តាមរយៈការពិភាក្សារគ្នារវាង លោក Nishida Seibaku ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Nishida Baley Processing Co., Ltd ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន និងឯកឧត្តម ហេង រតនាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(ស៊ីម៉ាក់) បានឲ្យដឹងថា កម្ពុជា និងជប៉ុន គ្រោងផលិតស្រូវសាលី នៅខេត្ដបាត់ដំបង សម្រាប់នាំចេញក្រៅស្រុក និងផ្គត់ផ្គង់ក្នុងស្រុក។

ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា កិច្ចពិភាក្សា ផ្តោតទៅលើកិច្ចសហការនៃខ្សែច្រវាក់ផលិតកម្ម ក្នុងការផលិតស្រូវសាលី ដែលនឹងត្រូវកែច្នៃដោយក្រុមហ៊ុនអ្នកជំនាញជប៉ុន Nishida Baley Processing Co., Ltd ដើម្បីផលិតជាផលិតផលសម្រេចក្នុងការនាំចេញ។

ឯកឧត្តម បានបញ្ជាក់ថា ផែនការនៃការដាំដុះស្រូវសាលីនេះ គ្រោងនឹងយកទៅអនុវត្តដាំដុះនៅមណ្ឌលអភិវឌ្ឍន៍មរតកតេជោ (CDC) ដែលក្រុមអ្នកបច្ចេកទេសជប៉ុន បានចុះទៅពិនិត្យ និងសិក្សាពីភូមិសាស្រ្ត ដើម្បីវាយតម្លៃពីសក្តានុពលនៃមណ្ឌល មុននឹងឈានទៅដល់ការអនុវត្តន៍គម្រោងនេះ។

បើសិនជាប្រទេសកម្ពុជា ផលិតបានស្រូវសាលី សម្រាប់នាំចេញ នោះវានឹងរួមចំណែកយ៉ាងសំខាន់នៃការផ្គត់ផ្គង់ដល់ប្រទេស ដែលមានតម្រូវការប្រើប្រាស់ស្រូវសាលីច្រើនផងដែរ។

គួរបញ្ជាក់ថា ប្រទេសជាច្រើនលើពិភពលោក បានប្រើប្រាស់ស្រូវសាលី សម្រាប់ធ្វើម្ស៉ៅ ឬធ្វើនំប៉័ង ជាដើម។ នៅអឺរ៉ុប អ៊ីតាលី នាំចូលស្រូវសាលីច្រើនជាងគេ បន្ទាប់មកមានប្រទេស ទុយនីស៊ី និងនៅទ្វីបអាហ្វ្រិក។ ប្រទេសធំៗ ដែលផលិតស្រូវសាលី សម្រាប់នាំចេញ មានសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី រុស្ស៊ី និង អ៊ុយក្រែន។ សង្រ្គាមនៅអ៊ុយក្រែន ជាចំណែកមួយធ្វើឲ្យទំនិញ និងតម្លៃស្បៀងអាហារពិភពលោកកើនឡើងខ្លាំង៕

