បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មុននេះបន្តិច បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ពិតជាបានប្រព្រឹត្តឧក្រិដ្ឋម្មសង្រ្គាម ហើយការសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនលោក ពូទីន គឺជារឿងសមហេតុសមផល, ប៉ុន្តែវាផ្ទុយស្រឡះពីទីក្រុងមូស្គូទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី បានច្រានចោលទាំងស្រុងតែម្ដង។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ បានប្រកាសចេញដីកាចាប់ខ្លួន លោក ពូទីន ប្រធានាធិបតីរុស្ស៉ី ក្រោមបទពាក់ព័ន្ធករណីចាប់បញ្ជូនកុមារដ៏ដូចជាមនុស្សពេញវ័យដោយខុសច្បាប់ ចេញពីទឹកដីរបស់អ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៉ី ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់ ទីក្រុងមូស្គូនៅប្រទេសអ៊ុយក្រែនជិតខាងខ្លួន បានចាប់ផ្តើមកាលពីជាងមួយឆ្នាំមុននេះ។
លោក បៃដិន បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក ពូទីន ច្បាស់ណាស់ពិតជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ហើយ ខ្ញុំយល់ថា ដីកាចាប់ខ្លួនរបស់ ICC ទៅលើ លោក ពូទីន គឹជារឿងសមហេតុសមផល, ប៉ុន្តែសំណួរស្ថិតត្រង់ថា ដីកានេះមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិទេ សូម្បីតែពួកយើងផ្ទាល់។ យ៉ាងណាក្តី ខ្ញុំយល់ថា វាគឺជាការបង្ហាញគោលជំហរដ៏រឹងមាំមួយរបស់តុលាការផងដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៉ី សុទ្ធតែមិនមែនជាភាគី នៅក្នុងតុលាការ ICC ឡើយ ប៉ុន្តែដីការបស់តុលាការអន្តរជាតិនេះ នឹងតម្រូវឱ្យរដ្ឋចំនួន១២៣ ដែលជាសមាជិករបស់ ICC មានកាតព្វកិច្ចចាប់ខ្លួន លោក ពូទីន ហើយធ្វើបត្យាប័នរូបលោកមកកាន់ទីក្រុងឡាអេ ដើម្បីប្រឈមការកាត់ក្តី ប្រសិនបើមេដឹកនាំរុស្ស៉ីរូបនេះ ឈានជើងជាន់ក្នុងទឹកដីរបស់ពួកគេ។
ICC ក៏បានចេញដីកាចាប់ខ្លួនក្រោមបទចោទប្រកាន់ដូចគ្នា សម្រាប់ លោកស្រី ម៉ារៀ ឡូវ៉ា-បេឡូវ៉ា ដែលជាមន្រ្តីទទួលបន្ទុកសិទ្ធិកុមាររបស់រុស្ស៉ីផងដែរ។
ការចេញដីការបស់ ICC ទីក្រុងឡាអេនេះ ត្រូវបាន រុស្ស៉ី បដិសេធម្តងហើយម្តងទៀត ចំពោះការចោទប្រកាន់ដែលថា កងកម្លាំងខ្លួនបានប្រព្រឹត្តអំពើឃោរឃៅផ្សេងៗ ខណ:ពេលសង្រ្គាមនៅអ៊ុយក្រែន។ រីឯកាលពីថ្ងៃសុក្រ ទី១៧ ខែមីនា កន្លងមក វិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការណ៍ថា ដីកាចាប់ខ្លួនរបស់ ICC ប្រឆាំងនឹង លោក ពូទីន គឺជារឿងជ្រុលហួសហេតុ និងគ្មានន័យអ្វីបន្តិចឡើយចំពោះរុស្ស៉ី, តើ ICC មានយល់អំពីការប៉ះទង្គិចយោធា និងសង្គ្រាមទេ?!៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN




