ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ក្រើនរំលឹកក្រសួងសុខាភិបាល ឱ្យអនុវត្តយន្តការអភិបាលកិច្ចផ្នែកគ្លីនិកទាំងសាធារណៈ និងឯកជន កុំឱ្យពលរដ្ឋបាត់បង់ទំនុកចិត្ត

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកថា ក្រសួងសុខាភិបាល ត្រូវពិនិត្យ និងរៀបចំការអភិវឌ្ឍ និងការអនុវត្តយន្តការអភិបាលកិច្ចផ្នែកគ្លីនិកឱ្យបានសមស្រប ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន។

ការកែលម្អគុណភាពសេវាសុខាភិបាលត្រូវធ្វើឡើងជាប្រចាំ សំដៅលើកកម្ពស់គុណភាពសេវា ថែទាំសុខភាព និងសេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជំងឺ ឬអតិថិជន និង ដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈ, ក្នុងនោះ ចាំបាច់ត្រូវពង្រឹង ប្រសិទ្ធភាពនៃយន្តការតាមដាន និង វាយតម្លៃគុណភាពសេវា ដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន។

អ៊ីចឹងទេ ក្រសួងសុខាភិបាល ត្រូវពិនិត្យ និងរៀបចំការអភិវឌ្ឍ និងការអនុវត្តយន្តការអភិបាលកិច្ចផ្នែកគ្លីនិកឱ្យបានសមស្រប ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាថា សេវាថែទាំសុខភាពដែលបានផ្តល់ មានអនុលោមភាព ស្របតាមបទដ្ឋានស្តង់ដារដែលបានកំណត់ រួចហើយឬនៅ?!

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល គ្រូពេទ្យ និង បុគ្គលិកថែទាំវេជ្ជសាស្ត្រទាំងអស់ បង្កើនការយកចិត្តដាក់ខ្ពស់ ជាពិសេសការធ្វើអាទិភាវូបនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌អាជីព ដោយហេតុថា មុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល, គ្រូពេទ្យ និង បុគ្គលិកថែទាំវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជនទូទៅ ដែលតម្រូវឱ្យមានការព្យាបាល ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ គិតគូរពីសុខភាព អ្នកជំងឺ ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយទឹកចិត្តបរិសុទ្ធ និងគោរពស្រឡាញ់អ្នកជំងឺ និងអ្នកទទួលសេវាសុខាភិបាល។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ទាក់ទងទៅនឹងស្ថានភាពគ្លីនិកនៅកម្ពុជា គឺក្រោយពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះដែលមណ្ឌលកែសម្ផស្សអន្តរជាតិ អឹម២៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានលោកវេជ្ជបណ្ឌិត គោគ ចន្ទី ជាអ្នកទទួលខុសត្រូវ បានធ្វើការវះកាត់កែដើមទ្រូងស្ត្រីម្នាកើបណ្ដាលឱ្យស្លាប់ភ្លាមៗ ហើយមួយថ្ងៃក្រោយមក គឺនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកែសម្ផស្សនេះ និងថា ត្រូវបន្តនីតិវិធីតាមច្បាប់ជាធរមាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម