជាង២២គីឡូម៉ែត្រ ពីឆ្នេរ។ ស្របគ្នានេះ តៃវ៉ាន់ បានប្តេជ្ញាប្រើប្រាស់សិទ្ធិការពាររបស់ខ្លួន នឹងវាយបកតបតទៅវិញ ប្រសិនបើកងទ័ពចិន ចូលមកក្នុងទឹកដីរបស់ខ្លួន។

ការលើកឡើងរបស់លោករដ្ឋមន្រ្ដី បានកើតឡើង ស្របគ្នានឹងសហរដ្ឋអាមេរិក បានយល់ព្រមលក់គ្រឿងយុទ្ធោបករណ៍ថ្មីបន្ថែមទៀត មានទំហំទឹកប្រាក់ ៦១៩លានដុល្លារ ទៅឱ្យតៃវ៉ាន់ រួមទាំងមីស៊ីល សម្រាប់កងយន្ដហោះចម្បាំងដ៏ទំនើប F-16 របស់ដែនកោះមួយនេះ។

មន្ទីរបញ្ចកោណ បានបញ្ជាក់ កាលពីថ្ងៃទី២ ខែមីនា ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តនូវការលក់គ្រឿងសព្វាវុធដ៏មានសក្ដានុពល និង សម្ភារសឹក ទៅឲ្យកោះតៃវ៉ាន់ រួមមាន មីស៊ីលដ៏ទំនើបបាញ់ពីលើអាកាសទៅលើអាកាសរយៈចម្ងាយមធ្យមប្រឆាំងនឹងយន្ដហោះ (AMRAAM) ចំនួន ២០០ដើម និង មីស៊ីល AGM-88B HARM ចំនួន១០០គ្រឿង ដែលអាចបាញ់ចេញពីស្ថានីយរាដានៅលើដី។ ការលក់គ្រឿងសព្វាវុធតាមសំណើរបស់តៃវ៉ាន់ នេះ នឹងរួមចំណែកដល់ការបង្កើនសមត្ថភាពរបស់កងទ័ពដែនកោះមួយនេះ នៅក្នុងការការពារដែនអាកាសរបស់ខ្លួន សន្តិសុខក្នុងតំបន់ និង អន្តរប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក»។

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ ថា «មីស៊ីលទាំងនេះ នឹងជួយការពារដែនអាកាស ប្រកបដោយប្រសិទ្ធភាព សម្រាប់ដោះស្រាយនូវការគំរាមកំហែង និង ការបង្កហេតុ ពីកងទ័ពរំដោះប្រជាជនចិន ហើយនឹងពង្រឹងនូវឃ្លាំងអាវុធការពារបន្ថែមទៀត។

ក្រុងប៉េកាំង តែងតែអះអាង ថា តៃវ៉ាន់ ជាដែនដីរបស់ចិន ហើយក្រុងប៉េកាំង នឹងប្រើប្រាស់កម្លាំងយោធា រឹបអូសយកដែនកោះមួយនេះ ប្រសិនបើមានការចាំបាច់ណាមួយកើតឡើង។ ជាមួយនឹងការអះអាងបែបនេះ ចិន តែងតែបញ្ជូនយន្ដហោះយោធា យន្ដហោះទម្លាក់គ្រាប់បែក នាវាផ្ទុកយន្ដហោះ និង នាវាចម្បាំង ទៅជិតដែនកោះគ្រប់គ្រងដោយខ្លួនឯងតាមបែបប្រជាធិបតេយ្យ ដើម្បីបង្កើនការបំភិតបំភ័យ ជំរុញឲ្យក្រុងតៃប៉ិ ព្រមទទួលយកនូវដែនអធិបតេយ្យភាពរបស់ខ្លួន។

ដោយឡែក លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ តែងតែបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងរបស់ចិន។ លោកស្រី បានសង្កត់ធ្ងន់ ថា បើទោះជាអស់នៅក្នុងតម្លៃណាក៏ដោយ តៃវ៉ាន់ នៅតែការពារដែនដីរបស់ខ្លួនឲ្យខាងតែបាន ហើយមានតែប្រជាជនរបស់ដែនកោះមួយនេះទេ ទើបមានសិទ្ធិអាចសម្រេចបាននូវជោគវាសនារបស់ពួកគេ។

លោក អេនដ័រ ហ្វគ រ៉ាស្មូសសេន (Anders Fogh Rasmussen) អតីតអគ្គលេខាធិការ អង្គការណាតូ និង ជាអតីតនាយករដ្ឋមន្រ្ដីដាណឺម៉ាក បានបញ្ជាក់ ថា «ប្រទេស ជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធ និង ជំនួយយោធាដ៏សំខាន់បំផុត ជួយដល់តៃវ៉ាន់ មានតែសហរដ្ឋអាមេរិក។ ប៉ុន្ដែអឺរ៉ុប អាចជួយដល់ក្រុងតៃប៉ិ តាមវិធីសាស្រ្ដផ្សេងៗគ្នា។ ដោយឡែក ការចំណាយលើការឈ្លានពាន ទៅលើកោះតៃវ៉ាន់ នឹងត្រូវខាតបង់ខ្ពស់ខ្លាំងណាស់។ ដូច្នេះមេដឹកនាំក្រុងប៉េកាំង ត្រូវតែគិតគូរ យ៉ាងហោចណាស់ឲ្យបានពីរដង ព្រោះបញ្ហាតានតឹង រវាងចិន និង តៃវ៉ាន់ នឹងបង្កឲ្យមានផលប៉ះពាល់ជាសកល ហើយគួរតែមានចំណាប់អារម្មណ៍ជាសកល នៅក្នុងការទប់ស្កាត់នូវភាពតានតឹងទាំងនេះ មិនឱ្យកើតឡើង ក្លាយទៅជាជម្លោះប្រដាប់អាវុធ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×