ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ÷ ទមិឡឥតសាសនានៅឯក្រៅប្រទេស ចោទរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដុតព្រះរាជដំណាក់ខេត្តសៀមរាប សូមបារមីកុំប្រណី

ភ្នំពេញ ៖ ជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ ប្រមាណ៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវថ្វាយទៅដល់បារមីព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន ដែលចោទថា រាជរដ្ឋាភិបាល និងបក្សប្រជាជនកម្ពុជា ជាអ្នកដុតព្រះរាជដំណាក់ នៅខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់ក្រុមមន្ត្រី និងនិស្សិតថា ឥឡូវបញ្ហាឆេះព្រះរាជដំណាក់នៅខេត្តសៀមរាប គឺបកស្រាយត្រឹមតែកម្រិតនៃសេចក្តីប្រកាសរបស់ក្រសួងព្រះបរមរាជវាំង នោះបានហើយ កុំទៅហួសពីហ្នឹង ដូចដែលពួកទមិឡឥតសាសនា បកស្រាយពីខាងក្រៅថា នេះគឺជាការរៀបចំមួយរបស់គណបក្សប្រជាជន កម្ពុជា និងរាជរដ្ឋាភិបាល, ខ្ញុំសុំព្រះករុណាខ្ញុំអំពាវនាវថ្វាយទៅបារមីព្រះអង្គចេក ព្រះអង្គចម អ្នកណាបកស្រាយខុសសុំឱ្យព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណីអាពួកតិរច្ឆាននេះឱ្យសោះ, វាទៅជាថា រាជរដ្ឋាភិបាលជាអ្នកដុត វាទៅជាថា គណបក្សប្រជាជនកម្ពុជាជាអ្នកដុត, ចឹងទេ ឥឡូវយើងអត់មានធ្វើអីកើតទេ អានេះទាស់តែវានៅក្រៅប្រទេស បានវាហ៊ាននិយាយ។

ជាការឆ្លើយតបទៅនឹងពួកទមិឡឥតសាសនានៅក្រៅប្រទេស ដែលបានបកស្រាយមិនត្រឹមត្រូវរឿងឆេះព្រះរាជដំណាក់នៅខេត្តសៀមរាបនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញជាសំនួរត្រឡប់ទៅវិញថា នៅទីក្រុងប៉ារីស កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ បានឆេះសារមន្ទីរដែលមានតម្លៃជាង ៨០០លានដុល្លារ និងមានអាយុជាង៨០០ឆ្នាំនោះ តើប្រធានាធិបតី ម៉ាក្រុង ទទួលខុសត្រូវយ៉ាងមិច? តើគេមានចាប់ប្រធានាធិបតី ម៉ាក្រុងចុះចេញពីតំណែងដែរទេ?

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ថា តាមរយៈបច្ចេកវិទ្យាទំនើបរបស់ប្រទេសបារាំង ក៏នៅតែមិនអាចពន្លត់អគ្គិភ័យឆេះសារមន្ទីរនោះបានផង តែកម្ពុជាបានគ្រប់គ្រងសភាពការណ៍ឆេះព្រះរាជដំណាក់នេះត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ… យើងគិតមើលទៅ? បញ្ហាធំនៅពេលនេះ គឺការជួសជុលព្រះរាជដំណាក់ឡើងវិញ ខ្ញុំក៏បានអនុញ្ញាតឱ្យធ្វើការជួលជុលឡើងវិញភ្លាមៗផងដែរ តាមរយៈសំណើររបស់សម្តេចចៅហ្វាវាំង គង់ សំអុល។

អ្វីដែលរាជរដ្ឋាភិបាលខ្លាចបំផុត គឺគ្រោះមហន្តរាយកើតមានឡើងដូចជាការឆេះផ្ទះនេះឯង ដែលនៅក្នុងរដូវនេះ គឺមានបញ្ហាទុស្សេខ្សែភ្លើងបណ្តាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋច្រើនណាស់ ហើយខ្ញុំក៏បានអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ឱ្យបានខ្ពស់ លើបញ្ហាអគ្គិភ័យនេះឱ្យបានគ្រប់ពេលវេលាទាំងអស់។

ងាកមកព្រះរាជដំណាក់នៅឯខេត្តសៀមរាបវិញ ទោះបីជាមានការឆេះផ្នែកមួយ មិនមែនឆេះព្រះរាជដំណាក់ធំក៏ដោយ តែយើងមានការសោកស្តាយពីបញ្ហានេះ ក៏ប៉ុន្តែសុំកុំឱ្យទៅជ្រុលហួសពីអ្វីដែលបានកើតជាក់ស្តែង ហើយខ្ញុំនៅតែបន់ស្រន់ដល់ព្រះអង្គចេក ព្រះអង្គចម តាមកាច់កុំប្រណីជាមួយអ្នកដែលបំភ្លៃការពិតនេះឱ្យសោះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម