Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេទាហានស៊ីឈ្នួលរុស្ស៊ី អះអាងថា ការវាយលុកចូលទៅជិតដល់កណ្ដាលក្រុងបាកមូត ការប្រយុទ្ធកាន់តែខ្លាំងឡើង

spot_img

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ សង្គ្រាមវាយប្រយុទ្ធគ្នា រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង រុស្ស៊ី មានសភាពយ៉ាងខ្លាំងក្លា នៅសមរភូមិទីក្រុងបាកមូត ព្រោះភាគីជម្លោះទាំង២ សុទ្ធតែចង់ដណ្ដើមគ្រប់គ្រងទីក្រុងយុទ្ធសាស្រ្ដ ស្ថិតនៅភាគខាងកើតមួយនេះ ប៉ុន្ដែលោកខាងលិច បានអះអាង ថា ក្រុងមូស្គូ បានរងការខូចខាតកម្លាំងទាហានយ៉ាងធ្ងន់ធ្ងរ ថ្វីបើមានសន្ទុះ វាយរុលទៅមុខយ៉ាងណាក្ដី។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ ថា ក្រុងមូស្គូ កំពុងតែព្យាយាម ដណ្ដើមគ្រប់គ្រងទីក្រុងបាកមូត (Bakhmut) ស្ថិតនៅភាគខាងកើត ប្រទេសអ៊ុយក្រែន នៅក្នុងសង្គ្រាមស៊ីសាច់ហុតឈាមគ្នា ជាមួយនឹងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា កម្លាំងទាហានរបស់រុស្ស៊ី បានរងគ្រោះថ្នាក់យ៉ាងធ្ងន់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រុងមូស្គូ បានបាត់បង់ទាហាន ជាង ១ ១០០នាក់ និង រងរបួសយ៉ាងច្រើនផងដែរ។

ដោយឡែក ភាគីក្រុងមូស្គូ វិញ បានអះអាង ថា ទាហានរុស្ស៊ី បានសម្លាប់កងទ័ពអ៊ុយក្រែន ជាង ២២០នាក់ នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ ប៉ុន្ដែ BBC មិនអាចសុំការបញ្ជាក់ អំពីចំនួនខូចខាតរបស់ភាគីនីមួយៗបានទេ។

ក្រុមអ្នកវិភាគយោធា បានញ្ជាក់ ថា បាកមូត មានតម្លៃជាយុទ្ធសាស្រ្ដតិចតួច ប៉ុន្ដែវាបានក្លាយជាចំណុចស្នូល សម្រាប់មេបញ្ជាការទាហានរបស់រុស្ស៊ី ដែលបានតស៊ូ នៅក្នុងការផ្តល់ព័ត៌មានវិជ្ជមានណាមួយ ទៅកាន់វិមានក្រឹមឡាំងរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន។ ចំណែកការដណ្តើម កាន់កាប់ទីក្រុងមួយនេះ នឹងនាំឱ្យរុស្ស៊ី ខិតទៅជិតដល់គោលដៅរបស់ខ្លួន នៅក្នុងការគ្រប់គ្រងតំបន់ដូណែតស្ក៍ (Donetsk) ទាំងមូល។ ទីនោះ ជាតំបន់មួយ ស្ថិតក្នុងចំណោមតំបន់ចំនួនបួន នៅភាគខាងកើត និង ភាគខាងត្បូងរបស់អ៊ុយក្រែន ត្រូវបានក្រុងមូស្គូ ដាក់បញ្ចូល ជាទឹកដីរបស់រុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ២០២២ ក្រោយការបោះឆ្នោតប្រជាមតិ ហើយត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយនៅខាងក្រៅប្រទេសរុស្ស៊ី ថា ជាការបោកប្រាស់ ឬ ជាទង្វើខុសច្បាប់។

លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី (Yevgeny Prigozhin) ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group បានអះអាង ថា ក្រុមទាហាន Wagner ក្លាយជាកម្លាំងស្នូល នៃវាយលុករបស់រុស្ស៊ី នៅក្នុងទីក្រុងបាកមូត (Bakhmut) ។ លោក Yevgeny Prigozhin មានកេរ្តិ៍ឈ្មោះខ្លាំង ដឹកនាំកងទ័ពឯកជនរបស់គាត់ នៅក្នុងការវាយដណ្តើមយកទីក្រុង Bakhmut ។

ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group រូបនេះ បានបញ្ជាក់ ថា «ស្ថានភាព នៅក្នុងទីក្រុងបាកមូត ពិតជាលំបាក លំបាកខ្លាំងណាស់។ កម្លាំងសត្រូវកំពុងតែវាយប្រយុទ្ធ គ្រប់ម៉ែត្រ។ ចំណែកការចូលទៅកាន់តែជិតកណ្ដាលទីក្រុង ការប្រយុទ្ធ កាន់តែផ្ទុះខ្លាំងឡើង។ ប៉ុន្ដែក្រោយពេលការស្រមៃដណ្ដើមកាន់កាប់ទីក្រុងបាកមូត យើងនឹងចាប់ផ្ដើមចាក់ឫសជាថ្មី ហើយនឹងចាប់ផ្ដើម ជ្រើសរើសទាហានថ្មី មកពីតំបន់ផ្សេងៗ»។

ដោយឡែក វិទ្យាស្ថានសិក្សាពីសង្គ្រាម think tank មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានរាយការណ៍ ថា យុទ្ធជនរបស់ Wagner Group ទំនងជាត្រូវបានរារាំងកាន់តែខ្លាំង នៅក្នុងតំបន់ទីក្រុង…ហើយដូច្នេះក្រុមហ៊ុនទាហានឈ្នួលរបស់រុស្ស៊ី កំពុងតែមើលឃើញ អំពីការលំបាក វាយរុលចូលទៅមុខ។

ទីក្រុងបាកមូត មានប្រជាជន ប្រហែល ៧០ ០០០នាក់រស់នៅ មុនពេលសង្គ្រាមបានផ្ទុះឡើង ប៉ុន្ដែឥឡូវនៅមានមនុស្ស ប្រហែលត្រឹមតែ១ពាន់ទៅ២ពាន់នាក់ប៉ុណ្ណោះ។ ទីក្រុងមួយនេះ មានភាពល្បីល្បាញខាងរ៉ែអំបិល រ៉ែហ្គីបស្យ៊ូម (Gypsum) និង ទំពាំងបាយជូរ។

ក្រុមមន្រ្ដីលោកខាងលិច បានប៉ាន់ប្រមាណ ថា រហូតមកដល់ពេលនេះ ទាហានរបស់រុស្ស៊ី ចន្លោះពី២ម៉ឺនទៅ៣ម៉ឺននាក់ ត្រូវបានសម្លាប់ ឬ រងរបួស នៅក្នុងការវាយប្រយុទ្ធគ្នា នៅសមរភូមិទីក្រុងបាកមូត៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×