ភ្នំពេញ៖ ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ KHQR ធ្វើឡើងដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ក្នុងការទូរទាត់ប្រាក់ មានសុវត្ថិភាព និងមានស្ដង់ដារ។

បើតាមលោកជំទាវ ជា សិរី ឧបការីទេសាភិបាល ប្រព័ន្ធ KHQR ធ្វើឡើងស្របពេលជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថាន ផ្ដល់សេវាទូទាត់សងប្រាក់ បាននិងកំពុងប្រកួតប្រជែង ក្នុងការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ឌីជីថល ប្រកបដោយនវានុវត្តន៍ ជាពិសេសការទូទាត់ និងផ្ទេរប្រាក់តាមមធ្យោបាយអេឡិចត្រូនិក ដូចជា សេវាធនាគារអ៊ីនធឺណិត សេវាធនាគារចល័ត សេវាទូទាត់ចល័ត ដែលរួមមានការទូទាត់តាមឃ្យូអរកូត (QR Code) ជាមធ្យោបាយទូទាត់ថ្មីមួយ មានភាពងាយស្រួស រហ័ស និងមានសុវត្ថិភាព។

ទន្ទឹមនិងនេះ ធនាគារជាតិនៃកម្ពុជា បាន និងកំពុងធ្វើការជាមួយធនាគារកណ្តាលឡាវ និងវៀតណាម ក្នុងការតភ្ជាប់ការទូទាត់ KHQRនេះ ឆ្លងដែន ជាមួយប្រទេសឡាវ និងវៀតណាម ដើម្បីពង្រីក និងសម្រួលដល់ការទូទាត់ឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ បន្ទាប់ពីកិច្ចសហការរវាងកម្ពុជា-ថៃ និងកម្ពុជា-ម៉ាឡេស៊ី ទទួលបានជោគជ័យ។ ក្រៅពីនេះ កម្ពុជា គ្រោងនឹងបន្តសហការជាមួយបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនទៀត រួមទាំងប្រទេសចិន។

លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ជាអ្នកផ្តួចផ្តើមក្នុងការអភិវឌ្ឍគម្រោងបាគង បានផ្តាំផ្ញើរទៅកាន់បងប្អូនស្រ្តីនៅ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ថា៖ “ក្នុងនាមជាបងស្រី ជាម្តាយ និងអ្នកដឹកនាំជាស្ត្រីមួយរូប នាងខ្ញុំសូមផ្តាំផ្ញើដល់បងប្អូនស្ត្រីយើងទាំងអស់ខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងមិនត្រូវបោះបង់ការសិក្សាជាដាច់ខាត ត្រូវហ៊ានស៊ូនឹងបញ្ហាប្រឈម និងហានិភ័យផ្សេងៗ រឹងប៉ឹងដើម្បីមានឯករាជ្យភាពក្នុងការសម្រេចចិត្ត និងផ្នែកហិរញ្ញវត្ថុ និងមានភាពម្ចាស់ការលើខ្លួនឯង។ តែក៏មិនមែនមានន័យថាមិនស្តាប់ដំបូន្មានចាស់ព្រឹទ្ធាចារ្យនោះឡើយ។”

លោកជំទាវ ជា សិរី បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានសហការជាមួយប្រទេសថៃ ដើម្បីលើកកម្ពស់ការប្រើប្រាស់កម្មវិធីទូទាត់សាច់ប្រាក់រៀល KHQR តាមទូរស័ព្ទដៃ App ឱ្យកាន់តែទូលំទូលាយរវាងប្រទេសទាំងពីរ ជាពិសេសការអនុញ្ញាតឱ្យទេសចរខ្មែរ និងថៃ អាចធ្វើការទូទាត់ចាយនៅកម្ពុជា និងថៃបាន។
លោកជំទាវ បានឲ្យដឹងថា ចាប់តាំងពីការទូទាត់តាម QR ត្រូវបានដាក់ឱ្យដំណើរការមក ដូចនេះ នៅពេលយើងទៅដល់ប្រទេសថៃ យើងអាចចាយប្រាក់រៀលបាន លុះត្រាតែយើងបង្កើតគណនីជាប្រាក់រៀលជាមុនសិន ទើបអាចចាយបានដោយគ្រាន់បើកទូរស័ព្ទស្គែន KHQR ប៉ុន្តែបើសិនជាយើងមានគណនីជាលុយដុល្លារ គឺយើងមិនអាចចាយបានទេ។
លោកជំទាវបន្តថា បច្ចុប្បន្នយើងកំពុងពិភាក្សាដើម្បីអនុញ្ញាតឱ្យអ្នកប្រើ KHQR ទាំងអស់អាចប្រើកម្មវិធីលើទូរស័ព្ទចល័តរបស់អតិថិជន ដើម្បីទូទាត់ប្រាក់ជាមួយពាណិជ្ជកររបស់ធនាគារ SCB បានកាន់តែទូលំទូលាយ។ បច្ចុប្បន្ននេះ ប្រតិបត្តិការអាចធ្វើបានតែរវាងអតិថិជនធនាគារអេស៊ីលីដា និងអតិថិជនរបស់ធនាគារថៃ SCB ប៉ុណ្ណោះ ដោយវាមិនទាន់ដំណើរការជាសកលនោះទេ។
សូមបញ្ជាក់ថា បច្ចុប្បន្នមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួ ន៣៧ ជាសមាជិកបាគង បានចូលរួមអភិវឌ្ឍន៍មុខងារ KHQR ក្នុងនោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន២៩ បានបំពេញមុខងារ ដោយជោគជ័យជាមួយ KHQR និងបានដាក់ឱ្យប្រើប្រាស់ និងទូទាត់ទំនិញជាមួយនឹងដៃគូពាណិជ្ជករនៅទូទាំងប្រទេសយ៉ាងហោចណាស់ ២៣ម៉ឺនទីតាំង៕