ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកបង្ហាញថា រាជរដ្ឋាភិបាល បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ-កម្មការិនីប្រមាណ ៣២,០០០នាក់ ក្នុងពេលរោងចក្រត្រូវបានព្យួរ ដូចដែលទទួលបានការឧបត្ថម្ភក្នុងសម័យកូវីដ-១៩ផងដែរ។
ការថ្លែងលើកឡើងបែបនេះរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពេលសម្ដេចអញ្ជើញជាអធិបតី ប្រារព្ធពិធីអបអរសាទរទិវានារី អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ក្រុមមន្ត្រីថា ម្សិលមិញនេះ ខ្ញុំបានចុះហត្ថលេខាពាក់ព័ន្ធទៅលើការផ្តល់ប្រាក់ឧបត្ថម្ភនៅក្នុងស្ថានភាពដែលរោងចក្រត្រូវបានព្យួរ, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជូនសំណើមកកាន់ខ្ញុំ បន្ទាប់ពីមានអនុសាសន៍ ដូច្នេះខ្ញុំបានសម្រេចរួចហើយ គឺ កម្មករ-កម្មការិនី ចំនួន ៣២,០០០នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ដូចសម័យកូវីដ-១៩ ដែលរោងចក្រត្រូវបានព្យួរអ៊ីចឹងដែរ។

ក្នុងពេលរោងចក្រចំនួន ៧១ ត្រូវបានព្យួរអាជីវកម្មរបស់ខ្លួន ក៏មានកម្មករ-កម្មការិនីចំនួន ៣២,០០០នាក់ ក្នុងនោះមានស្ត្រីចំនួន ២៦,០០០នាក់, ប៉ុន្តែ បែរជាខេត្តកំពង់ស្ពឺ ខ្វះកម្មករប្រមាណ ២០,០០០នាក់ទៅវិញ។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន សូមឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ យកចិត្តទុកដាក់អំពីរបៀបជ្រើសរើស ដើម្បីឲ្យស្ដ្រីរបស់យើង អាចទទួលបាននូវផលប្រយោជន៍៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
















