ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ÷ បើមិនខំប្រឹងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនោះទេ មិនត្រឹមតែប្រើចន្លុះ ចង្កៀងប្រេងកាត ឬដុតទៀនឡើយ ថែមទាំងរារាំងដល់ការអភិវឌ្ឍស្ទើរគ្រប់វិស័យទៀតផង

ពោធិ៍សាត់ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្នើសុំការយោគយល់ពីប្រជាពលរដ្ឋចំពោះផលប៉ះពាល់ ដែលកើតចេញពីការធ្វើវារីអគ្គសិសនីស្ទឹងពោធិ៍សាត់១ ប៉ុន្តែវារីអគ្គិសនីនេះក៏ផ្ដើមជាប្រយោជន៍ និងបម្រើប្រជាពលរដ្ឋវិញផងដែរ គឺជួយផ្នែកឧស្សាហកម្ម ផ្នែកទេសចរណ៍ និងផ្នែកផ្សេងៗជាច្រើនទៀត។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីអញ្ជើញជាអធិបតី ពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោង នព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។

វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាពប្រមាណ ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតនៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលវាមិនត្រឹមតែចែកចាយការប្រើប្រាស់ថាមពលនៅក្នុងខេត្តពោធិ៍សាត់ប៉ុណ្ណោះទេ ថែមទាំងបញ្ជូនទៅដល់បណ្ដាខេត្តផ្សេងៗទៀតដែលនៅជាប់ព្រំប្រទល់គ្នា។

វារីអគ្គិសនីស្ទឹងពោធិ៍សាត់១នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ មកដល់ពេលនេះជិតរួចរាល់ហើយ។ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នឹងរួមចំណែកកាត់បន្ថយការជន់លិចទីរួមខេត្តពោធិ៍សាត់ក្នុងរដូវវស្សា និងធានាការផ្គត់ផ្គង់ទឹកនៅរដូវប្រាំង។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីទសវត្ស៩០ កម្ពុជាប្រើអគ្គិសនីត្រឹមតែប្រមាណ ៣០មេហ្គាវ៉ាត់ប៉ុណ្ណោះ តែបច្ចុប្បន្នប្រើរហូតដល់ទៅជា ២២០០មេហ្គាវ៉ាត់, ព្រោះថា សម័យនេះប្រជាពលរដ្ឋប្រើអគ្គិសនី មិនមែនសម័យប្រើភ្លើងចន្លុះទៀតនោះទេ ម៉្យាងវារីអគ្គិសនីជាប្រភពថាមពលដ៏ល្អមួយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងជារបៀបឆ្លើយតបថា អ្នកបរិស្ថាននិយមតែងតែជំទាស់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ជំទាស់ការធ្វើវារីអគ្គិសនី តើពួកគេចង់វិលទៅដុតចន្លុះវិញឬយ៉ាងណា? បើមិនប្រឹងប្រែងបង្កើតប្រភពថាមពលអគ្គិសនីទេ ប្រជាពលរដ្ឋនៅតែដុតចន្លុះ ប្រើចង្កៀង និងដុតប្រេងកាត។ ឥឡូវយើងបានអគ្គិសនីប្រើហើយ ដើរទាន់ពិភពលោកហើយ តើចង់ត្រឡប់ត្រឡិនយ៉ាងម៉េចទៀត?

អគ្គិសនីកកើតឡើងវិញ ដូចជា វារីអគ្គិសនីដែលយើងកំពុងមានសព្វថ្ងៃនេះ មិនត្រឹមតែបំពេញការប្រើប្រាស់របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏បំពេញដល់តម្រូវការឧស្សាហកម្ម និងទេសចរណ៍ និងសម្រាប់កិច្ចការផ្សេងៗជាច្រើនទៀត។

បើនិយាយពីតម្រូវការអគ្គិសនីវិញ ព្រោះថា ប្រជាពលរដ្ឋទូទាំងប្រទេសដែលតភ្ជាប់ជាមួយបណ្តាញអគ្គិសនីមានរហូតដល់ទៅ៩០ភាគរយឯណោះ ចំណែកបច្ចុប្បន្នថាមពលអគ្គិសនីរបស់កម្ពុជាទទួលបានពីប្រភពកកើតឡើងវិញ មានត្រឹមតែ ៦២ភាគរយប៉ុណ្ណោះ ដូច្នេះយើងខំប្រឹងរត់ប្រណាំងការអភិវឌ្ឍន៍អគ្គិសនីកកើតឡើងវិញជាមួយនឹងការរីកចម្រើនក្នុងពិភពលោកខ្លាំងណាស់។

ជាក់ស្ដែង យើងបានខិតខំបំពេញតម្រូវការអគ្គិសនីដល់រាជធានីភ្នំពេញខ្លាំងណាស់ ដែលបច្ចុប្បន្នត្រូវការថាមពលអគ្គិសនីរហូតដល់ទៅ ១ពាន់មេហ្គាវ៉ាត់ ខណៈកាលពីមុននេះត្រូវការតែត្រឹម៣០មេហ្គាវ៉ាត់ប៉ុណ្ណោះ ដូច្នេះបើយើងមិនខំប្រឹងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនោះទេ យើងមិនត្រឹមតែប្រើចន្លុះ ចង្កៀងប្រេងកាត ឬដុតទៀននោះទេ វាថែមទាំងរារាំងដល់ការអភិវឌ្ឍន៍ស្ទើរតែគ្រប់វិស័យទៀតផង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម