បន្ទាប់ពីគ្រោះរញ្ជួយដីបំផ្លិចបំផ្លាញ ដែលបណ្តាលឱ្យមនុស្សជាច្រើនបាត់បង់ជីវិត និងផ្ទះសម្បែងរបស់ពួកគេ ឥឡូវនេះ ប្រជាជនទួរគី ត្រូវស៊ូទ្រាំនឹងគ្រោះធម្មជាតិទឹកជំនន់ដ៏ធ្ងន់ធ្ងរទៀតហើយ។
សារព័ត៌មាន Kampana News បានបង្ហោះនៅលើទំព័រ Twitter របស់ពួកគេ ដើម្បីបង្ហាញវីដេអូនៃទឹកជំនន់ ដែលអាចមើលឃើញរថយន្តជាច្រើនគ្រឿង ត្រូវបានចរន្តទឹកដ៏ខ្លាំងក្លា បោកបក់រសាត់អណ្តែតទៅឆ្ងាយដ៏រន្ធត់។
ពួកគេបានសរសេរថា៖ «ភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ នៅក្នុងតំបន់រញ្ជួយដីនៃ Şanlıurfa បានបង្កឱ្យមានទឹកជំនន់។ អភិបាលក្រុង Şanlıurfa លោក Salih Ayhan បានប្រកាសថា មនុស្ស ៤ នាក់ បានបាត់បង់ជីវិត»។
ប៉ុន្តែ បើយោងតាម BBC យ៉ាងហោចណាស់ មានមនុស្ស ១០ នាក់ បន្ថែមទៀត បានបាត់បង់ជីវិត ចាប់តាំងពីពេលនោះមក។
ជនរងគ្រោះមួយចំនួនដែលបានស្លាប់ក្នុងគ្រោះទឹកជំនន់ គឺជាមនុស្សដែលរស់នៅក្នុងធុងកុងតឺន័រប៉ុណ្ណោះអាសន្ន បន្ទាប់ពីពួកគេត្រូវបានទុកចោលគ្មានផ្ទះសម្បែង ដោយសារការរញ្ជួយដីភ្លោះ កាលពីខែកុម្ភៈ។
Melek Yildirim ជាពលរដ្ឋទួរគីម្នាក់ បាននិយាយថា៖ «ពេលខ្ញុំភ្ញាក់ពីដំណេក ផ្ទះរបស់យើងស្ថិតនៅក្រោមទឹក។ ស្ថានភាពគឺអាក្រក់នេះ យើងបានភ្លេចអ្វីៗទាំងអស់។ របស់របរប្រើប្រាស់ក្នុងផ្ទះ សូម្បីតែរថយន្តក៏ធ្លាក់ចូលទឹកដែរ។ ហេតុអ្វីព្រះមិនអនុញ្ញាតឱ្យយើងរស់នៅបានសុខអ៊ីចឹង!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



Deprem bölgesi #Şanlıurfa'da dün akşam saatlerinde başlayan sağanak yağış sele neden oldu. Şanlıurfa Valisi Salih Ayhan, dört kişinin hayatını kaybettiğini açıkladı. pic.twitter.com/iGMlLRZxjl
— Kampana News (@kampananews2022) March 15, 2023