ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហាញពីការជក់ចិត្ដ ចំពោះផលិតផលដែលជាស្នាដៃខ្មែរ នៅតាមស្ដង់នានាក្នុងពិធីបុណ្យទន្លេលើកទី៧, ដោយសម្ដេចតេជោ បានថ្លែងថា ផលិតផលដែលយើងមើលឃើញនៅតាមស្ដង់នានា តាមបណ្ដាខេត្ត និងសហគមន៍ ដែលបានដាក់តាំងក្នុងពិធីបុណ្យទន្លេល្ងាចនេះ ខ្ញុំពិតជាមានការជក់ចិត្ដ ហើយក៏នឹកឃើញរឿង អតីតកាល ប្រៀបធៀបជាមួយនឹងបច្ចុប្បន្នកាល ដែលនៅតាមស្ដង់នីមួយៗ សុទ្ធតែមានការផលិតប្រកបដោយការទទួលខុសត្រូវ និងមានគុណភាព ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញបាន។

ការថ្លែងបែបនេះរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីបុណ្យទន្លេ លើកទី ៧ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ នៅក្រុងស្ទឹងសែនខេត្តកំពង់ធំ, សម្ដេចតេជោ បានលើកឡើងថា កម្ពុជានាពេលអនាគត បន្ទាប់ពីមានសន្ដិភាព បូកជាមួយនឹងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺមួយផ្នែកទាក់ទាញទេសចរណ៍ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺផលិតកម្ម ដែលបម្រើឱ្យសេចក្ដីត្រូវការរបស់ប្រជាជន ក៏ដូចជាផ្គត់ផ្គង់លើវិស័យទេសចរណ៍ ដូច្នេះត្រូវពង្រឹងការផលិតឱ្យកាន់តែគុណភាពល្អថែមទៀត។
ជាមួយគ្នានេះ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ពិសេសជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានហ្មត់ចត់ និងជាប់ជាប្រចាំ ដើម្បីផ្ដល់ទំនុកចិត្តអំពីសន្តិសុខសណ្ដាប់ធ្នាប់ដល់ទេសចរ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ការរៀបចំពិធីបុណ្យទន្លេ និងពិព័រណ៍នេះ គឺជាការរួមចំណែកក្នុងការប្រើប្រាស់ឲ្យអស់លទ្ធភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ ឱ្យប្រើប្រាស់ដំណើរកម្សាន្តទៅតាមកាលទេសៈ និងរដូវកាល, ម្យ៉ាងវិស័យទេសចរណ៍ ត្រូវបានចាត់ទុកជាការនាំចេញនៅនឹងកន្លែង ហើយយើងប្រើប្រាស់ផលិតផលនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិត តាមរយៈទីផ្សារទេសចរណ៍។
នៅឯទីតាំងពិធីបុណ្យទន្លេ គេសង្កេតឃើញមានការតាំងពិព័រណ៍សមិទ្ធផលមហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងការតាំងពិព័រណ៍កសិ-ទេសចរណ៍ ផលិតផលសហគ្រាសធុនតូច និងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន ៣០០ស្តង់ រួមជាមួយនឹងកម្មវិធីកម្សាន្តសប្បាយជាច្រើន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN



















