គេហទំព័រ Bernama បានរាយការណ៍ថា មានករណីនៃសមាជិកអន្តោប្រវេសន៍ម្នាក់ ដែលបានរងរបួសក្នុងអំឡុងពេលធ្វើតេស្តកាយសម្បទា សម្រាប់មន្រ្តី និងសមាជិកនៃក្រុមបច្ចេកទេសពិសេស (PASTAK) នៅកន្លែងអន្តោប្រវេសន៍បណ្តោះអាសន្ន នៅ Bidor ប្រទេសម៉ាឡេស៊ី។
យោងតាមលោក Datuk Seri Mohd Yusri Hassan Basri ស្នងការប៉ូលីស Perak បានឲ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង ៩ និង ៣០នាទី ព្រឹកថ្ងៃទី៩ ខែមីនា ដែលជាថ្ងៃចុងក្រោយនៃការធ្វើតេស្ត។
ក្នុងអំឡុងពេលធ្វើតេស្ត សិក្ខាកាម ២ នាក់ ត្រូវបានបញ្ជាឱ្យធ្វើសកម្មភាព «អាវ៉ង់» ចំនួន ២០ ដង ដោយមន្រ្តីជាន់ខ្ពស់។
លោកបានបន្តថា ខណៈពេលកំពុងធ្វើសកម្មភាព ស្រាប់ជនសង្ស័យជាមន្រ្តីជាន់ខ្ពស់នោះ បានដើរ «ជាន់ក» ជនរងគ្រោះ បណ្តាលឱ្យដួលរងរបួសត្រង់ច្រមុះ បាក់ធ្មេញមុខ ដាច់អញ្ចាញធ្មេញ និងបបូរមាត់។
ភ្លាមៗនោះ ជនរងគ្រោះបានទៅព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យ Shah Alam រដ្ឋ Selangor ហើយគេបានរាយការណ៍ប្រាប់ប៉ូលិស នៅវេលាម៉ោង ២ទៀបភ្លឺ ថ្ងៃទី១០ ខែមីនា។
ស្នងការនគរបាលខេត្ត Perak បានបន្ថែមថា «យើងបានកោះហៅជនសង្ស័យ និងអ្នកពាក់ព័ន្ធទាំងអស់ មកបំភ្លឺក្នុងការស៊ើបអង្កេតតាមមាត្រា ៣២៥ នៃក្រមព្រហ្មទណ្ឌ។ យើងសង្ឃឹមថាយុត្តិធម៌នឹងមាន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

