ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបើកកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ក្រោមវត្តមានរបស់ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាលើសំណើសុំរបស់ក្រុមហ៊ុនចំនួន ១០ ដែលបានស្នើវិនិយោគនៅកម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រជុំពិភាក្សា និងសម្រេចគាំទ្រការស្នើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីទាំង១០ ក្រុមហ៊ុននេះ ដោយភ្ជាប់ជាមួយល័ក្ខខ័ណ្ឌតម្រូវរបស់គណៈកម្មាធិការអន្តរក្រសួង ដែលចាំបាច់សម្រាប់ឲ្យក្រុមហ៊ុនអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងបំពេញលក្ខណៈវិនិច្ឆ័យជាគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (Qualified Investment Projects ”QIP”)។

គួរបញ្ជាក់ថា គម្រោងវិនិយោគទាំង១០ ក្រុមហ៊ុន ដែលមកពីពហុវិស័យឧស្សាហកម្មនេះ ផ្តោតលើឧស្សាហកម្មតំឡើងបរិក្ខាអេឡិចត្រូនិក ការផលិត និងផ្គុំតំឡើងបន្ទះសូឡា រោងចក្រកែច្នៃ និងវេចខ្ចប់កសិផល កសិដ្ឋានចិញ្ចឹមពូជគោ និងគោសាច់ខ្នាតធំ ដាំដំណាំកសិ-ឧស្សាហកម្ម និងសាងសង់រោងចក្រកែច្នៃ រោងចក្រផលិតគ្រឿងសង្ហារឹម គម្រោងទេសចរណ៍អភិវឌ្ឍន៍កោះ និងវិស័យទូរគមនាគមន៍ជាដើម៕
