Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិមានក្រឹមឡាំងទទួលស្គាល់ថា ពូទីន ខាតបង់នៅក្នុងព្រឹត្ដិការណ៍សង្គ្រាមរបស់រុស្ស៊ី

spot_img

រដ្ឋធានីមូស្គូ៖ ក្រោយពេលបញ្ជាកម្លាំងទាហានរុស្ស៊ី ឲ្យបើកទ្វារព្រំដែន ចូលលុកលុយទៅលើប្រទេសអ៊ុយក្រែន មិនបានប៉ុន្មានម៉ោងផង លោកប្រធានាធិបតី ពូទីន បានអះអាង នៅតាមកញ្ចក់ទូរទស្សន៍របស់រុស្ស៊ី អំពីការយកជ័យជម្នះ នៅក្នុងការផ្ដួលរំលំរដ្ឋាភិបាលក្រុងកៀវ យ៉ាងយូរបំផុត ត្រឹមតែរយៈពេល៤៨ម៉ោង ប៉ុន្ដែរហូតមកដល់ពេលនេះ សង្គ្រាមរបស់ក្រុងមូស្គូ កំពុងតែបន្ដ ហើយវាបាន និង កំពុងតែធ្វើឲ្យកងទ័ពទាំងសងខាងស្លាប់យ៉ាងច្រើន ទើបវិមានក្រឹមឡាំង បានទទួលស្គាល់ អំពីការខាតបង់ នៅក្នុងសង្គ្រាម។

ទស្សនាវដ្ដីព័ត៌មានរបស់សហរដ្ឋអាមេរិក Newsweek បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ ថា បើតាមវិទ្យាស្ថានសិក្សាពីសង្គ្រាម (ISW) បានឲ្យដឹង ថា អ្នកនាំពាក្យមួយរូបរបស់វិមានក្រឹមឡាំង បានទទួលស្គាល់ ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) កំពុងតែធ្វើឲ្យបរាជ័យ នៅក្នុងការគ្រប់គ្រងសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន។

ការទទួលស្គាល់របស់មន្រ្ដីរុស្ស៊ីរូបនេះ បានកើតឡើង ក្រោយពេលលោក ពូទីន បានចាប់ផ្តើមធ្វើសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន តាមអ្វីដែលគាត់ហៅ ជា«ប្រតិបត្តិការយោធាពិសេស» កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ លោក ពូទីន មានគោលបំណង ធ្វើសង្គ្រាមនេះ ឲ្យទទួលបានជ័យជម្នះយ៉ាងឆាប់រហ័សបំផុត នៅលើប្រទេសអឺរ៉ុបខាងកើត ដែលជាប្រទេសធ្លាប់រស់នៅក្រោមអតីតសហភាពសូវៀតជាមួយគ្នា។ បើទោះជាកម្លាំងទាហាន ខិតខំបង្កើននូវការវាយលុកយ៉ាងសន្ធាប់ បាញ់ស្រោច ដោយមីស៊ីល ទាំងផ្លូវគោក ផ្លូវទឹក និង អាកាសយ៉ាងណាក្ដី ក៏កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន នៅតែអាចឆ្លើយតបបាន ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងការពារជាតិដ៏ខ្លាំងក្លា លើសពីលោកខាងលិចរំពឹងទុក ក្រោយពេលមានការពង្រឹងជំនួយរបស់បស្ចិមលោក រហូតរារាំងដល់មហិច្ឆតារបស់ក្រុងមូស្គូ មិនឲ្យទទួលបានជ័យជម្នះ និង ធ្វើឱ្យវិមានក្រឹមឡាំង មានជម្លោះផ្ទៃក្នុងមួយចំនួន ជុំវិញសង្គ្រាមនេះ។

ដោយសារតែសង្គ្រាមកំពុងតែបន្ដនោះ រុស្ស៊ី បានប្រើប្រាស់ព័ត៌មាន សម្រាប់ការផ្សព្វផ្សាយទស្សនៈរបស់ខ្លួន ជុំវិញជម្លោះនេះ តាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មាន និង បណ្ដាញសង្គម។ រុស្ស៊ី បានប្រើប្រាស់បច្ចេកទេសទាំងនេះ អស់រយៈពេលជាយូរយារណាស់មកហើយ ដើម្បីជំរុញឲ្យទស្សនៈរបស់ខ្លួន និង មានឥទ្ធិពលទៅលើកិច្ចការសកលទាំងអស់ ខណៈការបង្ក្រាបលើការមិនចុះសម្រុង នៅក្នុងព្រំដែនរបស់រុស្ស៊ី នាអំឡុងពេលសង្រ្គាម នៅអ៊ុយក្រែន។

វិទ្យាស្ថានសិក្សាពីសង្គ្រាម បានរាយការណ៍ កាលពីថ្ងៃសៅរ៍ ថា លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី បានទទួលស្គាល់ នៅក្នុងអំឡុងពេលវេទិកាមួយ អំពី«ទិដ្ឋភាពជាក់ស្តែង និង បច្ចេកវិទ្យាព័ត៌មាន ហើយការយល់ដឹងអំពីសង្គ្រាម នៅក្នុងការពិត នាសម័យទំនើបនេះ»។

លោកស្រី អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី រូបនេះ បានបញ្ជាក់ ថា មិនមានជម្លោះណាមួយ នៅក្នុងរង្វង់ផ្ទៃក្នុងរបស់លោក ពូទីន នោះឡើយ ហើយថា គាត់បានធ្វើមជ្ឈការគ្រប់គ្រង លើលំហព័ត៌មានរបស់រុស្ស៊ី»។

បើតាមវិទ្យាស្ថានសិក្សាពីសង្គ្រាម បានឲ្យដឹង ថា «នៅក្នុងអំឡុងពេលពិភាក្សានោះ លោកស្រី Zakharova បានថ្លែង ថា វិមានក្រឹមឡាំង មិនអាចចម្លងតាមវិធីសាស្រ្តរបស់ស្តាលីននិយម សម្រាប់ការបង្កើតសមមូល ទៅនឹងការិយាល័យព័ត៌មានរបស់សហភាពសូវៀត ដើម្បីគ្រប់គ្រងផ្នែកព័ត៌មានផ្ទៃក្នុងរបស់រុស្ស៊ី ដោយសារតែការប្រយុទ្ធគ្នា នៅក្នុងចំណោមពួកឥស្សរជនរបស់វិមានក្រឹមឡាំង ដែលមិនបានអះអាងនោះឡើយ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×