Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ណែនាំឲ្យបុគ្គលិកបម្រើការអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងកុំដំឡើងថ្លៃសេវាកម្មហួសហេតុពេក

spot_img

កំពង់ធំ៖ ពិធីបុណ្យទន្លេលើកទី ៧ បានចាប់ផ្តើមហើយ ជាមួយការរៀបចំទីកន្លែងកម្សាន្តផ្សេងៗជាច្រើនសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។​

ពិធីបុណ្យទន្លេ ឆ្នាំ២០២៣នេះ បានប្រារព្ធធ្វើឡើងនៅខេត្តកំពង់ធំ ដោយរំពឹងថា នឹងមានអ្នកចូលរួមទស្សនាកម្សាន្តពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើន ខណៈព្រឹត្តិការណ៍នេះ នឹងមានការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ការបាញ់កាំជ្រួច និងតាំងពិព័រណ៍ផលិតផលជាច្រើនប្រភេទ។

ក្នុងឱកាសបុណ្យទន្លេនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់ប្រធានមន្ទីរទេស​ចរណ៍ខេត្ត និងមន្ត្រីរាជការចំណុះ ត្រូវផ្សព្វផ្សាយទៅកាន់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងក្រុង ត្រូវរៀបចំឱ្យបុគ្គលិកបម្រើការស្លៀកពាក់ឯកសណ្ឋានរៀងៗខ្លួនឱ្យបានត្រឹមត្រូវ និងទាំងអស់គ្នា ដើម្បីជាចំណែកទាក់ទាញភ្ញៀវទេសចរ និងលម្អសោភ័ណភាពផង ពិសេសកុំដំឡើងថ្លៃសេវាកម្មហួសហេតុពេក។

ពិធីបើកជាផ្លូវការ នឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ ខណៈទិដ្ឋភាពនេះ គឺនៅតាមបណ្ដោយដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ពិធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next) ដោយផ្តោតសំខាន់លើការអប់រំផ្សព្វផ្សាយពីវិស័យទេសចរណ៍ ផ្សារភ្ជាប់ជាមួយវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន និងការរស់នៅរបស់ប្រជាជននៅតាមដងទន្លេ ស្ទឹងក្នុងតំបន់ ព្រមទាំងផ្សព្វ ផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវសហការគ្នារៀបចំការងារដែលនៅសេសសល់ឱ្យបានរួចរាល់។ ការរៀបចំឱ្យបានគ្រប់គ្រាន់នូវបន្ទប់ទឹកសម្រាប់មហាមហាជន និងប្រជាជន ហើយត្រូវពង្រឹងគុណភាពសេវាកម្ម អនាម័យនៅតាមទីមហោស្រពម្ហូបអាហារខ្មែរឲ្យត្រឹមត្រូវ។

ឯកឧត្តម ថោង ខុន បានសង្កត់ធ្ងន់ថា ពិធីបុណ្យទន្លេលើកទី៧នេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។

គួរបញ្ជាក់ថា ពិធីបុណ្យទន្លេឆ្នាំនេះ នឹងមានការសម្ដែងសិល្បៈ របាំជនជាតិភាគតិចកួយ និងមហោស្រពម្ហូបអាហារខ្មែរ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ។ បន្ថែមពីនេះ ត្រូវលើកទឹកចិត្តឱ្យមានការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍ផលិតផលសិប្បកម្ម កសិទេសចរណ៍ និងផលិតផលក្នុងស្រុក ភូមិមួយផលិតមួយ ផលិតផលកែច្នៃ ព្រមទាំងមានសកម្មភាពកីឡាឱ្យបានច្រើនកុះករ។ ក្រៅពីនេះទៀត ក៏ត្រូវមានការបង្ហាញអំពីសក្ដានុពលវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានយល់ថា កម្ពុជាមានប្រវត្តិសាស្ត្រ មានវប្បធម៌យូរលង់មកហើយរបស់កម្ពុជាផងដែរ។ សម្រាប់សម្មភាពក្នុងការផ្សព្វផ្សាយទេសចរណ៍សហគមន៍ ក៏ត្រូវតែរៀបចំឱ្យបានផុសផុលនៅក្នុងពិធីបុណ្យទន្លេលើកទី៧នេះដែរ៕

spot_img
×