រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ សង្គ្រាមដណ្ដើមការកាន់កាប់ទីក្រុងបាកមូត ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk) នាភាគខាងកើត ប្រទេសអ៊ុយក្រែន កំពុងតែវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ និង ទាហានរបស់ក្រុងមូស្គូ ហើយសមរភូមិស៊ីសាច់ហុតឈាមគ្នា នៅក្នុងទីក្រុងភាគខាងកើតមួយនេះ កំពុងតែធ្វើឲ្យភាគីជម្លោះទាំង២ បាត់បង់កងទ័ពយ៉ាងច្រើន ទើបមេបញ្ជាការរបស់អ៊ុយក្រែន និង មេបញ្ជាការទាហានស៊ីឈ្នួលរបស់រុស្ស៊ី ចេញមុខមក អះអាង អំពីស្ថានភាពដ៏លំបាកបំផុត នៅលើសមរភូមិទីក្រុងភាគខាងកើតនោះ។

សារព័ត៌មានរបស់កាណាដា BNN បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ ថា លោក អូឡែកសាន់ដឺរ ស៊ារស្គី (Oleksandr Syrskyi) មេបញ្ជាការកទ័ពជើងគោករបស់អ៊ុយក្រែន បានបញ្ជាក់ ថា ស្ថានការណ៍ នៅសមរភូមិ ជុំវិញទីក្រុងបាកមូត នៅតែលំបាកខ្លាំង។ ជាមួយគ្នានេះ ក្រសួងការពារជាតិរបស់អ៊ុយក្រែន ក៏បានបង្ហោះនូវសេចក្ដីថ្លែងការណ៍របស់គាត់ នៅក្នុងអំឡុងពេលគាត់បានពិភាក្សា អំពីស្ថានការណ៍បច្ចុប្បន្ន នៅក្នុងទីក្រុង នាភាគខាងកើត ប្រទេសមួយនេះ។
សេចក្ដីថ្លែងការណ៍របស់មេបញ្ជាការកងទ័ពអ៊ុយក្រែន បានរៀបរាប់ ថា «ការវាយលុករបស់ទាហានស៊ីឈ្នួលរុស្ស៊ី Wagner មានការរុលចូលទៅមុខ មកពីទិសដៅជាច្រើន។ ពួកគេ កំពុងតែព្យាយាមទម្លុះខ្សែត្រៀមការពារ នៃកងទ័ពរបស់យើង ហើយឈានទៅដល់ស្រុកជាច្រើន នៅកណ្តាល ទីក្រុង។ ដោយឡែក កងទ័ពការពារទឹកដីរបស់យើង កំពុងតែធ្វើឱ្យខាតបង់យ៉ាងខ្លាំង ដល់កម្លាំងរបស់សត្រូវ នៅក្នុងអំឡុងពេលប្រយុទ្ធដ៏ខ្លាំងក្លានេះ។ ជាមួយគ្នានេះ កងទ័ពរបស់អ៊ុយក្រែន កំពុងតែប្រើប្រាស់កាំភ្លើងធំ រថក្រោះ និង គ្រឿងសព្វាវុធផ្សេងៗទៀត រារាំងរាល់ការប៉ុនប៉ងណាមួយរបស់សត្រូវ ដើម្បីដណ្តើមកាន់កាប់ទីក្រុងបាកមូតនេះ»។

ស្របគ្នានេះដែរ លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី (Yevgeny Prigozhin) ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group និង ជាមនុស្សជំនិតមួយរូបរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ ថា «ស្ថានភាព នៅក្នុងទីក្រុងបាកមូត ពិតជាលំបាក លំបាកខ្លាំងណាស់។ កម្លាំងសត្រូវកំពុងតែវាយប្រយុទ្ធគ្រប់ម៉ែត្រ។ ចំណែកការចូលទៅកាន់តែជិតកណ្ដាលទីក្រុង ការប្រយុទ្ធ កាន់តែផ្ទុះខ្លាំងឡើង។ ប៉ុន្ដែក្រោយពេលការស្រមៃដណ្ដើមកាន់កាប់ទីក្រុងបាកមូត យើងនឹងចាប់ផ្ដើមចាក់ឫសជាថ្មី ហើយនឹងចាប់ផ្ដើម ជ្រើសរើសទាហានថ្មី មកពីតំបន់ផ្សេងៗ»។
អគ្គសេនាធិការរបស់កងទ័ពអ៊ុយក្រែន បានបញ្ជាក់ ថា «កងទ័ពការពារទឹកដីរបស់យើង កាលពីថ្ងៃអាទិត្យ បានវាយលុក ទប់ទល់ការវាយប្រហាររបស់រុស្ស៊ី ចំនួន១០២លើក នៅក្នុងតំបន់ចំនួន ៥ ផ្សេងៗគ្នា។ ការវាយប្រហារទាំងនោះ រួមមាន វាយប្រហារដោយមីស៊ីល ចំនួន៣លើក វាយប្រហារតាមអាកាសចំនួន៨លើក និង វាយប្រហារដោយគ្រាប់រ៉ុក្កែតចំនួន៤៩លើក។

ជាមួយគ្នានេះដែរ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានសរសេរ បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី ចំនួន៧១០នាក់។ ជាមួយនឹងតួលេខស្លាប់ថ្មីនេះ ធ្វើឲ្យរុស្ស៊ី បាត់បង់កងទ័ព កើនឡើង ដល់១៥៩ ៨០០នាក់ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។
ទោះជាយ៉ាងណា គេមិនទាន់មានប្រភពឯករាជ្យណាមួយ បានបញ្ជាក់ អំពីចំនួនទាហានទាំងសងខាង បានស្លាប់ និង រងរបួសនោះឡើយ។ ប៉ុន្ដែ ក្រុមមន្រ្ដីលោកខាងលិច បានប៉ាន់ប្រមាណ ថា រហូតមកដល់ពេលនេះ ទាហានរបស់រុស្ស៊ី ចន្លោះពី២ម៉ឺនទៅ៣ម៉ឺននាក់ ត្រូវបានសម្លាប់ ឬ រងរបួស នៅក្នុងការវាយប្រយុទ្ធគ្នា នៅសមរភូមិទីក្រុងបាកមូត៕ រក្សាសិទ្ធិដោយ ៖ សារាយSN

















