Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការទទួលបានរតនសម្បត្តិវប្បធម៌ដូនតាខ្មែរត្រឡប់មកវិញ គឺជាសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការបណ្ដាប្រទេសជាមិត្ត

spot_img

ភ្នំពេញ ៖ ជាមួយទឹកចិត្តរំភើបរីករាយដោយស្មោះចំពោះវប្បធម៌ជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការបែកបាក់ និងសង្គ្រាមហែកហួរក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា មិនត្រឹមតែធ្វើឱ្យ ជាតិ អន់ថយ ប្រជាជនជួបភាពតោកយ៉ាកប៉ុណ្ណោះទេ សូម្បីតែវត្ថុបុរាណជាច្រើនដែលជារតនៈសម្បត្តិ របស់កម្ពុជាបន្សល់ទុកពីដូនតាខ្មែរ ក៏ត្រូវរសាត់អណ្តែត និងបាត់បង់អស់ជាច្រើន ។

ការថ្លែងបែបនេះរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ខណៈសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីទទួលរតនវត្ថុ របស់ខ្មែរមួយចំនួន ទើបនឹងទាមទារបានពីបរទេសមកវិញ, ដែលពិធីប្រគល់-ទទួលរៀបចំឡើងនៅវិមានសន្តិភាព។

ក្នុងទឹកចិត្តសោមនស្សរីករាយចំពោះការវិលត្រឡប់នៃព្រលឹងដូនតាខ្មែរ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ក្រោយពេលកម្ពុជារកបានសុខសន្តិភាព ជាតិត្រូវបានបង្រួបបង្រួម ប្រជាពលរដ្ឋមានសេរីភាពជ្រើសរើស , ការសម្រេចចិត្ត និងទទួលទានប្រកបរបរចិញ្ចឹមជីវិតតាមរៀងៗខ្លួន, ការបណ្ដាក់ទុនរកស៊ីរបស់ធុរជនជាតិ និងអន្តរជាតិ ធ្វើឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ទើរតែគ្រប់វិស័យ, រតនសម្បត្តិរបស់កម្ពុជា ដែលបានបាត់បង់ និងខ្លះបានបាត់បង់រាប់រយឆ្នាំមកហើយ ក៏ត្រូវបាននាំយកមកវិញជាបន្តបន្ទាប់ឱ្យកម្ពុជាផងដែរ។

ជាងនេះទៅទៀត សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលនាំឱ្យកម្ពុជាទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរត្រឡប់មកវិញ, ជាពិសេស ធ្វើឱ្យគ្រួសារអាទិទេព ព្រះឥសូរ ព្រះស្កន្ធ និងព្រះគណេស បានវិលជួបគ្នាវិញ ក្រោយបែកគ្នាប្រមាណ៤ទសវត្ស។

ជាមួយនឹងការថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរសហរដ្ឋអាមេរិក ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌របស់ខ្មែរនេះ, សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរ សូមប្រគល់មកឱ្យខ្មែរវិញ, និងសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ដែលថ្មីៗនេះបានសហការដ៏ល្អប្រសើរ និងជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់និងគ្រឿងអលង្ការ បុរាណខ្មែរត្រឡប់មកកម្ពុជាវិញ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការទទួលបាននូវរតនសម្បត្តិរបស់ដូនតាខ្មែរនេះ គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏ឧដុង្គឧត្តម មិនមែនសម្រាប់តែប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នេះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិនៅក្នុងយុទ្ធនាការសាកល ប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×