ភ្នំពេញៈ ដោយពិនិត្យមើលឃើញមាគ៌ា គោលនយោបាយ និងសកម្មភាពបម្រើប្រជាពលរដ្ឋពិតប្រាកដ ក៏ដូចជាការរំដោះជាតិមាតុភូមិ ប្រជាជនរួចផុតពីរបបខ្មែរក្រហម ជាពិសេសសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាទាំងមូលជាលើកទី២ ចាកផុតពីគ្រោះមហន្តរាយដ៏កាចសាហាវនៃជំងឺរាតត្បាតកូវីដ-១៩ ទើបយើងខ្ញុំទាំងអស់គ្នាស្ម័គ្រចិត្តមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះជាការលើកឡើងរបស់តំណាងសមាជិកសមាជិកាគណបក្សថ្មីជិត៥០០នាក់ ក្នុងពិធីប្រកាសបណ្តាញបក្ស និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងវិស័យទេសចរណ៍ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

តំណាងសមាជិកថ្មីបានលើកឡើងទៀតថា តាមរយៈការអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជាស្ថាបនិកនៃសន្តិភាព បានធ្វើឱ្យសង្គ្រាមរ៉ាំរ៉ៃរាប់ទស្សវត្សនៅកម្ពុជាបានបញ្ចប់ និងនាំមកសូវសន្តិភាពពាសពេញផ្ទៃប្រទេស ព្រមទាំងបាននាំមកនូវការអភិវឌ្ឍជូនជាតិមាតុភូមិលើគ្រប់វិស័យ ជាពិសេសបានលើកស្ទួយកិត្យានុភាព កិត្តិយសជាតិកម្ពុជា ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ដោយពិនិត្យឃើញការលះបង់ដ៏ធំធេង និងកិច្ចខិតខំប្រឹងប្រែងបម្រើជាតិ និងប្រជាជនរបស់គណបក្សដោយឥតលក្ខខណ្ឌ ទើបសមាជិកសមាជិកាទាំងអស់ បានសម្រេចចិត្តស្ម័គ្រចិត្តរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសដើម្បីរួមចំណែកថែរក្សាសន្តិភាព បម្រើប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍«គ្រួសារបក្សតែមួយ វាសនាតែមួយ»។

ក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្ស បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងខ្សែជីវិតរបស់ខ្លួន ដែលបានមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានគោលនយោបាយច្បាស់លាស់ប្រាកដប្រជា និងអាចអនុវត្តបាន។ គណបក្សប្រជាជនកម្ពុជា ជាអង្គការចលនាមហាជនមួយដែលផ្សារភ្ជាប់ខ្លួន នៅជាមួយប្រជាជន និងសង្គមជាតិកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់។ ឯកឧត្តមសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកសមាជិកាគណបក្ស ត្រូវសាមគ្គីជាធ្លុងមួយ រួបរួមគ្នាថែរក្សាសន្តិភាព អធិបតេយ្យភាព និងបូរណភាពរបស់កម្ពុជា៕ ដោយៈ ចេស្តារ








