Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវក្តីបារម្ភអំពីលទ្ធភាព ផ្ទុះឡើងនូវសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន ប្រធានាធិបតីរុស្ស៉ី

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះតាមរយៈបណ្តាញតេឡេក្រាមផ្លូវការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការចោទប្រកាន់របស់ ICC លើលោកប្រធានាធិបតីពូទីននេះ គឺជាការវិវត្តផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយមានផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក។

សម្តេចតេជោបន្តថា រឿងនេះក៏នឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការស្វែងរកសន្តិភាពក្នុងសង្គ្រាមអ៊ុយក្រែន ពិសេសមុនពេលលោកប្រធានាធិបតី Xi Jinping នឹងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដែលត្រូវបានគេរំពឹងថា លោកនឹងធ្វើការសម្រុះសម្រួលដើម្បីសន្តិភាព។

សម្តេចតេជោ បានគូសរំលេចដែរថា ប្រទេសចិនខ្លួនឯងក៏ត្រូវបានគេចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចធ្វើការចរចាសន្តិភាពបានដោយរបៀបណានៅពេលដែលភាគីម្ខាងទៀតគំរាមចាប់ខ្លួនគាត់?
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី បច្ចុប្បន្ន មានប្រទេសចំនួន ១២៣ ជាសមាជិកនៃ ICC ខណៈដែលប្រទេសធំៗដូចជា អាមេរិក រុស្ស៉ី ឥណ្ឌា និងចិន មិនបានចូលជាសមាជិកទេ។

ឯលោកប្រធានាធិបតី Duterte បានដកសមាជិកភាពរបស់ហ្វីលីពីនចេញពី ICC ក្នុងឆ្នាំ២០១៩។
សម្តេចតេជោ បានបញ្ជាក់ថា ICC មិនមានអំណាចក្នុងការចាប់ខ្លួនជនសង្ស័យណាមួយ ដោយគ្មានកិច្ចសហការពីរដ្ឋាភិបាលរបស់សាមីប្រទេសបានទេ។ ក៏ប៉ុន្តែ ដីកាចាប់ខ្លួនរបស់ ICC នេះ នឹងធ្វើឱ្យពិភពលោកកាន់តែបែកបាក់ នៅពេលដែលពិភពលោកត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាសកលរួម ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លង។

ផ្ទុយទៅវិញ ដីកាចាប់ខ្លួនរបស់ ICC នេះ វាអាចនឹងធ្វើឱ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។
សម្តេចតេជោ បានចោទជាសំណួរថា តើលោក ពូទីន សុខចិត្តឱ្យគេចាប់ខ្លួនដោយមិនបានតទល់ ឬយ៉ាងណា? ប្រសិនបើលោក ពូទីន ត្រូវបានគេចាប់ខ្លួននៅក្រៅប្រទេស តើអ្នកទទួលខុសត្រូវនៅក្នុងប្រទេសសុខចិត្តឱ្យគេចាប់ប្រធានាធិបតីរបស់ខ្លួនឬទេ? ចំណុចនេះ ហើយ គឺជាចំណុចដែលឥឡូវនេះសង្គ្រាមនុយក្លេអ៊ែរស្ទើរតែក្លាយទៅជាការពិតទៅហើយ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការគំរាមកំហែងណាមួយទៅលើ ពូទីន ច្បាស់ណាស់ថាសង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះ ហើយនឹងចាប់ផ្ដើមនៅក្នុងតំបន់អឺរ៉ុបតែម្ដង ហើយអ្នកដែលគ្រោះថ្នាក់ប្រហែលជារាប់ទាំងទីស្នាក់ការរបស់ ICC ក៏មិនដឹង ព្រោះប្រតិបត្តិការនុយក្លេអ៊ែរមិនមែនត្រឹម២០-៣០គីឡូម៉ែត្រនោះទេ គឺច្រើនរហូតដល់រាប់ពាន់គីឡូម៉ែត្រ។
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួន លោក វ៉្លាឌីំមៀ ពូទីន ដោយចោទប្រកាន់ អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅប្រទេសអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×