ភ្នំពេញ៖ នៅថ្ងៃអង្គារនេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់បណ្ដាតំណាងស្ថានទូត និងបរទេសមួយចំនួនថា តើបានដឹងទេថា នាអំឡុងពេលដែលគ្រួសារសម្ដេចតេជោ និងភរិយាសម្ដេច កំពុងសម្រក់ទឹកភ្នែក ពេលដែលប្អូនស្រីថ្លៃសម្ដេចទទួលមរណភាព បែរជាមានជនអាក្រក់ នៅក្រៅប្រទេសមួយចំនួន មកប្រមាថដល់ភរិយា និងគ្រួសារសម្ដេចទៅវិញ។ តើរឿងនេះ អស់លោកបរទេស អាចទទួលយកបានទេ?។
ក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានប្រកាសសារជាថ្មីថា សម្ដេចគ្មានថ្ងៃប្រើប៊ិចដើម្បីចុះហត្ថលេខា ស្នើសុំការលើកលែងទោស ដល់ជនអាក្រក់ណាមួយ ដែលបានប្រមាថដល់ក្រុមគ្រួសាររបស់សម្ដេចដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់បណ្តាទូតនៅកម្ពុជាថា សម្តេចនឹងមិនស្នើសុំការលើកលែងទោសដល់អ្នកនយោបាយប្រព្រឹត្តល្មើសច្បាប់ ដែលបានប្រមាថដល់សពប្អូនថ្លៃស្រី និងក្រុមគ្រួសាររបស់សម្តេច ពេលដែលមានទុក្ខនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅបណ្តាទូតអំពីអ្វីដែលក្រុមប្រឆាំងបានវាយប្រហារមកលើសពប្អូនថ្លៃរបស់សម្តេច កាលពីពេលកន្លងទៅនេះ។ សម្តេចបានចោទសួរថា ប្រសិនបើរឿងនេះធ្លាក់ទៅលើបណ្តាទូតទាំងនោះវិញ តើនឹងទទួលយកបានទេ?
សម្តេចបញ្ជាក់ថា ដូច្នេះហើយ បានជាខ្ញុំប្រកាសមិនចុះហត្ថលេខាណាទាំងអស់ សម្រាប់ការលើកលែងទោសឱ្យ ពួកអ្នកធ្វើនយោបាយដែលអនុវត្តនូវកំហុសព្រហ្មទណ្ឌ ខ្ញុំមិនលើកលែងទោសឱ្យទេ ដោយសារវាអាក្រក់ជ្រុលហើយ គ្មានការយោគយល់ណាមួយដែលអាចធ្វើទៅរួចនោះទេ ប្រសិនបើខ្ញុំយោគយល់ ខ្ញុំមានតម្លៃស្មើនឹងតិរច្ឆាន។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមប្រឆាំង និងបណ្តាទូត កុំឱ្យស្រមៃថា សម្តេចនឹងប្រើប៊ិចរបស់ខ្លួន ដើម្បីចុះហត្ថលេខាដើម្បីស្នើលើកលែងទោសឱ្យអ្នកនយោបាយណាមួយឱ្យសោះ។ សម្តេចតេជោ ហ៊ុន សែន បានរិះគន់ចំពោះក្រុមប្រឆាំង ដែលមិនយល់សូម្បីតែមនុស្សទទួលអនិច្ចកម្មទៅហើយក៏ដោយ ដែលចំណុចនេះ បានធ្វើឲ្យសម្តេចប្តេជ្ញាមិនយោគយល់សម្រាប់ពួកគេវិញដែរ។ សម្តេចក៏បានបន្ទោសជនបរទេសមួយចំនួន ដែលបាននិយាយការពារដល់អ្នកដែលប្រមាថក្រុមគ្រួសាររបស់សម្តេចផងដែរ។
សម្តេចបានបញ្ជាក់ទៀតថា ខ្ញុំយល់គ្រប់គ្រាន់ហើយ សូមឱ្យគោរពសេចក្តីថ្លៃថ្នូររបស់ជនជាតិកម្ពុជារបស់យើងខ្ញុំទៅប៉ុណ្ណឹងបានហើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី










