Wednesday, March 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក យល់ព្រមលក់យន្ដហោះប្រយុទ្ធទំនើប តម្លៃជាង១ពាន់លានដុល្លារ ទៅឱ្យជប៉ុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលជប៉ុន កំពុងតែបង្កើនកញ្ចប់ថវិកា លើវិស័យការពារជាតិ រាប់រយពាន់លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកងទ័ពរបស់ខ្លួន ត្រៀមទប់ទល់នឹងឥទ្ធិពលចិន នោះ សហរដ្ឋអាមេរិក ក៏បានយល់ព្រមលក់យន្ដហោះពិសេស និង ឧបករណ៍ពាក់ព័ន្ធ មានតម្លៃ រហូតដល់ ១,៣៨ពាន់លានដុល្លារ ទៅឲ្យរដ្ឋាភិបាលក្រុងតូក្យូ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ ថា មន្ទីរបញ្ចកោណ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលក់យន្ដហោះដ៏ទំនើប ប្រភេទ E-2D Hawkeye ដែលជាយន្ដហោះអាចបញ្ជូនការព្រមានជាមុន ហើយឧបករណ៍ពាក់ព័ន្ធ មានតម្លៃ ១,៣៨ពាន់លានដុល្លារ ទៅឲ្យប្រទេសជប៉ុន។

មន្ទីរបញ្ចកោណ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបន្ថែម ថា រដ្ឋាភិបាលជប៉ុន បានស្នើសុំទិញយន្តហោះប្រភេទនេះ រហូតដល់ចំនួន៥គ្រឿង រួមទាំងឧបករណ៍ជំនួយ គ្រឿងបន្លាស់ និង ជំនួយបច្ចេកទេស។ ជាមួយគ្នានេះ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ ក៏បានជូនដំណឹងនេះ ទៅដល់សភា អំពីការលក់យន្ដហោះពិសេសនេះ ដែលអាចធ្វើទៅបាន កាលពីថ្ងៃអង្គារ។ បើទោះជាមានការយល់ព្រម ពីក្រសួងការបរទេសយ៉ាងណាក៏ដោយ ក៏ការជូនដំណឹងនេះ មិនទាន់បានបង្ហាញ ថា កិច្ចសន្យា នឹងត្រូវចុះហត្ថលេខា ឬ ថា ការចរចានឹងត្រូវបញ្ចប់នោះដែរ។

ជប៉ុន កាលពីចុងឆ្នាំ២០២២ បានចេញសេចក្ដីព្រាងឯកសារការពារជាតិថ្មីដ៏ធំសម្បើមមួយ ចំពេល ចិន កំពុងតែបង្កើនឥទ្ធិពលយោធាយ៉ាងខ្លាំង នៅក្នុងតំបន់។ ចំណែក រដ្ឋាភិបាលរបស់លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន ក៏បានយល់ព្រម បែងចែកថវិកា ចំនួន៤៣ពាន់ពាន់លានយ៉េន (លុយជប៉ុន) ឬស្មើនឹង ៣២៣,៤ពាន់លានដុល្លារអាមេរិក សម្រាប់ការចំណាយ លើវិស័យការពារជាតិ ចន្លោះពីឆ្នាំ២០២៣ ដល់២០២៧ ដោយកើនឡើង រហូតដល់៥០ភាគរយ លើសពីថវិកា រយៈពេលប្រាំឆ្នាំមុននេះ។ សេចក្ដីព្រាងនេះ មានន័យ ថា ក្រុងតូក្យូ បានសម្រេចចិត្ត បង្កើនការទិញគ្រឿងយុទ្ធោបករណ៍ទំនើបៗ អាចបាញ់ រហូតដល់ចម្ងាយ ជាង២០០០គីឡូម៉ែត្រ សម្រាប់បំពាក់ដល់កងទ័ពរបស់ខ្លួន ដើម្បីប្រឈមមុខជាមួយនឹងសត្រូវ។

ជប៉ុន បានបង្កើតយុទ្ធសាស្រ្ដសន្ដិសុខជាតិថ្មីរបស់ខ្លួនបែបនេះ បានកើតឡើង ស្របពេលចិនកំពុងតែគំរាមកំហែង ទៅលើកោះតៃវ៉ាន់ ខណៈរុស្ស៊ី កំពុងតែបន្ដឈ្លានពាន ទៅលើអ៊ុយក្រែន និង កូរ៉េខាងជើង កំពុងតែបង្កើនមហិច្ឆតា លើអាវុធមហាប្រល័យលោក ហើយការបាញ់ផ្លោងមីស៊ីលឥតឈប់ឈរ បង្កឲ្យប៉ះពាល់ដល់សន្ដិសុខ ទាំងនៅក្នុងតំបន់ និង ពិភពលោក៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×