ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង : រាជរដ្ឋាភិបាលបានពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែក ក្នុងចំណោមប្រជាពលរដ្ឋដែលកាន់សាសនាខុសគ្នា

កណ្តាល:សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យផ្កាមហាសាមគ្គីកសាងសាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នូល ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើសេចក្តីរាយការណ៍គោរពជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថា អគារសិក្សាកំពុងសាងសង់ ១ខ្នងនេះមានកម្ពស់ ៧ជាន់ មានទំហំ១៤.៦៦៧ម៉ែត្រការ៉េ លើផ្ទៃដី១៤.៣៦៦ម៉ែត្រការ៉េ គ្រោងចំណាយទឹកប្រាក់អស់ជាង ៤លានដុល្លារអាមេរិក ដោយមិនទាន់គិតពីសម្ភារៈបំពាក់ ដោយបច្ចុប្បន្នកំពុងដំណើរការចាក់ជើងតាង និងធ្នឹម ដែលប្រភពថវិកាបានមកពីការចូលរួមបរិច្ចាគរបស់គណៈសង្ឃ ការប្រារព្ធពិធីបុណ្យផ្កា៣ខែម្ដង និងបានមកពីការនិមន្តសម្ដែងព្រះធម៌ទេសនា បិណ្ឌបាត្ររបស់សម្ដេចព្រះសាកលវិទ្យាធិការ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន លើមាគ៌ានៃការអភិវឌ្ឍ បើទោះបីជាជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុងក្តី និងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី។

សម្ដេចក្រឡាហោម ក៏បានកត់សម្គាល់ថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីគ្នាយ៉ាងរឹងមាំ ក្នុងនោះពាក្យស្លោក «អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ» ត្រូវបានគាំទ្រដោយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទី។

ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍បន្ថែមទៀតថា ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ បានបម្រើផ្នែកជំនឿដល់ពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់ មិនតែប៉ុណ្ណោះក៏ជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការចូលរួមរក្សាការពារ សន្តិភាពនៅកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងបានចូលរួមក្នុងសកម្មភាពជាតិសំខាន់ៗ ជាអាទិ៍ ការទប់ស្កាត់ការជួញដូរមនុស្ស ធ្វើជាទាសភាពក្នុងសម័យទំនើប ដោយបង្រៀនពុទ្ធបរិស័ទឱ្យលើកកំពស់តម្លៃរបស់មនុស្សជាតិ ការពារ និងរក្សា សន្តិភាពជាតិ មិនបង្កអសន្តិសុខដល់សង្គមជាតិ និងធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែក ក្នុងចំណោមប្រជាពលរដ្ឋដែលកាន់សាសនាខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់ ឱ្យក្លាយទៅជាកម្លាំងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ លើកតម្កើងសីលធម៌ និងទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ។

ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងខិតខំណែនាំ និងជំរុញប្រជាពលរដ្ឋពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា និងត្រៀមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នានាពេលខាងមុខផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុវណ្ណារិទ្ធ

ចូលមើលព័ត៌មានថ្មីៗបន្ថែម