Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឱ្យម្ចាស់សហគ្រាសផលិតទំនិញមានគុណភាពស្តង់ដា ដើម្បីឈានដល់ការនាំចេញទៅក្រៅប្រទេស

spot_img

ភ្នំពេញ៖ ក្នុងពេលជួបផ្ទាល់ ជាមួយម្ចាស់សហគ្រាស សិប្បករ ផលិតករ ពាណិជ្ជករ និងអាជ្ញាធរដែនដីនៅតាមបណ្តាខេត្តមួយចំនួនដែលរួមមានខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺជាដើម មន្ត្រីក្រសួងពាណិជ្ជកម្ម លោក អ៊ូច សាវិន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យម្ចាស់សហគ្រាសផលិតទំនិញមានគុណភាពស្តង់ដា ដើម្បីឈានដល់កានាំចេញ ទៅកាន់ផ្សារជាតិនិងអន្តរជាតិមានការគាំទ្រច្រើនពីអ្នកប្រើប្រាស់។

លោក អ៊ូច សាវិន បានគូសបញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មជាសេនាធិការបាន និងកំពុងខិតខំធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសនានានៅលើពិភពលោក តាមរយៈការចរចា សម្របសម្រួលដោះស្រាយបញ្ហារបាំងពន្ធគយ និងមិនមែនពន្ធគយដើម្បីនាំទំនិញកម្ពុជាចេញទៅក្រៅប្រទេសទទួលបានជោគជ័យ។

លោកបន្តថា ជាក់ស្ដែង កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ  ដែលត្រូវជំរុញ ផលិតកម្ម និងការនាំចេញរបស់កម្ពុជា ដែលមានដូចជា ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច និងទាញយកផលប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងនេះ។

ការខិតខំពង្រឹងនិងពង្រីកផលិតផលរបស់ខ្លួនដែលមានស្រាប់ឱ្យកាន់តែមានស្តង់ដារគឺជាការរួមចំណែកក្នុងការលើកកម្ពស់ផលិតផលខ្មែរ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ រួមចំណែកកាត់បន្ថយភាពក្រីក្រនិងកាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់ទៅរកការងារធ្វើនៅក្រៅប្រទេស។

គួរបញ្ជាក់ថា ទន្ទឹមនិងកិច្ចព្រមព្រៀងនៃនាំចេញផលិតផលសម្រេចបាននោះ គឺទាមទារឱ្យផលិតករ សិប្បករ សមាគមន៍ អាជីវករ ពាណិជ្ជករ សហគ្រិនដែលជាប្រតិបត្តិករផ្ទាល់ គប្បីខិតខំបន្ថែមទៀតក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ការដាំដុះ ការចិញ្ចឹម ការផលិត ការកែច្នៃ ការវេចខ្ចប់ផលិតផលរបស់ខ្លួនឱ្យមានគុណភាព សោភ័ណ សុវត្ថិភាព ស្របតាមស្តង់ដារបច្ចេកទេស និងដាក់ឈ្មោះយីហោ កាលបរិច្ឆេទផលិតនិងផុតកំណត់ឱ្យបានត្រឹមត្រូវ៕

spot_img
×