រដ្ឋធានីបារីស៖ ការសម្រេចចិត្ដទាំងបង្ខំរបស់រដ្ឋាភិបាលបារាំង ដោយមិនមានការបោះឆ្នោត នៅក្នុងរដ្ឋសភា ជុំវិញកំណែទម្រង់ប្រាក់សោធននិវត្ដន៍ បាននាំឲ្យមានការផ្ទុះនូវការតវ៉ាយ៉ាងខ្លាំង រហូតមានការប៉ះទង្គិចគ្នា រវាងក្រុមអ្នកតវ៉ា និង សមត្ថកិច្ចប៉ូលិស ហើយមានការចាប់ខ្លួនមនុស្សចំនួន១២០នាក់។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ ថា ប៉ូលិសក្រុងប៉ារីស បានប៉ះទង្គិចគ្នា ជាមួយក្រុមអ្នកតវ៉ា ក្រោយពេលរដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំង លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) បានសម្រេចចិត្ត ទាំងបង្ខំ ជំរុញឲ្យមានកំណែទម្រង់ លើប្រាក់សោធននិវត្តន៍ ដោយគ្មានការឆ្លងកាត់នូវបោះឆ្នោត នៅក្នុងរដ្ឋសភា។

ហ្វូងមនុស្ស បានប្រមូលផ្តុំគ្នា នៅលើទីលានសាធារណៈមួយ ឈ្មោះ Place de la Concorde ស្ថិតក្នុងទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងការបង្កើននូវអាយុចូលនិវត្តន៍ ពីអាយុ៦២ឆ្នាំ ទៅ៦៤ឆ្នាំ។ ផែនការនេះ បានបង្កឱ្យមានការជជែកដេញដោលគ្នាយ៉ាងចម្រូងចម្រាស និង មានកូដកម្មខាងនយោបាយយ៉ាងក្តៅគគុក អស់រយៈពេលពីរខែមកហើយ។
នៅទីបំផុត នាយករដ្ឋមន្ត្រីបារាំង លោក អេលីសាបែត បូន (Élisabeth Borne) បានលើកយកមាត្រា ៤៩ កថាខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញបារាំង ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល សម្រេចចិត្ត ដោយមិនចាំបាច់ឆ្លងកាត់នូវការបោះឆ្នោត នៅក្នុងសភា។ ការសម្រេចចិត្តបែបនេះ បានធ្វើឡើងត្រឹមតែប៉ុន្មាននាទី មុនពេលសមាជិកសភា បានកំណត់ពេលបោះឆ្នោត លើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស ព្រោះវាមិនមានការធានា នៅក្នុងការឈ្នះសំឡេង ភាគច្រើន។
សកម្មភាពបែបនេះ បានបង្កឲ្យមានកំហឹង នៅក្នុងចំណោមអ្នកនយោបាយប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ម៉ាក្រុង។ ចំណែកអ្នកនយោបាយបារាំង ភាគច្រើន បានសើចចំអក ដល់លោកនាយករដ្ឋមន្ត្រីបារាំង និង លើកស្លាកតវ៉ា នៅក្នុងសភា។

ដោយឡែក លោក ម៉ារីន ឡឺ ប៉ែន (Marine Le Pen) មេដឹកនាំ បក្សប្រឆាំង ស្ដានិយម បានលើកឡើង ថា ចលនាគ្មានទំនុកចិត្ត នឹងត្រូវប្តឹង ប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ។
ស្របគ្នានេះដែរ លោកស្រី ម៉ាទីលដេ ប៉ាណូត (Mathilde Panot) មេដឹកនាំ គណបក្សឆ្វេងនិយម LFI បានសរសេរ នៅលើបណ្ដាញសង្គម ថា លោកប្រធានាធិបតី ម៉ាក្រុង បានធ្វើឲ្យមានវិបត្តិរដ្ឋាភិបាល ដោយគ្មានការឆ្លងកាត់សភា ឬ មិនមានភាពស្របច្បាប់។

ប្រជាជនបារាំង រាប់ពាន់នាក់ បានចេញមក តាមដងផ្លូវ នៅក្នុងទីក្រុងប៉ារីស និង ទីក្រុងផ្សេងៗទៀត បដិសេធនូវការផ្លាស់ប្តូរគោលនយោបាយបា្រក់សោធនិវត្ដន៍នេះ ដោយពួកគេបាននាំច្រៀងចម្រៀងជាតិ និង គ្រវីទង់សហជីព។ ចំណែក ក្រុមអ្នកតវ៉ាខ្លះ បានប៉ះទង្គិច ជាមួយប៉ូលិស ដែលប្រដាប់ដោយដំបង និង ខែលការពារ ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។
ដោយឡែក ប៉ូលិសក្រុងប៉ារីស បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីរាត្រី ថ្ងៃព្រហស្បតិ៍ ថា ប៉ូលិស បានចាប់ឃាត់ខ្លួនក្រុមអ្នកតវ៉ា ចំនួន១២០នាក់។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុមសហជីព នៅតែប្ដេជ្ញា រក្សានូវការតវ៉ារបស់ពួកគេ ប្រឆាំងនឹងសកម្មភាពផ្លាស់ប្ដូរប្រាក់សោធននិវត្ដន៍នេះ ហើយពួកគេនឹងបន្ដតវ៉ា រហូតដល់ថ្ងៃទី២៣ ខែមីនា៕ រក្សាសិទ្ធិដោយ ៖ សារាយSN














