ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យសប្បុរសជននានា ស្ថាប័នពាក់ព័ន្ធ ចូលរួមបន្តកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សស្ត្រី

ភ្នំពេញ ៖ ជាអធិបតីក្នុងពិធីអបអរសាទរទិវា អន្តរជាតិ នារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវទៅដល់សប្បុរសជននានាឱ្យចូលរួមជួយកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សស្ត្រីនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដើម្បីជំរុញឱ្យសិស្សស្ត្រី នៅជនបទមានឱកាសសិក្សានៅវិទ្យាល័យ ហើយមានកន្លែងស្នាក់នៅ និងធ្វើយ៉ាងណាកាត់បន្ថយគម្លាតរវាងស្ត្រីនៅតាមទីក្រុង និងទីជនបទ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ក្រុមមន្ត្រីថា ខ្ញុំគួរតែបញ្ជាក់នៅទីនេះបន្តិច ដើម្បីយើងទាំងអស់គ្នាធ្វើឱ្យក្លាយទៅជាចលនាជាតិ ថ្ងៃមុននៅទីនេះ ខ្ញុំបានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី យើងបានដាក់ចេញទិសដៅនៅក្នុងកិច្ចការដែលត្រូវធ្វើបន្តនោះ គឺកិច្ចការយកចិត្តទុកដាក់កសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្ត្រី ដែលមិនមែនគ្រាន់តែជាការរៀបចំនៅទីក្រុងភ្នំពេញនោះទេ ប៉ុន្តែក៏ត្រូវផ្តោតផងដែរ ទៅលើការយកចិត្តទុកដាក់នៅតាមបណ្តាខេត្ត ដែលខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះសប្បុរសជនទាំងអស់ចូលរួមក្នុងការកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្ត្រី នៅតាមវិទ្យាល័យនានា ដែលយើងបានពង្រាយនៅទូទាំងប្រទេសនៅកៀកតាមទីប្រជុំជនឃុំ តាមខេត្ត តាមស្រុក ក៏ប៉ុន្តែ ក៏នៅមានសិស្សមួយចំនួនក្រីក្រ មានការលំបាកខ្វះកន្លែងស្នាក់នៅ ដូច្នេះយើងធ្វើអាហ្នឹងបន្ត។

ជាមួយនឹងការអំពាវនាវនេះ សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីការយកចិត្តទុកដាក់ដល់សិស្សស្ត្រីនេះថា ខ្ញុំធ្លាប់បានប្រកាសដាក់ចេញរួចហើយនូវវិធានការណ៍ និងមធ្យោបាយសមស្របនានា ដើម្បីលើកកម្ពស់ការសិក្សាសិស្សជាស្ត្រី នៅកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ គឺខ្ញុំបានប្រគល់ភារកិច្ចដល់ក្រសួងអប់រំ យុវជន និងកីឡា រៀបចំកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្ស និងនិស្សិតជាស្ត្រី ដើម្បីសម្រួលដល់ការរៀនសូត្រនៅរាជធានីភ្នំពេញ និងនៅតាមខេត្តនានា។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ថា ចំណុចនេះ គឺខ្ញុំចង់កាត់បន្ថយគម្លាតរវាងអ្នករស់នៅតាមទីប្រជុំជន ទីក្រុង និងជនបទដាច់ស្រយាល តាមរយៈនៃការជំរុញឱ្យសិស្សស្ត្រីនៅជនបទមានឱកាសសិក្សានៅវិទ្យាល័យ ហើយមានកន្លែងស្នាក់នៅសមស្រប, ធម្មតាទេ មាតា បិតាសិស្ស តែងតែព្រួយបារម្ភអំពីកូនស្រី ដូច្នេះយើងក៏ត្រូវធ្វើរឿងនេះជូនពួកគាត់…, ខ្ញុំមានពិសោធន៍ ទីកន្លែងដែលខ្ញុំធ្វើវិទ្យាល័យទាំងឡាយ គឺសុទ្ធតែមានអន្តេវាសិកដ្ឋាន សម្រាប់គ្រូផង និងសម្រាប់សិស្សផង ក្នុងនោះសិស្សជាស្ត្រីជាអាទិភាព៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម