រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលកើតមានឧប្បត្តិហេតុ យន្ដហោះចម្បាំងរបស់រុស្ស៊ី បានហោះហើរស្រោចសាំង ពីលើយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនដ៏ទំនើបរបស់សហរដ្ឋអាមេរិក នោះមក ប្រមុខមន្ទីរបញ្ចកោណ លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានចរចាដ៏កម្រមួយ ជាមួយនឹងលោករដ្ឋមន្រ្ដី ក្រសួងការពារជាតិរុស្ស៊ី។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ថា លោក ឡយដ៍ អូស្ទីន រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបន្ដហោះហើរ និងធ្វើប្រតិបត្ដិការនៅគ្រប់ទីកន្លែងស្របតាមច្បាប់អន្ដរជាតិ អនុញ្ញាតឲ្យ។ ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្ដី ក៏បានពិភាក្សាគ្នាជាមួយនឹងសមភាគីរុស្ស៊ីរបស់លោក គឺលោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) ក្រោយពេលកើតមានឧប្បត្តិហេតុធ្លាក់ដ្រូនរបស់សហរដ្ឋអាមេរិកចូលទៅក្នុងសមុទ្រខ្មៅ។ សកម្មភាពនេះ បានធ្វើឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ស្ដីបន្ទោសទៅដល់ក្រុងមូស្គូ។

ប្រមុខមន្ទីរបញ្ចកោណ រូបនេះ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ថា គាត់បាននិយាយជាមួយនឹងរដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី លោក ស៊ើរហ្គេ សយហ្គូ កាលពីថ្ងៃពុធ។ ប៉ុន្ដែលោករដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបដិសេធផ្ដល់ព័ត៌មានលម្អិត អំពីការពិភាក្សាគ្នានោះ។
កិច្ចពិភាក្សាកម្រិតកំពូលដ៏កម្រនេះ បានកើតឡើង ត្រឹមតែរយៈពេលមួយថ្ងៃ ក្រោយពេលក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិក បានអះអាង ថា យន្តហោះចម្បាំង ប្រភេទ Su-27 របស់រុស្ស៊ី បានហោះប៉ះទង្គិច ជាមួយនឹងយន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិក ដែលបង្ខំឱ្យពួកគេទម្លាក់ដ្រូននោះ មកក្នុងតំបន់សមុទ្រខ្មៅ។ ដោយឡែក ក្រុងម៉ូស្គូ បានបដិសេធ ថា យន្ដហោះចម្បាំងរបស់ខ្លួន មិនបានហោះប៉ះទង្គិចគ្នា ជាមួយនឹងដ្រូនរបស់អាមេរិក នោះឡើយ។
ឧប្បត្តិហេតុនេះ នឹងបង្ហាញជាការកត់សម្គាល់ ជាលើកដំបូង ខណៈទ្រព្យសម្បត្តិយោធារបស់សហរដ្ឋអាមេរិក និង រុស្ស៊ី បានប៉ះទង្គិចគ្នា ជាលើកដំបូង ចាប់តាំងពីសង្គ្រាមរបស់ក្រុងមូស្គូ បានផ្ទុះឡើង នៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ សកម្មបែបនេះ នឹងជំរុញឱ្យមានការព្រួយបារម្ភ អំពីការកើនឡើង នៃជម្លោះការទូត កាន់តែខ្លាំងឡើង រវាងប្រទេសមហាអំណាចទាំងពីរនេះ។

រដ្ឋាភិបាលក្រុងមូស្គូ បានច្រានចោលនូវការចោទប្រកាន់របស់សហរដ្ឋអាមេរិក ខណៈមន្ទីរបញ្ចកោណ បានអះអាង ថា ដ្រូន MQ-9 Reaper របស់ខ្លួន បានធ្វើសកម្មភាពហោះហើរ បំពេញបេសកកម្ម តាមទម្លាប់ធម្មតា។
យន្ដហោះគ្មាមនុស្សបើក ឬ ដ្រូន MQ-9 Reaper របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានផលិតឡើង ដោយក្រុមហ៊ុនអាមេរិក General Atomics។ ដ្រូន ប្រភេទនេះ ជួនកាលត្រូវគេហៅ អ្នកប្រមាញ់ដែនអាកាស ហើយបានបំពាក់ដោយមីស៊ីលភ្លើងនរក (Hellfire) រួមជាមួយនឹងគ្រាប់ភ្ជាប់ជាមួយភ្លើងឡាស៊ែរ ដើម្បីកំណត់លើគោលដៅនានា។

បើតាមរបាយការណ៍សេវាស្រាវជ្រាវរបស់សភាសហរដ្ឋអាមេរិក បានឲ្យដឹង ថា ក្រុមហ៊ុន General Atomics បានផលិតយន្ដហោះដ្រូន MQ-9 Reaper ចំនួន ៣៦០គ្រឿង ចាប់តាំងពីការចាប់ផ្ដើមការបង្ហាញមុនដំបូង នៅក្នុងអំឡុងឆ្នាំ២០០៧។
ដ្រូន MQ-9 Reaper របស់កងទ័ពអាកាស សហរដ្ឋអាមេរិក អាចហោះហើរ នៅក្នុងចម្ងាយ ១ ៨៥០គីឡូម៉ែត្រ និង មានល្បឿន ៤៨២គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ដ្រូនប្រភេទនេះ អាចហោះ នៅក្នុងរយៈកម្ពស់ ១៥គីឡូម៉ែត្រ និងមានទម្ងន់ ២ ២២៣គីឡូក្រាម ហើយកាលពីឆ្នាំ២០១៣ វាមានតម្លៃ ១៦,៩លានដុល្លារ ក្នុង១គ្រឿង៕ រក្សាសិទ្ធិដោយ ៖ សារាយSN










