ពលរដ្ឋអាមេរិក អាយុ ៥៨ឆ្នាំម្នាក់ ដែលពុំត្រូវទម្លាយអត្តសញ្ញាណ បានត្រូវប៉ូលិសកូរ៉េខាងត្បូងចាប់ខ្លួនកាលពីព្រឹកថ្ងៃទី ១៣/១១ ព្រោះបានឆ្លងផុតព្រំដែនត្រួតពិនិត្យស៊ីវិល (CCL)នៅកៀកព្រំប្រទល់កូរ៉េទាំង២ ដោយពុំមានលិខិតស្នាម ក្នុងការប៉ុនប៉ងដើម្បីចូលទៅកាន់កូរ៉េខាងជើង។
ជាក់ស្តែងជនម្នាក់នេះ បានត្រូវចាប់ខ្លួនវេលាម៉ោង ៩និង៥៥នាទី ខណៈពេលដែលគាត់បានរំលោភបំពានលើផ្នែកខាងជើងនៃខ្សែក្រវ៉ាត់ត្រួតពិនិត្យនាប្រជុំជនព្រំដែន Yeoncheon ចម្ងាយពីក្រុងសេអ៊ូលប្រមាណ 62km ប៉ែកខាងជើង។ ពលរដ្ឋនៅប្រជុំជននេះ ម្នាក់បានឃើញ ហើយរាយការណ៍ប្រាប់ប៉ូលិស ប្រមាណ១ម៉ោង មុនពេលត្រូវចាប់ខ្លួន។
CCL ត្រូវបានកំណត់នៅកៀកតំបន់គ្មានយោធា ដែលបែងចែកកូរ៉េទាំង២ ពីទិសខាងកើតមកខាងលិច កាលពីឆ្នាំ ១៩៥៤ សម្រាប់ការពារសន្តិសុខដល់មូលដ្ឋានយោធាក៏ដូចជាសកម្មភាពយោធានៅទីនោះ។
ប្រភពព័ត៌មានឲ្យដឹងថា បុរសចំណាស់រូបនេះ មានសញ្ជាតិអាមេរិក មកពី Lousiana ហើយមកដល់កូរ៉េខាងត្បូងពី ៣ថ្ងៃមុន។
បច្ចុប្បន្នកងទ័ពនិងស្ថាប័នចារកម្មកូរ៉េខាងត្បូងកំពុងស៊ើបអង្កេតករណីនេះ៕ សូយន