ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ឆ្លើយតបនឹង ក្រុមអ្នករាយការណ៍ពិសេស ដែលបំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោស លោក កឹម សុខា

ហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹង ក្រុមអ្នករាយការណ៍ពិសេស ដែលបំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោស លោក កឹម សុខា ដោយបានបញ្ជាក់ថា ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សប្រឆាំងឬអត់ ពុំបានផ្តល់សិទ្ធិឲ្យបុគ្គលនោះធ្វើសកម្មភាពដោយនិទណ្ឌភាពឡើយ។

ការបំភ្លឺរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានធ្វើឡើងបន្ទាប់ពី ក្រុមអ្នករាយការណ៍ពិសេស បានចេញផ្សាយព័ត៌មាន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដែលមានចេតនានយោបាយ និងមានបំណង បំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោស លោក កឹម សុខា។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍បំភ្លឺរបស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ៖ យោងតាមការចេញផ្សាយព័ត៌មានរបស់ក្រុមអ្នក រាយការណ៍ពិសេស ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដែលមានចេតនានយោបាយ និងមានបំណង បំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោស លោក កឹម សុខា ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រ កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ មានការចាំបាច់ សូមផ្ដល់ការបំភ្លឺអង្គហេតុ និងអង្គច្បាប់ ដូចតទៅ៖

១. ការលើកកម្ពស់ និងការធ្វើឱ្យប្រសើរឡើងនូវសិទិ្ធមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ទោះបីយ៉ាងនេះក្តី សិទ្ធិ និងសេរីភាពទាំងឡាយណា ដែលធ្វើឡើងតាមរយៈការឃុបឃិតផែនការសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសក្នុង គោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាអំពើខុសច្បាប់ ទោះបីយោងតាមបទដ្ឋានណាក៏ដោយ។

២.នៅប្រទេសកម្ពុជា ក៏ដូចសង្គមប្រជាធិបតេយ្យដទៃទៀត បុគ្គលបំពានច្បាប់អាចត្រូវរងការ ចោទប្រកាន់ និងផ្តន្ទាទោស ដោយឈរលើមូលដ្ឋាននៃបទល្មើសដែលបានប្រព្រឹត្ត និងមិន ផ្អែកលើឋានៈនយោបាយឡើយ។ ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្ស នយោបាយប្រឆាំងឬយ៉ាងណា ពុំបានផ្តល់សិទ្ធិឲ្យបុគ្គលនោះធ្វើសកម្មភាពដោយនិទណ្ឌភាព
ឡើយ។ បទល្មើសដែលបានប្រព្រឹត្តមិនអាចត្រូវបានប្រើជាទឡ្ហៈករណ៍សម្រាប់គោលបំណង ផ្ទាល់ខ្លួន ឬនយោបាយណាមួយនោះទេ។

៣.ដូច្នេះ ការផ្តន្ទាទោសលោក កឹម សុខា ធ្វើឡើងដោយផ្អែកទៅលើបទល្មើសសន្ទិដ្ឋិភាព ឬ ឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលមានចែងយ៉ាងច្បាស់នៅក្នុងបញ្ញត្តិមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សវនាការដោយយុត្តិធម៌លើលោក កឹម សុខា ត្រូវបានធ្វើ ឡើងយ៉ាងហ្មត់ចត់ និងបង្ហាញយ៉ាងច្បាស់តាមរយៈការបើកសវនាការដោយតម្លាភាព និង ជាសាធារណៈចំនួន ៦៦ លើក។

៤. ក្រុមអ្នកជំនាញដែលបានធ្វើអត្ថាធិប្បាយដោយសំអាងទៅលើមតិរបស់ក្រុមការងារ ស្ដីពីការ ឃុំខ្លួនតាមទំនើងចិត្ត ដែលជាបណ្តុះបុគ្គល៥រូប រួមគ្នា មិនត្រឹមតែពុំមានសំអាងត្រឹមត្រូវ ហើយថែមទាំងបង្កឱ្យមានការភ័ន្តច្រឡំទៀតផង។ មតិរបស់ក្រុមការងារនេះ ពុំមានទម្ងន់អ្វី ទាល់តែសោះ រាប់ទាំងទម្ងន់ផ្លូវច្បាប់មកលើរដ្ឋអធិបតេយ្យមួយ។ បុគ្គលទាំង៥ រូប ពុំមែនជា មន្ត្រីអង្គការសហប្រជាជាតិ គ្រាន់តែបម្រើក្នុងឋានៈផ្ទាល់ខ្លួន ដែលពុំមានការយល់ដឹង ជាក់ស្តែងអំពីការពិត និងច្បាប់របស់កម្ពុជា។

