Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភាកម្ពុជាសេចក្តីថ្លែងការណ៍ «ការឆ្លើយតបទៅនឹងសេចក្តីសម្រេចចិត្តលេខ 2023/2589 (RSP) របស់សភាអឺរ៉ុប

spot_img

ភ្នំពេញ ៖ សភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តលេខ 2023 / 2589 (RSP) របស់សភាអឺរ៉ុប ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដែលបង្ហាញពីការមិនគោរពរបស់សភាអឺរ៉ុប មកលើឯករាជ្យភាព និងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

សភាកម្ពុជាក៏បានច្រានចោល សេចក្តីសម្រេចចិត្តខាងលើនេះ ដែលមានខ្លឹមសាររំលោភបំពានយ៉ាងធ្ងន់ ធ្ងរ មកលើសិទ្ធិអធិបតេយ្យរបស់រដ្ឋជាសមាជិកមួយនៃអង្គការសហប្រជាជាតិ។ ដោយយោងលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងទិដ្ឋភាពច្បាប់រួមទាំងបទប្បញ្ញត្តិជាតិជាធរមានទាំងឡាយ ជាពិសេសក្រមរដ្ឋប្បវេណីនិងក្រមព្រហ្មទណ្ឌ យើងសូមបញ្ជាក់សារជាថ្មីម្តងទៀតនូវជំហរស្របគ្នាជាមួយនឹង ការ ឆ្លើយតប និងសេចក្តី ថ្លែងការណ៍ទាំងឡាយ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណា ចក្រ កម្ពុជា រួមទាំងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយបានសង្កត់ធ្ងន់ថា «ឧក្រិដ្ឋកម្មគឺជាឧក្រិដ្ឋកម្ម ហើយឧក្រិដ្ឋកម្មមិនអាចកែតម្រូវដើម្បី បុព្វហេតុ ផ្សេង នោះទេ»។

យើងសូមច្រានចោលទាំងស្រុងនូវការចោទប្រកាន់ទាំងឡាយ ដូចមានចែងក្នុងសេចក្តីសម្រេចចិត្តនេះ ហើយក៏សូម បរិហាទៅលើទង្វើរបស់ក្រុមសមាជិកសភាឆ្វេង និយម នៃ សភាអឺរ៉ុបមួយចំនួន ចំពោះការបំពាន នយោបាយ និង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋតូចជាង និង ទន់ខ្សោយ ជាង ដោយ មើលរំលងទាំងស្រុងនូវគុណតម្លៃនៃលិទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងនីតិរដ្ឋ ដែលកម្ពុជាបានប្រកាន់ ខ្ជាប់យ៉ាងម៉ឺងម៉ាត់។

សភាកម្ពុជាបានសង្កេតដោយយកចិត្តទុកដាក់យ៉ាងខ្លាំងថា សភាអឺរ៉ុប ជាពិសេសក្រុមអ្នកនយោបាយឆ្វេងនិយម ជ្រុល បាននិងកំពុងបំពងសម្លេង ក្នុងការយកកិច្ចការផ្ទៃក្នុងរបស់ប្រទេស ដទៃ មកធ្វើនយោបាយ ទោះ បី ជាត្រូវលះបង់ សន្តិភាព ស្ថិរភាព ភាពសុខដុមរមនាសង្គម និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម របស់ប្រទេស នោះក៏ដោយ។ ទោះបីជាមិនអាចទទួលយកបាននូវទង្វើជាន់ឈ្លីទាំងនេះក៏ដោយ ក៏យើងនៅតែ សម្តែងនូវការដឹងគុណចំពោះសភាអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប និងប្រជាជនអឺរ៉ុប សម្រាប់ការគាំទ្រដល់ ការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្តារឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ-១៩។

យើងផ្តល់តម្លៃលើមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រ កម្ពុជា និងសហភាពអឺរ៉ុប ដែលបានរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហភាពអឺរ៉ុប ដែលកសាងផ្អែកលើសសរស្តម្ភនៃភាពជាដៃគូស្មើភាព និងអធិបតេយ្យស្មើភាព។ យើងសូមរំលឹកឡើងវិញផងដែរ នូវតួនាទីស្ថាបនារបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ពហុភាគីនិយម និងនីតិរដ្ឋ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងលទ្ធផលដ៏ប្រពៃនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើក ទី១១ (ASEP11) ក្នុងឆ្នាំ២០២១ និងកិច្ចសន្ទនាលើកទី២ រវាងសភាអឺរ៉ុប និងអន្តរសភាអាស៊ាន (AIPA) ក្នុងអំឡុងពេលមហាសន្និបាត AIPA លើកទី៤៣ នៅឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ផ្អែកលើមូលដ្ឋាននេះ យើងសូមទទូចឱ្យសមាជិកសភាអឺរ៉ុបទាំងអស់ ដែលមកពីក្រុមផ្សេងៗគ្នា ខិតខំប្រឹងប្រែងលើកកម្ពស់នូវកិច្ចសន្ទនាស្មោះត្រង់ បើកចំហរ និងបរិយាប័ន្ន ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីបុព្វហេតុនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួម៕ រក្សាសិទ្ធិដោយ:ចេស្តារ

spot_img
×