Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញគ្រឿងបរិក្ខារ ម៉ាស៊ីន អេឡិចត្រូនិច និងឧបករណ៍អគ្គិសនី មានការកើនឡើងឆាប់រហ័ស នៅដើមឆ្នាំ២០២៣

បើតាម លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឱ្យដឹងថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញ ម៉ាស៊ីន គ្រឿងបរិក្ខារអេឡិចត្រូនិច និងឧបករណ៍អគ្គិសនី ទទួលបានចំណូលសរុបជាទឹកប្រាក់ តម្លៃជាង ៤៥៧លានដុល្លារ កើនឡើង ៩៨.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានចំនួនត្រឹមតែជាង ២៣០លានដុល្លារ។

និយាយដោយយោងលើទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឧកញ៉ា លឹម ហេង បង្ហាញថា ការកើនឡើងនៃការនាំចេញបរិក្ខារផ្នែកអេឡិចត្រូនិក ឧបករណ៍អគ្គសនី គ្រឿងបង្គុំ និងបំណែកផ្សេងៗ ភាគច្រើនទត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប, ហើយវាបានឆ្លុះបញ្ចាំងពីកំណើនវិនិយោគក្នុងឧស្សាហកម្ម ធុនស្រាលរបស់កម្ពុជា ខណៈកម្ពុជាដាក់ឱ្យអនុវត្តច្បាប់វិនិយោគថ្មី ដែលលើកទឹកចិត្តដល់ការវិនិយោគ ក្នុងវិស័យអេឡិចត្រូនិក ដែលជាចំណុចទាក់ទាញអ្នកវិនិយោគឱ្យមកបណ្ដាក់ទុននៅកម្ពុជា ដើម្បីផលិត និងកែច្នៃ, ពោលគឺ ជាសញ្ញាមួយដ៏ល្អ សម្រាប់ផ្នែកឧស្សាហកម្មកែច្នៃ និងដំឡើងនៅកម្ពុជា។

ជប៉ុន និងចិនជាប្រភពទុនវិនិយោគសំខាន់ក្នុងវិស័យអេឡិចត្រូនិកនៅកម្ពុជា ខណៈដែលទីផ្សារនាំចេញសំខាន់ៗ មានដូចជា សហរដ្ឋអាមេរិក តំបន់អឺរ៉ុប អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។ កំណើននៃការវិនិយោគក្នុងវិស័យនេះ បានជំរុញឱ្យកម្លាំងពលកម្មកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់៧០ដង ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ដោយបច្ចុប្បន្ននេះកម្លាំងពលកម្មក្នុងវិស័យនេះមានប្រមាណ ៣ម៉ឺននាក់។

វិស័យអេឡិចត្រូនិកនៅតែមានភាពធន់ និងវិវត្តន៍ជាបន្តបន្ទាប់ គួបផ្សំនឹងកំណើនប្រជាជន មានកម្រិតជីវភាពមធ្យម តម្រូវការបរិក្ខារអេឡិចត្រូនិក បាន និងកំពុងកើនឡើងយ៉ាងរហ័ស ពិសេសក្នុងទីផ្សារកំពុងរីកលូតលាស់ដូចជាអាស៊ាន។ តាមការព្យាករណ៍របស់ស្ថាប័នស្រាវជ្រាវ ទីផ្សារបរិក្ខារអេឡិចត្រូនិកជាសាកល នឹងឈានដល់ ១.៤ទ្រីលានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ហើយអាស៊ានជាទីផ្សារ ដែលរីកលូតលាស់លឿនបំផុត សម្រាប់ឧបករណ៍អេឡិចត្រូនិក មានកំណើនជាមធ្យមប្រចាំឆ្នាំ ៦.៥% បន្ទាប់ពីប្រទេសប្រេស៊ីល និងឥណ្ឌា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយកំណត់ដាក់គោលដៅបង្កើនទំហំនាំចេញ ក្នុងវិស័យអេឡិចត្រូនិកឲ្យបាន ១៦០០លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជាង ១ម៉ឺនកន្លែង ត្រឹមឆ្នាំ២០២៧៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×