សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង (NIS) បានបង្ហាញថា កូនដំបូងរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺជាកូនប្រុស។
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ជាធម្មតា លោក គីម ជុងអ៊ុន តែងបង្ហាញវត្តមានតែជាមួយកូនស្រីរបស់គាត់ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើងរូបនេះ ត្រូវបានគេនិយាយថា មានកូនបីនាក់ ហើយកូនច្បងទី១របស់គាត់ គឺជាកូនប្រុស។ តែទន្ទឹមនឹងនេះ ភេទរបស់កូនទី៣ មិនត្រូវបានគេបង្ហាញឱ្យដឹងឡើយ ។
ជុំវិញរឿងនេះ លោក Yoo Sang Beom សមាជិកសភា មកពីគណបក្សកាន់អំណាចកូរ៉េខាងត្បូង ដែលបានដកស្រង់ព័ត៌មានពី NIS ឲ្យដឹងថា «យើងមិនមានភស្តុតាងជាក់ស្តែងណាមួយដែលថាកូនច្បងរបស់គាត់ (គីម ជុងអ៊ុន) គឺជាក្មេងប្រុសនោះទេ។ ប៉ុន្តែយើងជឿជាក់យ៉ាងមុតមាំថា វាផ្អែកលើការស៊ើបការណ៍សម្ងាត់ ដែលត្រូវបានចែករំលែកជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់»។
លោក Yoo បាននិយាយថា លោកកំពុងផ្ទៀងផ្ទាត់ ចំពោះការស៊ើបអង្កេតដែលបានអះអាងថា កូនច្បងរបស់លោក គីម ជុងអ៊ុន ជាក្មេងប្រុស ខណៈពាក្យចចាមអារ៉ាមដែលថា កូនប្រុសរបស់លោក Kim មានបញ្ហាផ្លូវកាយ និងផ្លូវចិត្ត មិនត្រូវបានបញ្ជាក់នោះទេ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន លោក គីម បានបង្ហាញជាសាធារណៈ ពីវត្តមានកូនស្រីទីពីររបស់គាត់ជាលើកដំបូង ដែលមានឈ្មោះ Ju-ae ជាមួយគាត់ ខណៈទៅមើលការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ។ ចាប់តាំងពីពេលនោះមក ក្មេងស្រី Ju-ae បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ និងកិច្ចប្រជុំជាច្រើនទៀត។ វត្តមាន Kim Ju-ae ក៏ត្រូវបានគេរំពឹងទុកថា កូនស្រីរូបនេះនឹងអាចជាអ្នកស្នងតំណែងរបស់មេដឹកនាំកូរ៉េខាងជើង។
តែយ៉ាងណាមិញ សម្រាប់កូនដំបូង និងពៅរបស់លោក គីម ជុងអ៊ុន មិនដែលបង្ហាញខ្លួនជាសាធារណៈនោះទេ។
ទាក់ទងនឹងកូនស្រីកណ្តាលរបស់លោក គីម ជុងអ៊ុន លោក Yoo បាននិយាយថា Ju-ae មិនបានចូលរៀននៅស្ថាប័នអប់រំផ្លូវការណាមួយទេ ប៉ុន្តែត្រូវបានទទួលការរៀនសូត្រនៅផ្ទះ។ យោងតាមប្រភពស៊ើបការណ៍ Ju-ae ចូលចិត្តជិះសេះ ហែលទឹក និងជិះស្គី ហើយលោក គីម ជាឪពុកពេញចិត្តនឹងជំនាញទាំងនេះរបស់កូនស្រីយ៉ាងខ្លាំងផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