៥. ផ្ទុយពីការចោទប្រកាន់របស់ក្រុមអ្នករាយការណ៍ពិសេសខាងលើ ការចាប់ និងឃុំខ្លួនលោក កឹម សុខា គឺធ្វើឡើងស្របតាមនីតិវិធីច្បាប់ទាំងស្រុង។ ដោយជនជាប់ចោទបានប្រព្រឹត្តបទ ល្មើសជាក់ស្ដែង នគរបាលយុត្តិធម៌មានសិទ្ធិអំណាចពេញលេញក្នុងការចាប់ខ្លួន នៅពេល វេលា និងទីកន្លែងណាក៏បាន ដោយមិនគិតពីអភ័យឯកសិទ្ធិសភា។ ចាប់តាំងពីការចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៧ មក លោក កឹម សុខា ទទួលបានសិទ្ធិ និងឱកាសការពារផ្លូវច្បាប់ យ៉ាងពេញលេញ ដោយមានការគាំទ្រពីមេធាវីចំនួនបួនរូប ដើម្បីការពារខ្លួនពីការចោទប្រកាន់ និងបង្ហាញទឡ្ហៈករណ៍នៅក្នុងតុលាការ ដែលជាផ្នែកនៃសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌។

៦. ការចោទប្រកាន់ថា ការឃុំខ្លួនលោក កឹម សុខា បណ្ដោះអាសន្ន ធ្វើឡើងតាមទំនើងចិត្ត គឺ គ្រាន់តែជាការបំផ្លើស និងបង្ហាញយ៉ាងច្បាស់អំពីការយល់ដឹងនៅមានកម្រិត ឬពុំមានឆន្ទៈ ចង់យល់ដឹងអំពីនីតិវិធីតុលាការកម្ពុជា ពីសំណាក់ក្រុមអ្នករាយការណ៍ពិសេសទាំងនោះ។ យោងតាមមាត្រា ២០៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុង ករណីបទឧក្រិដ្ឋអាចពន្យារដល់អតិបរមា១៨ ខែ។ ការណ៍ដែល លោក កឹម សុខា ត្រូវបានដោះលែងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ “ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមានលក្ខខណ្ឌ” មានន័យថា គាត់ពុំស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្នទៀតទេ។ វិធានការ ត្រួតពិនិត្យរបស់តុលាការ គឺគ្រាន់តែជាការធានាវត្តមានជនជាប់ចោទដើម្បីបន្តនីតិវិធីច្បាប់ នៅចំពោះមុខតុលាការ។

៧. ការចោទប្រកាន់របស់ក្រុមអ្នករាយការណ៍ពិសេសខាងលើ អំពីកង្វះការចូលរួមជាសាធារណៈ នៅក្នុងបន្ទុកសវនាការមានន័យស្មើនឹងកង្វះយុត្តិធម៌ គឺជាការចំអកលើបទដ្ឋាននៃវិជ្ជាជីវៈច្បាប់ និងតុលាការ។ នៅគ្រប់ប្រទេសប្រជាធិបតេយ្យទាំងអស់ ការសម្រេចឱ្យចូលទៅក្នុង បន្ទប់សវនាការតែងតែជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយពិចារណាលើទំហំជាក់ស្តែងន បន្ទប់សវនាការ សណ្តាប់ធ្នាប់ និងសន្តិសុខ។ ក្រុមអ្នករាយការណ៍ពិសេសប្រហែលពុំបាន ដឹងទេថា មានតំណាងអង្គទូតជាច្រើនបានចូលរួមតាមដាន នៅក្នុងបន្ទប់សវនការទាំងមូល។

៩. ទោះបីជាអវត្តមានអ្នកនយោបាយពីរឬបីរូប ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ ដោយសារការបំពានច្បាប់ក៏ដោយ ក៏ប្រទេសកម្ពុជានៅតែប្រកាន់ខ្ជាប់នូវការបោះឆ្នោតជា សកល នៅខែកក្កដា ខាងមុខនេះ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព និងឆ្លុះ បញ្ចាំងយ៉ាងពេញលេញពីឆន្ទៈរបស់ពលរដ្ឋ។

១០.ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ សូមទទូចឱ្យអ្នករាយការណ៍ពិសេស ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវក្រម សីលធម៌សម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស ក្នុងការបំពេញមុខងាររបស់ខ្លួន រួមទាំងការ ធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយដែលអាចត្រូវបានគេចាត់ទុកថា ជាការជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម