ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ទម្លាយរឿងក្រុមជនឆបោកតាមតេឡេក្រាម ផ្ញើសារមកឱ្យសម្ដេចផ្ញើលុយទៅឱ្យពួកគេ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នរឿងនេះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ សូមឱ្យមានការប្រុងប្រយ័ត្នចំពោះជនឆបោកតាមបណ្ដាញទំនាក់ទំនងសង្គមជាពិសេស facebook និងតេឡេក្រាម, ព្រោះសម្ដេចជួបហើយ មានករណីជនឆបោកនៅក្រៅប្រទេសបានឆាតតាមតេឡេក្រាមមកឆបោកសម្ដេច។

ជាក់ស្ដែង តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិកាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានចែករំលែក និងបញ្ចេញនូវល្បិចបោកប្រាស់របស់ជនឆបោកនៅក្រៅប្រទេសមួយករណី ដែលបានផ្ញើសារមកសម្តេចឱ្យបាញ់លុយជូនពួកគេ តាមរយៈការបន្លំប្រើប្រាស់រូបលោកឧកញ៉ា ឃុន សៀ នៅលើ Profile Telegram ប៉ុន្តែធាតុពិតជនឆបោកនោះឈរជើងនៅតៃវ៉ាន់ ហើយលេខដែលពួកគេប្រើនោះជាលេខរបស់ប្រទេសឡាវ។

សម្ដេចតេជោ ហ៊ុន សែន បង្ហាញថា ជនរួមជាតិជាទីស្រឡាញ់ ឥឡូវមានល្បិចបោកប្រាស់ តាមតេឡេក្រាម ឬក៏តាមបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗទៀត ដែលមុននេះប្រហែល១ម៉ោង ខ្លួនខ្ញុំផ្ទាល់ត្រូវបានគេផ្ញើឆាតតាមតេឡេក្រាម គឺផ្ញើសារជាភាសាអង់គ្លេស ដើម្បីឱ្យខ្ញុំផ្ញើលុយតាម ABA ទៅឱ្យពួកគេ, ហើយជនឆបោកនោះប្រើប្រាស់រូប Profile ជារូបលោកឧកញ៉ា ឃុន សៀ ប៉ុន្តែលេខទូរស័ព្ទ ក្បាល ៨៥៦ ជាលេខទូរស័ព្ទរបស់ឡាវ, ហើយពួកជនឆបោកទាំងនោះ ប្រហែលមិនដឹងថា ការផ្ញើសារមកលេខទូរស័ព្ទនេះ ជាលេខរបស់នាយករដ្ឋមន្រ្តីនោះឡើយ។

យោងលើការស្រាវជ្រាវ អ្នកឆបោកនោះឈរជើងនៅតៃវ៉ាន់ឯណោះ ប៉ុន្តែគេបានផ្ញើ Telegram ហើយប្រើប្រាស់រូប Profile ជារូបលោកឧកញ៉ា ឃុន សៀ ដើម្បីឱ្យខ្ញុំផ្ញើប្រាក់ទៅទីនោះ។ ដូច្នេះ ខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជាមួយនឹងករណីបែបនេះ ក្រុមជនឆបោកអាចនឹងប្រើប្រាស់សាច់រឿងណាមួយជាអន្ទាក់ ឬក៏ល្បិចកលផ្សេងៗដើម្បីទាក់ទាញឱ្យប្រជាពលរដ្ឋជឿលង់ក្នុងការផ្ញើប្រាក់ទៅពួកគេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម