ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ÷ ផលិតផលចំណីអាហារ ឱសថ និងប្រព័ន្ធឌីជីថល ដែលគ្មានគុណភាព សុវត្ថិភាពនៅស្រុកគេ សូមកុំចាត់ទុកកម្ពុជាជាធុងសំរាម

ភ្នំពេញ ៖ ជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ឱ្យទប់ស្កាត់ផលិតផល និងទំនិញគ្មានគុណភាព កុំឱ្យចរាចរណ៍លើទីផ្សារប្រទេសកម្ពុជា ព្រោះដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសូមកុំឱ្យប្រជាពលរដ្ឋកម្ពុជា ក្លាយទៅជាអ្នកត្រូវធ្វើតេស្តថ្នាំ របស់ប្រទេសណាមួយឱ្យសោះ។

ទាក់ទងនឹងផលិតផលគ្មានគុណភាព ក៏ដូចជាចំណីអាហារជាដើម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហាចំណីអាហារពេលនេះ ត្រូវរកវិធីដោះស្រាយយ៉ាងម៉េចទប់ស្កាត់ ព្រោះវាទាក់ទងនឹងបញ្ហាអនាម័យ និងសុវត្ថិភាព។ បើសិនជាការផលិតសមស្រប វាបង្កើតជាចំណីអាហាររបស់ប្រជាពលរដ្ឋ មានសុវត្ថិភាព និងសុខភាពល្អ នោះវាជាការប្រសើរ។ បើនិយាយពីជំនាន់ ប៉ុល ពត វិញ ឬក្រោយសម័យសង្គ្រាម គឺប្រជាជនមិនគិតពីសុខភាពឡើយ ពោលគឺ គិតតែរឿងក្រពះឆ្អែត, ប៉ុន្តែបច្ចុប្បន្ន ត្រូវគិតពីអាហារឆ្អែតឆ្ងាញ់ និងធានាសុវត្ថិភាពសុខភាពវិញម្តង។

បញ្ហានេះ ក្រសួងសុខាភិបាលត្រូវលើកកម្ពស់ និងជំរុញការផ្សព្វផ្សាយ និងការអប់រំ លើម្ហូបអាហារ និងគ្រឿងបរិភោគ ដើម្បីបញ្ចៀសឱ្យបាននូវផលប៉ះពាល់នៃអាហារទាំងនោះមកលើសុខភាពរបស់ប្រជាជន, ដោយហេតុថា អាហារមួយចំនួនអាចបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព និងអាយុជីវិតប្រជាជន ដែលការណ៍នេះ បង្កើនបន្ទុកចំណាយរបស់ប្រជាជន និងចំណាយបន្ថែមរបស់រាជរដ្ឋាភិបាលលើវិស័យសុខាភិបាល។

ការផលិតកែច្នៃខ្លះ វាទាមទារឱ្យមានការពិនិត្យសិន មុននឹងចរាចរលើទីផ្សារ, ឃើញទេកន្លងទៅ យើងក៏បានផ្សព្វផ្សាយ កុំឱ្យប្រើប្រាស់ថ្នាំស៊ីរ៉ូមួយប្រភេទ ដែលបានធ្វើឱ្យស្លាប់មនុស្សនៅលើប្រទេសជាច្រើន, អ៊ីចឹងក្នុងប្រទេសរបស់យើង មុននឹងនាំចូលអ្វីមក ក៏ត្រូវតែពិនិត្យសិន រកឱ្យច្បាស់ថា អាហ្នឹងវាធានាគុណភាព សុវត្ថិភាពឬក៏អត់? និងលុះត្រាតែប្រទេសដែលផលិតទាំងនោះ បានដាក់ចរាចរលើទីផ្សារក្នុងប្រទេសសាមីខ្លួនជាមុនសិន ទើបអនុញ្ញាតឱ្យនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា។ ដូច្នេះ កុំឱ្យប្រជាជនកម្ពុជាក្លាយទៅជាអ្នកដែលត្រូវគេធ្វើតេស្តថ្នាំរបស់ប្រទេសណាមួយឱ្យសោះ។

សម្តេចតេជោ ហ៊ុន សែន សង្កត់ថា មានប្រទេសមួយចង់យកថ្នាំដែលខ្លួនផលិតបានមកសាកល្បងលើប្រជាជនកម្ពុជា ប៉ុន្តែត្រូវបានយើងបដិសេធ និងចង្អុលមុខចំៗចំពោះទង្វើបែបនេះ។ សូមកុំយកប្រជាជនខ្មែរ ធ្វើតេស្តសម្រាប់ឱសថដែលគេផលិត ទុកឱ្យគេធ្វើតេស្តសម្រាប់ខ្លួនគេទៅ, រាប់ទាំងប្រព័ន្ធឌីជីថលផង អត់មានអាចាស់នៅស្រុកយើង អាថ្មីនៅស្រុកគេនោះទេ ព្រោះកម្ពុជា មិនមែនជាធុងសំរាមបោះចោលនូវបច្ចេកវិទ្យាហួសសម័យនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម