ពោធិ៍សាត់៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា យ៉ាងយូ៣ឆ្នាំទៀត ប្រជាពលរដ្ឋខេត្តពោធិសាត់ នឹងប្រើបាស់ថាមពលអគ្គីសនីពីទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ជាគម្រោងមានកម្លាំង៨០ មេកាវ៉ាត់ ដែលនឹងត្រូវបញ្ចប់នៅដើមឆ្នាំ ២០២៦ខាងមុខ ហើយនឹងដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ

ឯកឧត្តម ស៊ុយ សែម ក្នុងពេលចុះត្រួតពិនិត្យមើលវឌ្ឍន៍ភាពនៃការស្ថាបនាគម្រោងទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១មួយនេះ ដែលមានទីតាំងក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានលើកឡើងថា នេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលជាប្រវត្តិសាស្ត្រខេត្តពោធិ៍សាត់ ទទួលបានបន្ទាប់ពីរទំនប់វារីអគ្គិសនីស្ទឹងអាតៃ ដែលមានកម្លាំង១២០ មេហ្កាវ៉ាត់ ស្ថិតឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ផងដែរ។

ឯកឧត្តម បន្តថា នេះគឺជាទំនប់វារីទី៩ សម្រាប់ប្រទេសកម្ពុជា ដែលអាចផលិតថាមពលសរុបបានប្រមាណ ១.៤៧០ មេហ្កាវ៉ាត់ទូទាំងប្រទេស។ គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បាននឹងកំពុងស្ថាបនាជាបណ្ដើរៗនេះ ដែលមានកម្លាំង ៨០ មេហ្កាវ៉ាត់ កសាងដោយក្រុមហ៊ុនប្រទេសកូរ៉េ ចំណាយថវិកាប្រមាណជាង ២៣១ លានដុល្លារ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ កម្ពុជាយើង មានថាមពលអគ្គីសនីប្រើប្រាស់ជាង ៤ពាន់មេហ្កាវ៉ាត់ ដែលបានមកពីប្រភពផ្សេងៗ ដូចជា ប្រភពថាមពលធ្យូងថ្ម ប្រេង ពន្លឺព្រះអាទិត្យ និងការនាំចូលមកពីប្រទេសជិតខាង។

គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ននេះ យើងទើបតែប្រើប្រាស់អស់ថាមពលអគ្គិសនីជាង ២០០០ មេហ្កាវ៉ាត់ប៉ុណ្ណោះ គឺសល់ជាងពាក់កណ្ដាលទៀត នៅមិនទាន់ប្រើប្រាស់នៅឡើយ។ មកដល់ពេលនេះ ភូមិទូទាំងប្រទេសចំនួន ៩៨.២៦% គឺមានខ្សែភ្លើងបណ្តាញជាតិបានទៅដល់ ហើយនៅសល់ត្រឹមតែជាង ១%ប៉ុណ្ណោះ ដែលជាភូមិដាច់ស្រយ៉ាល ហើយនិងគិតគួដាក់ឲ្យប្រើថាមពលពន្លឺព្រះអាទិត្យជាដើម៕


