Sunday, January 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខមន្ទីរបញ្ចកោណ ប្រកាសអំពីវត្ដមានរបស់កងទ័ពសហរដ្ឋអាមេរិក នៅលើទឹកដីអ៊ីរ៉ាក់

រដ្ឋធានីបាកដាដ (Baghdad)៖ នៅមុនខួបទី២០ នៃការផ្ដួលរំលំរបបគ្រប់គ្រងរបស់លោក សាដដាម ហ៊ូសសេន (Saddam Hussein) ក្រោមការលុកលុយរបស់កម្លាំងចម្រុះ សម្ពន្ធមិត្ត ដឹកនាំដោយសហរដ្ឋអាមេរិកនោះ ប្រមុខមន្ទីរបញ្ចកោណ បានប្រកាស អំពីការបន្ដវត្ដមានរបស់កងទ័ព ប្រទេសមហាអំណាចកំពូល នៅលើពិភពលោក ទាំងសេដ្ឋកិច្ច និង យោធា នៅលើប្រទេសអ៊ីរ៉ាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម (ISIL ឬ ISIS)។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ ថា លោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដី ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានប្រកាស អំពីដំណើរបំពេញទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសអ៊ីរ៉ាក់។ នៅក្នុងអំឡុងបំពេញទស្សនកិច្ចនោះ លោករដ្ឋមន្រ្ដី បានប្ដេជ្ញារក្សាវត្ដមានរបស់កងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាស៊ីខាងលិចមួយនេះ ហើយបន្ដប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម ISIL (ISIS)។

ដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខមន្ទីរបញ្ចកោណ ទៅកាន់រដ្ឋធានីបាកដាដ កាលពីថ្ងៃអង្គារ បានកើតឡើង នៅមុនខួបគម្រប់២០ឆ្នាំ នៃការលុកលុយ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីផ្ដួលរំលំរបបគ្រប់គ្រងរបស់លោក សាដដាម ហ៊ូសសេន (Saddam Hussein) នៅក្នុងឆ្នាំ២០០៣ ដឹកនាំដោយសហរដ្ឋអាមេរិក។ សង្គ្រាមនេះ បានធ្វើឲ្យជនស៊ីវិល រាប់ម៉ឺននាក់ បាត់បង់ជីវិត ហើយក៏ជាការត្រួសត្រាយផ្លូវ នាំឲ្យមានការកើនឡើង នៃក្រុមរដ្ឋអ៊ិស្លាម (ISIL) ផងដែរ។

ក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្តដកកងទ័ពរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសអ៊ីរ៉ាក់ នៅក្នុងអំឡុងឆ្នាំ២០១១។ ប៉ុន្ដែ៣ឆ្នាំក្រោយមក រដ្ឋបាលរបស់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានបញ្ជូនទាហានរាប់ពាន់នាក់ ត្រឡប់ទៅកាន់ប្រទេសអាស៊ីខាងលិចមួយនេះ និង ប្រទេសជិតខាងស៊ីរី វិញ ដើម្បីប្រយុទ្ធនឹងក្រុមរដ្ឋអ៊ិស្លាម (ISIL)។

រហូតមកដល់ពេលនេះ កងទ័ពសហរដ្ឋអាមេរិក ចំនួន ២ ៥០០នាក់ កំពុងតែឈរជើង នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ចំនួន៩០០នាក់ផ្សេងទៀត កំពុងតែឈរជើង នៅក្នុងប្រទេសស៊ីរី ដើម្បីជួយបង្ហាត់បង្រៀន និង ផ្ដល់ជំនួយដល់កងកម្លាំង នៅក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម (ISIL) ខណៈនៅក្នុងអំឡុងឆ្នាំ២០១៤ ក្រុមនេះ បានរឹបអូសដែនដីជាច្រើន នៅក្នុងប្រទេសទាំង២នេះ។

បើទោះជាពួកគេមានការបាត់បង់ទឹកដី នៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីចុងឆ្នាំ២០១៧យ៉ាងណាក៏ដោយ ក៏ក្រុមយុទ្ធជនរបស់ ISIL នៅតែបើកការវាយប្រហារ នៅក្នុងប្រទេសអ៊ីរ៉ាក់ ក៏ដូចជា នៅក្នុងប្រទេសស៊ីរី ផងដែរ។ ការវាយប្រហាររបស់ ISIL បានសម្លាប់ និង ធ្វើឲ្យរបួសដល់ទាហានអ៊ីរ៉ាក់ រាប់សិបនាក់ នៅក្នុងប៉ុន្មានខែកន្លងទៅថ្មីៗនេះ។

លោករដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «យើងបានផ្ដោតទៅលើបេសកកម្ម យកជ័យជម្នះ លើក្រុមរដ្ឋអ៊ិស្លាមដេស (Daesh) ហើយយើងនៅទីនេះ មិនមានគោលបំណងអ្វីនោះឡើយ។ ការគំរាមកំហែង ឬ ការវាយប្រហារណាមួយ មកលើកងទ័ពរបស់យើង បានត្រឹមតែធ្វើឲ្យខាតដល់បេសកកម្មតែប៉ុណ្ណោះ។ បញ្ហាសំខាន់ ផ្ដោតតែទៅលើយុទ្ធជន គាំទ្រដោយអ៊ីរ៉ង់ ដែលត្រូវបានស្តីបន្ទោស ចំពោះការវាយប្រហារ ទៅលើកន្លែងស្នាក់នៅរបស់ទាហានអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់»។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិ បានសង្កត់ធ្ងន់ ថា «សហរដ្ឋអាមេរិក នឹងបន្តពង្រឹង និងពង្រីកភាពជាដៃគូរបស់យើង នៅក្នុងការគាំទ្រដល់សន្តិសុខ ស្ថិរភាព និង អធិបតេយ្យភាពរបស់អ៊ីរ៉ាក់»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×