ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន គ.ជ.ប និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ទៅទស្សនកិច្ចផ្លូវការសង្កេត មើលប្រព័ន្ធបោះឆ្នោតបារាំងពីថ្ងៃទី១៣-១៩ ខែមីនា

ភ្នំពេញ: ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដែលពាក់ព័ន្ធនឹងការងារបោះឆ្នោត នឹងដឹកនាំគណៈប្រតិភូទៅអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ សង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប កាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២៣។

គ.ជ.ប បានបន្តថា យោងតាមកំណត់ទូតនៃស្ថានទូតបារាំង ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី អាត់ សូហ្វី នាយិកានៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិផ្នែកសន្តិសុខនៃក្រសួងមហាផ្ទៃ និងដែនដីឯនាយសមុទ្រ បារាំង បានអញ្ជើញគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង នៅទីក្រុងប៉ារីស ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ក្នុងពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

គ.ជ.ប បន្តទៀតថា ទស្សនកិច្ចនេះ ធ្វើឡើង បន្ទាប់ពីជំនួបរវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលភាគីបារាំងបានលើកឡើងពីគោលបំណងផ្តល់ការគាំទ្រដល់កិច្ចការពាក់ព័ន្ធនឹងការងារបោះឆ្នោតនៅកម្ពុជា តាមរយៈការរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ការងារ នៅសាធារណរដ្ឋបារាំង។
សូមជម្រាបថា គណៈប្រតិភូជាន់ខ្ពស់កម្ពុជារួមមាន គ.ជ.ប ដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃដែលពាក់ព័ន្ធនឹងការងារបោះឆ្នោត នឹងចេញដំណើរនៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៦ និង ៣០នាទី៕ រក្សាសិទ្ធិដោយៈចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម