ភ្នំពេញ៖ រហូតមកដល់ពេលនេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចបាន ៨៦ ភាគរយហើយ ហើយអាកាសយានដ្ឋានថ្មីនេះត្រូវបានគេរំពឹងថានឹងដាក់ឱ្យដំណើរការសាកល្បងក្នុងខែមិថុនាឆ្នាំនេះ និងដាក់ឱ្យដំណើរការជាផ្លូវការនៅខែតុលា។

លោក Liu Minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yunnan Investment Group Co., Ltd. ដែលជាអ្នកអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីបំណងរបស់ក្រុមហ៊ុន ក្នុងការផ្សព្វផ្សាយព្រលានយន្តហោះ ដើម្បីទាក់ទាញការហោះហើរពីប្រទេសផ្សេងៗ និងការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាប។

ការដាក់ឱ្យដំណើរការសាកល្បងក្នុងខែមិថុនាឆ្នាំនេះ ត្រូវបានឲ្យដឹងតាមរយៈជំនួបលោក Liu Minglin ខណៈចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្វាគមន៍ចំពោះផែនការរបស់ក្រុមហ៊ុន ក្នុងការទាក់ទាញជើងហោះហើរទៅកាន់ខេត្តសៀមរាប និងវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ ដោយក្រុមហ៊ុនអាចពិចារណាវិនិយោគលើការផលិតថាមពលពន្លឺព្រះអាទិត្យសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
ជាមួយនឹងដំណើរការសាងសង់ព្រលានយន្តហោះនេះ វាមិនត្រឹមតែជួយជំរុញការតភ្ជាប់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាច តភ្ជាប់ប្រទេសកម្ពុជា ទៅកាន់ប្រទេសផ្សេងៗទៀតផងដែរ៕