ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិត លើកឡើងអំពីសារៈប្រយោជន៍ និងភាពសំខាន់ចាំបាច់របស់ទន្លេ ផ្សារភ្ជាប់ជាមួយនឹងការរស់នៅរបស់មនុស្សលោក និងធម្មជាតិ មិនអាចកាត់ផ្ដាច់បាន, ដែលសារលិខិតនេះ បានធ្វើឡើងក្នុងឱកាសពិធីបុណ្យទន្លេ លើកទី៧ ចាប់ពីថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត»។
ការរៀបចំពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ នេះ គឺមានលក្ខណៈកាន់តែវិសេសវិសាល ដោយសារខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា មានព្រំប្រទល់ដ៏វែងជាប់បឹងទន្លេសាប ហើយមានប្រាសាទសំបូរព្រៃគុក ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០១៧ , ជាខេត្តជង្រុកស្រូវដ៏សំខាន់របស់កម្ពុជា ជាអតីតរាជធានី និងមានរឿងរាវប្រវត្តិសាស្ត្របង្កប់ទុកជាច្រើន រួមជាមួយតំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្រជាច្រើនទៀត។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីសារៈប្រយោជន៍ និងភាពសំខាន់ចាំបាច់របស់ទន្លេ ផ្សារភ្ជាប់ជាមួយនឹងការរស់នៅរបស់មនុស្សលោក ថា ទឹកទន្លេជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តាល និងពូនជ្រំនូវវប្បធម៌ និងអរិយធម៌។ តាំងពីបុរាណកាលមកមនុស្សជាតិរស់នៅតាមបណ្ដោយទន្លេ បន្តពូជពង្ស និងរស់នៅដោយបណ្ដុំគ្នាពីមួយជំនាន់ទៅមួយជំនាន់។ ទន្លេជាអំណោយពីធម្មជាតិ ដែលជាទីបង្អែកសម្រាប់ការរស់នៅ របស់យើង និងជាចំណងធម្មជាតិនៃការជួយយកអាសាគ្នារបស់យើងទៀតផង។
ទន្លេបានផ្សារភ្ជាប់ប្រទេសនានា ដែលហូបទឹកនៃទន្លេតែមួយឱ្យក្លាយជាសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្នាដោយស្មោះត្រង់ និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ។ ទន្លេ ក៏បានរួមចំណែកជំរុញការតភ្ជាប់រឹតចំណង មិត្តភាព សាមគ្គីភាព រវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់នានា ដូចជាក្របខ័ណ្ឌ CLMV ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-ឡានឆាង មេគង្គ-កូរ៉េ និងមេគង្គ-គង្គា ជាដើម។

ការប្រារព្ធពិធីបុណ្យទន្លេរបស់រាជរដ្ឋាភិបាល បានក្លាយជាព្រឹត្តិការណ៍ ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និងសហគមន៍ទេសចរណ៍ តាមដងទន្លេជាដើម។
ងាកទៅទីតាំងនៃព្រឹត្តិការណ៍បុណ្យទន្លេវិញ គេឃើញមានវត្តមាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ, លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត, ហើយពិធីបុណ្យរយៈពេលបីថ្ងៃនេះ មានរៀបចំកម្មវិធី និងព្រឹត្តិការណ៍កម្សាន្តសប្បាយផ្សេងៗជាច្រើន ព្រមទាំងកីឡាផងដែរ ដូចជា ÷
- ការតាំងពិព័រណ៍កសិ-ទេសចរណ៍ និងផលិតផលសហគ្រាសធុនតូច និងមធ្យម ផលិតផលខ្មែរ និងបរទេស នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន,
- កម្មវិធីប្រកួតកីឡាប៉េតង់ នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ,
- សិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅអបអរពិធីបុណ្យទន្លេ,
- ពិធីដាំដើមឈើអនុស្សាវរីយ៍ចំនួនជាង១០០ដើម នៅសួនអាពាហ៍ពិពាហ៍ ស្រុកកំពង់ស្វាយ,
- កម្មវិធីប្រកួតកីឡាប៉េតង់ នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ,
- មហោស្រពម្ហូបអាហារ និងភេសជ្ជៈ នៅបណ្ដោយសួនច្បារមាត់ស្ទឹងសែន,
- កម្មវិធីប្រកួតកីឡាបាល់ទាត់លើតុ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាបាល់ទាត់ឆ្នេរខ្សាច់ នៅឆ្នេរខ្សាច់មាត់ស្ទឹងសែន,
- កម្មវិធីប្រកួតប្រដាល់គុនខ្មែរ នៅឆ្នេរខ្សាច់មាត់ស្ទឹងសែន។
- ការសម្ដែងសិល្បវប្បធម៌ និងប្រគំតន្ត្រី នៅឆាកធំ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






