ភ្នំពេញ ៖ ទាក់ទងទៅនឹងករណីដែល លោកស្រី ទ្រី ដាណា ចង់ប្រើប្រាស់សម្លៀកបំពាក់បុរាណក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ប៉ុន្តែត្រូវបាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតម្រូវឱ្យកែសម្រួលនូវកំហុសឆ្គងមួយចំនួននោះ, នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារសំឡេងពិសេសមួយ បញ្ជាក់ថា សម្ដេចតេជោ សូមគាំទ្រចំណាត់ការរបស់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ព្រោះថា ការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវលើទម្រង់សម្លៀកបំពាក់បុរាណនោះ ចៀសវាងនាំមកនូវការភ័ន្តច្រឡំ នៅពេលយកទៅស្លៀកពាក់បង្ហាញជាសាធារណៈក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

ទាក់ទិននឹងករណីនេះ លោកស្រី ទ្រី ដាណា នៅពេលថ្មីៗនេះ បានចោទប្រកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថា បង្កការលំបាក ដល់ខ្លួនលោកស្រី ក្នុងការរៀបចំបង្ហាញឈុតសម្លៀកបំពាក់បែបបុរាណក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលខ្លួនគ្រោងចំណាយថវិកាប្រមាណ ១០ម៉ឺនដុល្លារ។
ចំពោះប្រតិកម្មរបស់ លោកស្រី ទ្រី ដាណា នេះ ត្រូវបាន មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បំភ្លឺតបវិញថា ក្រសួងមិនមានចេតនាបង្កការលំបាក ឬបន្ទុចបង្អាក់លើបំណងលោកស្រីនោះឡើយ, តែអ្វីដែលនាំឱ្យមានការយឺតយ៉ាវក្នុងការឆ្លើយតបនោះ គឺក្រសួងត្រូវការពិនិត្យផ្ទៀងផ្ទាត់ ធ្វើយ៉ាងណាកុំឱ្យការបង្ហាញឈុតសម្លៀកបំពាក់នោះខុសនឹងទម្រង់ និងបែបបទរបស់ខ្មែរ។

ក្រសួង បានបញ្ជាក់ថា ទម្រង់សម្លៀកបំពាក់ដែលលោកស្រី ទ្រី ដាណា ចង់បង្ហាញនោះ គឺមានការខុសឆ្គងមួយចំនួន ដែលតម្រូវឱ្យមានការកែសម្រួលឡើងវិញ។
ឆ្លើយតបទៅនឹងវិវាទនេះ ម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្លៀកបំពាក់ពីជំនាន់បុរាណ ចាំបាច់ត្រូវតែធ្វើឱ្យបានត្រឹមត្រូវ, បើមិនដូច្នោះទេ បន្ទាប់ពីយើងដាក់តាំងបង្ហាញហើយនោះ ពោលគឺ យើងបានថតហើយបង្ហោះចេញទៅ គឺមានផលប៉ះពាល់ ÷ ទី១- ធ្វើឱ្យខូចនូវច្បាប់ដើមរបស់យើង, ទី២- អាចនឹងប្រទេសជិតខាងរបស់យើងចោទប្រកាន់ថា យើងបានលួចចម្លងពីប្រទេសរបស់គេ។

នេះជារឿងដែលខ្ញុំ-ព្រះករុណាខ្ញុំ ត្រូវតែពន្យល់ លោកស្រី ទ្រី ដាណា ក៏ដូចជាពន្យល់ទៅដល់ព្រះសង្ឃ និងប្រជាពលរដ្ឋយើងទាំងអស់ ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីការពារវប្បធម៌ដូនតារបស់យើង មិនមែនក្រសួងមានការតឹងតែងទេ។ បើក្រសួងបណ្តែតបណ្តោយឱ្យមានការតាំងខុសពីទម្រង់ដើម នោះក្រសួងនឹងទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលផង និងទទួលខុសត្រូវចំពោះរដ្ឋសភាផង។
សូមកុំភ្លេចថា ច្បាប់របស់យើងរដ្ឋមន្ត្រី ត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និងចំពោះមុខសភាជាតិ, ហេតុដូច្នេះ លោកស្រី ទ្រី ដាណា ទទួលយកការណែនាំ និងកែតម្រូវទៅតាមការកំណត់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ , ក្នុងករណីទទួលយកមិនបានទេ គឺមិនអនុញ្ញាតឱ្យប្រើប្រាស់ ឬមានការតាំងនោះទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





















