ភ្នំពេញ ៖ ជាការយកចិត្តទុកដាក់ និងការមិនទុកឱ្យជនពិការនៅឯកោនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់កូតារហូតដល់ ២% សម្រាប់ជ្រើសរើសជនមានពិការភាពឱ្យបម្រើការងារនៅក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ ហើយថែមទាំងអំពាវនាវដល់សហគមន៍ជាតិ និងអន្ដរជាតិ បន្ដរួមគ្នាអនុវត្តនូវគោលនយោបាយនានា ដើម្បីផ្ដល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីបើកសន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ បានថ្លែងទៀតថា ដោយបានគិតគូរល្អិតល្អន់នូវសុខុមាលភាព របស់ជនពិការភាព រាជរដ្ឋាភិបាលកម្ពុជា បានកំណត់កូតារហូតដល់ ២% សម្រាប់ជ្រើសរើសជនមានពិការភាពឱ្យបម្រើ ការងារនៅក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងការលើកកម្ពស់ជនពិការ។
វិស័យឯកជន ត្រូវបានលើកទឹកចិត្តជាពិសេសឱ្យទទួលយកជនមានពិការភាពបម្រើការងារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្តល់ឱកាសជនមានពិការភាព ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យបានកាន់តែទូលំទូលាយ។
បច្ចុប្បន្ន បញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយ បាននិងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាជនទូទៅ ជាពិសេសជនមានពិការភាព និងជនងាយរងគ្រោះដទៃទៀត។

សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការកោតសរសើរចំពោះជនមានពិការភាព និងភាគីពាក់ព័ន្ធ ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធាន ចូលរួមក្នុងសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ដ៏មានសារៈសំខាន់នេះ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីជនមានពិការភាព អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្តទីក្រុងអ៊ីនឈុន ដើម្បីផ្តល់សិទ្ធិពិតប្រាកដ ដល់ជនមានពិការភាព៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
























