ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីការអភិរក្ស អភិវឌ្ឍន៍បឹងទន្លេសាប ត្រូវគិតគូរដល់ការរស់នៅ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ

កំពង់ធំ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងពីការគ្រប់គ្រងបឹងទន្លេសាប ដោយបញ្ជាក់ថា រាជរដ្ឋាភិបាល បានបែងចែកដីបឹងទន្លេសាប ជា ៣តំបន់, ក្នុងនោះដីតំបន់៣ ជាដីមិនអាចអាស្រ័យផល និងមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិ, តំបន់២ ជាដីអាចអាស្រ័យផលបាន ប៉ុនែ្តមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិបានឡើយ, និងតំបន់១ ជាដីអាចអាស្រ័យផល និងអាចធ្វើជាម្ចាស់កម្មសិទ្ធិបាន។

ខ្ញុំសូមរំលឹកជាថ្មីម្តងទៀត ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប ត្រូវពន្លឿននូវការកាត់ឆ្វៀលដីបឹងទន្លេសាបចេញពីតំបន់២ និងតំបន់៣ ជូនប្រជាពលរដ្ឋឲ្យបានឆាប់ចប់សព្វគ្រប់ ព្រោះថា ការងារគ្រប់គ្រងបឹងទន្លេសាប ត្រូវគិតទៅលើការងារ ២ សំខាន់ គឺការអភិរក្ស និងការគិតគូរដល់ការរស់នៅ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៧ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣, ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបន្ថែមថា ខ្ញុំសូមថ្លែងអំណរគុណ ដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្ត ដែលបានខិតខំធ្វើការងារនេះបានល្អ ឆ្វៀលដីបឹងទន្លេសាប ដែលមកដល់ពេលនេះ នៅសេសសល់មិនច្រើនប៉ុន្មានទេ ក៏ប៉ុន្តែខ្ញុំសុំរំលឹកធ្វើឱ្យបានចប់សព្វគ្រប់។

គួររំលឹកថា កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ឱ្យរៀបចំកាត់ឆ្វៀលដីបឹងទន្លេសាប ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានមុនចូលឆ្នាំខ្មែរ ក្នុងខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

សម្តេចតេជោបញ្ជាក់ថា បើទោះតំបន់៣ មិនត្រូវបានផ្តល់កម្មសិទ្ធិក៏ពិតមែន ប៉ុន្តែប្រសិនបើបងប្អូនប្រជាពលរដ្ឋបានរស់នៅតំបន់នោះយូរយារ រហូតដល់រាប់រយឆ្នាំហើយនោះ មិនត្រូវយកពួកគាត់ចេញនោះទេ ត្រូវតែកាត់ឆ្វៀលជូនពួកគាត់ ជាលក្ខណៈពិសេស។ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍តំបន់តាមដងទន្លេ ជាពិសេសបណ្តាខេត្តជុំវិញបឹងទន្លេសាប លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូនជាដើម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម