Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង១ឆ្នាំ កម្ពុជា អាចផលិតគ្រាប់ស្វាយចន្ទីបានជាង ១លានតោន ដែលគ្រាប់ស្វាយចន្ទីឆៅនាំចេញច្រើនជាងគ្រាប់កែច្នៃ

spot_img

ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជា មានផ្ទៃដីដាំដំណាំស្វាយចន្ទីទូទាំងប្រទេស សរុបប្រមាណ ៧០ម៉ឺនហិកតា ដែលអាចផលិតគ្រាប់ស្វាយចន្ទីបានជាង ១លាន ១សែនតោន ក្នុង១ឆ្នាំ។

យោងតាមទិន្នន័យសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា កម្ពុជាគឺជាប្រទេស ដែលដាំដុះ និងផលិតស្វាយ​ចន្ទីច្រើនជាងគេ ក្នុងតំបន់អាស៊ាន និងលើពិភពលោក។ ក្នុងមួយឆ្នាំៗ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅច្រើនជាងគ្រាប់កែច្នៃ ក្នុងរង្វង់ពី ៦០ម៉ឺន ទៅ ១លានតោន ដែលជាហេតុធ្វើឲ្យកម្ពុជា ត្រូវការការវិនិយោគលើការកែច្នៃបន្ថែម ដើម្បីកាត់បន្ថយការនាំចេញគ្រាប់ឆៅ និងទទួលបានតម្លៃបន្ថែម។

គ្រប់ស្វាយចន្ទី គឺជាដំណាំកសិឧស្សាហកម្មនៅកម្ពុជា ដែលមានសក្តានុពលក្នុងការផ្លាស់ប្តូរប្រទេសទៅជាអ្នកផ្គត់ផ្គង់គ្រាប់ធញ្ញជាតិធំមួយក្នុងពិភពលោក ប៉ុន្តែទាមទារការវិនិយោគលើឧបករណ៍កែច្នៃបន្ថែម។ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅបរទេស ដែលវៀតណាមជាទីផ្សារធំបំផុតសម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជា។គ្រាប់ស្វាយចន្ទីឆៅ ស្ទើរ១០០% នាំចេញទៅកាន់ទីផ្សារវៀតណាម ដែលមានប្រមាណជាង៦៦ម៉ឺនតោន។

ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា សម្តេចចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទីធំបំផុតនៅក្នុងពិភពលោក ហើយដើម្បីសម្រេចបានគោលដៅនេះ កម្ពុជា ត្រូវការវិនិយោគក្នុងដំណើរការហេដ្ឋារចនាសម្ព័ន្ឋ និងការគាំទ្រជាចាំបាច់។ សម្តេចតេជោ ហ៊ុន សែន​បានមានប្រសាសន៍ថាទិន្នផលគ្រាប់ស្វាយចន្ទីឆៅនៅទូទាំងប្រទេសបានឡើងដល់១,១៨ តោន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា ដំណាំស្វាយចន្ទី មានឥទ្ឋិពលក្នុងការវិនិយោគ។ កាលពីឆ្នាំ២០២២ កន្លងទៅ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅលក់នៅទីផ្សារអន្តរជាតិសម្រេចបានជាង ៦៧ម៉ឺនតោន គិតជាប្រាក់មានជាង ១ពាន់លានដុល្លារអាមេរិក ថយចុះជាង ៣៤% បើធៀបនឹងបរិមាណនាំចេញ កាលពីឆ្នាំ២០២១។

សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា នៅលើពិភពលោក ប្រទេសដែលដាំ និងផលិតស្វាយចន្ទី រួមមាន ប្រេស៊ីល សេណេហ្កាល់ ហ្គប៊ី ហ្គីណេ ហ្កាណា ហ្គីណេប៊ីស្ស៊ី កូតឌីវ័រ បេណាំង បួគីណាហ្វាសូ តង់សានី នីហ្សេរីយ៉ា កម្ពុជា ឥណ្ឌា វៀតណាម ឥណ្ឌនេស៊ី និងហ្វីលីពីន។

បើតាមសមាគមស្វាយចន្ទីកម្ពុជា ក្នុងឆ្នាំ២០២១ ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅ នៅលើពិភពលោកមានប្រមាណ ៥លានតោន ក្នុងនោះ កម្ពុជាផលិតបាន ១ ១៨០ ០០០ តោន  ស្មើនឹង២៤ នៃការផលិតសរុប ប្រទេសកូតឌីវ័រផលិតបាន ១ ១០០ ០០០តោន  ស្មើនឹង ២២% នៃការផលិតសរុប ប្រទេសឥណ្ឌាផលិតបាន ៨០០ ០០០តោន  ស្មើនឹង១៦%នៃការផលិតសរុប ប្រទេសវៀតណាម ផលិតបានប្រមាណ ៣៩៩ ០០០តោន ស្មើនឹង៨% នៃការផលិតសរុប រួមនឹងប្រទេសផ្សេងៗទៀត ដែលមានប្រមាណ១ ៥២៣ ២២២តោន៕

spot_img
×