រាជធានីឡុងដ៍៖ ក្រោយពេលរដ្ឋាភិបាលក្រុងឡុងដ៍ បានចូលរួម នៅក្នុងកិច្ចព្រមព្រៀងកតិកាសញ្ញាសន្ដិសុខត្រីភាគី ជាមួយសហរដ្ឋអាមេរិក និង អូស្ដ្រាលី ដែលគេស្គាល់ថា AUKUS សម្រាប់ធានាដល់សេរីភាព និង លំហ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករួចមក ចក្រភពអង់គ្លេស បានបង្កើននូវការចំណាយបន្ថែមទៀត លើសន្ដិសុខ កាន់តែច្រើនឡើង ដោយសារតែប្រទេសមហាអំណាចមួយនេះ បានដាក់ចេញនូវគោលនយោបាយការបរទេស ប្រឆាំងនឹងការគំរាមកំហែងណាមួយ លេចចេញពីចិន និង រុស្ស៊ី។
សារព័ត៌មាន News 24 បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ថា ចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ បានរៀបរាប់លម្អិត អំពីផែនការ ជំរុញលើការចំណាយបន្ថែម លើវិស័យការពារជាតិ និង សន្តិសុខ ដើម្បីប្រឈមមុខនឹងបញ្ហាគំរាមកំហែង បង្កឡើង ដោយប្រទេសចិន ខណៈក្រុងឡុងដ៍ កំពុងតែប្រឆាំងនឹងក្រុងមូស្គូ ហើយចាត់ទុករុស្ស៊ី ជាការគំរាមកំហែងភ្លាមៗ ដល់តំបន់អឺរ៉ុបទាំងមូល។ ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលក្រុងឡុងដ៍ ក៏បានធ្វើបច្ចុប្បន្នភាពលើគោលនយោបាយការបរទេស និង ការពារជាតិ ជាយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ។

បើតាមរបាយការណ៍របស់រដ្ឋាភិបាលចក្រភពអង់គ្លស បានឲ្យដឹង ថា«ការគំរាមកំហែង បង្កឡើងដោយរុស្ស៊ី សម្រាប់សន្តិសុខនៅតំបន់អឺរ៉ុប ជាអាទិភាពបន្ទាន់បំផុត និង ជាអាទិភាពរយៈពេលខ្លី ទៅមធ្យម។ បើទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់ចក្រភពអង់គ្លេស ដែលមានកម្រាស់៦៣ទំព័រនោះ ត្រូវបានចងក្រង អស់រយៈពេលជាច្រើនខែមកហើយ និង មានការចូលរួមពាក់ព័ន្ធ មកពីស្ថាប័នជំនាញរបស់រដ្ឋាភិបាលផ្សេងៗ ក៏បានកំណត់ ថា ចិន ជាបញ្ហាប្រឈមមុខជាប្រព័ន្ធ ជាមួយនឹងផលប៉ះពាល់ ស្ទើរតែគ្រប់វិស័យ សម្រាប់គោលនយោបាយរបស់រដ្ឋាភិបាល»។

របាយការណ៍ដដែលនោះ បានបង្ហាញ អំពីតម្រូវការចាំបាច់ សម្រាប់ចក្រភពអង់គ្លេស នៅក្នុងការពង្រឹងសម្ពន្ធមិត្តរបស់ខ្លួន និង កសាងទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ ជាមួយដៃគូ ដែលមានគំនិតដូចគ្នា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងបញ្ហាប្រឈមមុខ បង្កឡើងដោយប្រទេសចិន។ របាយការណ៍របស់រដ្ឋាភិបាលក្រុងឡុដ៍ ក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារៈសំខាន់ សម្រាប់ការលើកកម្ពស់សង្គមជាចំហ និង ធន់ ការប្រឆាំងនឹងការគំរាមកំហែង តាមបណ្ដាញអ៊ិនធើរណេត និង ការវិនិយោគលើបច្ចេកវិទ្យាទំនើប។
ដោយឡែក ការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេស ចំពោះអង្គការណាតូ (NATO) ក៏បានបញ្ជាក់ជាថ្មី នៅក្នុងរបាយការណ៍ដដែលនោះដែរ ដោយសង្កត់ធ្ងន់ លើតម្រូវការសម្រាប់សម្ពន្ធមិត្ត នៅក្នុងការសម្របខ្លួន ទៅនឹងការផ្លាស់ប្តូរទិដ្ឋភាពសន្តិសុខ ហើយធ្វើការរួមគ្នា ទប់ស្កាត់ និងការពារប្រឆាំងនឹងការគំរាមកំហែងនានា ដែលនឹងអាចកើតឡើង។

លោក ជេមស៍ ក្លេវ័រលី (James Cleverly) រដ្ឋមន្រ្ដី ក្រសួងការបរទេស ចក្រភពអង់គ្លេស បានបញ្ជាក់ នៅក្នុងធ្វើបច្ចុប្បន្នភាពត្រួតពិនិត្យ ថ្លែងទៅកាន់សភា ថា «យើងមិនអាចងងឹតងងុល លើឥរិយាបថយោធា និង សេដ្ឋកិច្ចកាន់តែគឃ្លើនរបស់បក្សកុម្មុយនិស្តចិន នោះឡើយ។ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងតែបង្កភាពតានតឹង ជាមួយតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង។ ចិន តែងតែចាត់ទុកដែនកោះមួយនេះ ជាទឹកដីរបស់ខ្លួន ហើយព្យាយាមបង្កើនកម្លាំងសព្វាវុធ និង យោធា សម្រាប់គំរាមកំហែង ដល់ដែនកោះមួយនេះ»។
ចក្រភពអង់គ្លេស នឹងមានផែនការចំណាយបន្ថែម លើវិស័យការពារជាតិផ្សេងទៀត ចំនួន៥ពាន់លានផោន (លុយអង់គ្លេស) ឬ ប្រហែល៦ពាន់លានដុល្លារ នៅក្នុងរយៈពេល២ឆ្នាំខាងមុខនេះ។ ផែនការនេះ នឹងផ្ដោតទៅលើលើភាពធន់នឹងនុយក្លេអ៊ែ និង ការបំពេញបន្ថែមនូវគ្រាប់រំសេវ នៅក្នុងឃ្លាំង ដែលបាត់បង់។
បើតាមគេហទំព័រ Macrotrends (ម៉ាក្រូត្រែនដ៍) បានផ្សាយ ថា ចក្រភពអង់គ្លេស បានចំណាយលើវិស័យការពារជាតិ នៅក្នុងឆ្នាំ២០២១ មានទំហំទឹកប្រាក់ ៦៨,៣៧ពាន់លានដុល្លារ។ ចក្រភពអង់គ្លេស ក៏ជាមហាអំណាចយោធាលំដាប់លេខ៥ នៅលើពិភពលោក បន្ទាប់ពី សហរដ្ឋអាមេរិក រុស្ស៊ី ចិន និង ឥណ្ឌា៕ រក្សាសិទ្ធិដោយ ៖ សារាយSN



















